ប្រហោង​ខ្មៅ​ខ្នាត​យក្ស​បាញ់​ចង្កោម​ថាមពល​កម្រិត​ខ្ពស់​សំដៅចំ​ផែនដី

បេសកកម្ម​មួយ​របស់​ណា​សា ធ្វើការ​សង្កេតមើល​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​មួយ​ដែល​បាញ់​ចង្កោម​រលក​ថា​ម​ពល​កម្រិត​ខ្ពស់​សំដៅចំ​ផែនដី​ពី​ចម្ងាយ 400 លាន​ឆ្នាំ​ពន្លឺ។

បណ្ដា​ប្រហោង​ខ្មៅធំៗដែល​កំពុង​ធ្វើ​សកម្មភាព ហើយ​មាន​ថាស​វត្ថុ​ធាតុ​វិលជុំ​វិញ គេ​ហៅថា Accretion disk (ថាស​បន្ថែម​ថាមពល) ដែលជា​ប្រភព «ចំណី» សម្រាប់​ការពង្រីក​មាឌ​របស់​ប្រហោង​ខ្មៅ។ វត្ថុ​ធាតុ​ខ្លះ​ដែល​ប្រហោង​ខ្មៅ​មិនអាច​លេប​បាន​ទាំងអស់ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប៉ូល​នានា ហើយ​ក្រោយមក​ក៏​បាញ់​ចេញទៅ​ក្រៅ​ក្នុង​ល្បឿន​ជិត​ស្មើនឹង​ល្បឿន​ពន្លឺ។

ដំណើរការ​ខាងលើនេះ បង្កើតបានជា​វិទ្យុសកម្ម​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ដែលមាន​ពន្លឺ​ភ្លឺ​ខ្លាំង និង​មាន​ថាមពល​ខ្ពស់។ នៅក្នុង​ករណី​ដែល​ណា​សា​ទើបតែ​បាន​រកឃើញ​នាពេលថ្មីៗនេះ ចង្កោម​ពន្លឺ​កំពុង​ជះ​មកកាន់​ផែនដី​នៅក្នុង​ព្រឹត្តិការណ៍​ដែល​អ្នកវិទ្យាសាស្ត្រ​ហៅថា blazar។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 30 កក្កដា 2023។

រូបភាព​បង្ហាញ​ពី​ចង្កោម​ពន្លឺ​ដែល​ជះ​ពី blazar Markarian 421

Blazar ដែលមាន​ឈ្មោះថា Markarian 421 ស្ថិតនៅក្នុង​កញ្ចុំ​ផ្កាយ Ursa Major ត្រូវបាន​សង្កេត​ដោយ​បេសកកម្ម Imaging X-ray Polarimetry Explorer (IXPE) របស់​ណា​សា ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ 2021។

ចង្កោម​ពន្លឺ blazar ខាងលើ អូសបន្លាយ​យ៉ាង​វែង​នៅក្នុង​ទី​អវកាស​ក្នុង​រយៈ​ចម្ងាយ​រាប់លាន​ឆ្នាំ​ពន្លឺ ប៉ុន្តែ​ដើមហេតុ​ដែល​បង្កើត​វា​ឡើង មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ។

អ្នកវិទ្យាសាស្ត្រ​ក៏​គ្រោង​នឹង​បន្ត​សង្កេតមើល Markarian 421 ក៏ដូចជា​កំណត់​អត្តសញ្ញាណ​របស់ balzar ដទៃទៀត​ដែលមាន​ចំណុច​ពិសេស​ដូចគ្នា Markarian 421 ដើម្បី​ស្វែងយល់​អំពី​យន្តការ​នៅ​ពីក្រោយ​បាតុភូត​នេះ៕

Advertisement