Tag: ថវិកា

  • ក្រុម​ហ៊ុន​ហូឡង់​រក​វិធី​បង្ក​កំណើត​​ទារក​ដំបូង​គេ​ក្នុង​ទីអវកាស​

    ក្រុម​ហ៊ុន​ហូឡង់​រក​វិធី​បង្ក​កំណើត​​ទារក​ដំបូង​គេ​ក្នុង​ទីអវកាស​

    ក្រុម​ហ៊ុន​ Spaceborn United របស់​អ្នក​ជំនួញជនជាតិ​ហូឡង់ Egbert Edelbroek កំពុង​សិក្សា​ស្រាវជ្រាវ​ដើម្បី​​បង្ក​កំណើត​ និង​បង្កើត​ទារក​តាម​ធម្មជាតិ​ នៅ​ក្នុង​បរិស្ថាន​ដែល​មាន​កម្លាំង​ទំនាញខ្សោយ​ដូច​នៅ​លើ​ភព​អង្គារ​។

    បើ​ទោះ​ជា​មាន​ឧបសគ្គ​ច្រើន​​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​សម្រេច​គោលដៅ​ខាង​លើ​ ប៉ុន្តែ លោក Edelbroek ជឿ​ថា លោក​អាច​មើល​ឃើញ​ទារក​ដំបូង​ដែលបង្ក​​កំណើត​ក្នុង​ទីអវកាស​។ នេះ​បើ​តាម AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 14 វិច្ឆិកា 2023​។

    «មនុស្ស​ជាតិ​ត្រូវ​តែ​ជា​សត្វ​លោក​ដែល​រស់​នៅ​ក្នុង​អន្តរភព។ បើ​សិន​ជា​ចង់​រស់​នៅ​ដោយ​ឯករាជ្យ​នៅ​ខាង​ក្រៅ​ផែនដី យើង​ត្រូវ​ការ​ដោះ​ស្រាយ​បញ្ហា​នៃការ​បន្ត​ពូជ» លោក Edelbroek សង្កត់​ធ្ងន់ដូច្នេះ​។

    ការ​បង្ក​កំណើត​ក្នុង​ទីអវកាស​ មាន​ឧបសគ្គ​ច្រើន​។ ឧបសគ្គ​ចម្បង​គេ​គឺ​កង្វះ​កម្លាំង​ទំនាញ​ ធ្វើ​ឱ្យ​គូស្នេហ៍​ងាយ​នឹង​អណ្តែត​ឆ្ងាយ​ពីគ្នា​ ដូច្នេះ Spaceborn United គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ស្វែង​រក​វិធី​បង្ក​កំណើត​នៅ​ទីអវកាស​។

    យោង​តាម​លោក Edelbroek ឧបសគ្គ​មួយ​ទៀត​ នោះ​គឺ​ធាតុ​រាវ​របស់​រាង​កាយ​នឹង​ត្រូវ​បាន​រុញ​ច្រាន​ឡើង​ទៅលើ​ នៅ​ក្នុង​បរិស្ថាន​កម្លាំង​ទំនាញ​ទាប​ ដែល​ផ្ទុយ​ពី​នៅ​លើ​ផែនដី​។ ដូច្នេះ ជា​ដំបូង​ មនុស្ស​ត្រូវ​ការ​បង្កើត​បរិស្ថាន​មួយ​ដែល​ល្អ​ឥតខ្ចោះ​។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​ស្វែងយល់​អំពីវិធី​បង្ក​កំណើត​ក្នុងបន្ទប់​ពិសោធន៍​ដែល​មាន​កម្លាំង​ទំនាញ​ផែនដី​ទាប​ ប៉ុន្តែ លោក Edelbroek និយាយ​ថា គម្រោង​បាញ់​បង្ហោះ​កោសិកា​កណ្ដុរ​ទៅ​ពិសោធ​ក្នុង​ទីអវកាស​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​។ បន្ទាប់មក ក្នុង​រយៈ​ពេល​ពី 5 ដល់ 6 ឆ្នាំ​ទៀត ក្រុម​ហ៊ុន​នេះ​នឹង​ពិសោធ​លើ​កោសិកា​មនុស្ស។

    បញ្ហា​សីលធម៌​គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ការ​បង្ក​កំណើត​ក្នុង​ទី​អវកាស​ ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​បណ្ដា​ក្រុម​ហ៊ុន​ឯកជន​ដូច​ Spaceborn ជំនួស​ឱ្យ​ណាសា ដែល​រារែក​ក្នុង​ការ​ផ្ដល់​ថវិកា​សម្រាប់​ប្រធានបទ​ «រសើប»​។ ក៏ប៉ុន្តែ លោក Edelbroek ជឿ​ថា នឹង​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​បង្កើត​ទារក​ដំបូង​ដែល​បង្ក​កំណើត​ក្នុង​អវកាស​ មុន​ពេល​លោក​ទទួល​មរណភាព​៕

  • ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ស្ពានកោះពេជ្រ – កោះនរា នឹងធ្វើ​នៅថ្ងៃទី 15 ខែ​នេះ

    ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ស្ពានកោះពេជ្រ – កោះនរា នឹងធ្វើ​នៅថ្ងៃទី 15 ខែ​នេះ

    នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023 ស្ពានបេតុងខ្សែកាបឆ្លងទន្លេ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍​កោះនរា នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ខាង​លើ​នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក កើត ឆែ អភិបាល​រង​រាជធានី​ភ្នំ​ពេញ ក្នុងពេលអញ្ជើញជាអធិបតីភាពសម្ពោធបើកឱ្យ​ដំណើរការអគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ កាលពីថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023។

    ស្ពានកោះពេជ្រ – កោះនរា ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី 20​ ខែតុលា ឆ្នាំ 2023 ដើម្បីបញ្ជៀស​ការកកស្ទះចរាចរណ៍​នៅស្ពានព្រះមុនីវង្ស និងស្ពានអាកាសក្បាលថ្នល់។ បច្ចុប្បន្ន ស្ពាន​នេះ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន ពិសេស​គឺពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ផ្សារ​ច្បារ​អំពៅ​នា​ពេល​កន្លង​។ ស្ពាន​នេះ​ក៏​កំពុង​តែ​ក្លាយ​ជា​​ស្ពាន​ដ៏​សំខាន់​ដែល​តភ្ជាប់​ទីក្រុង​រណប​កោះ​នរា ក៏​ដូច​ជា​​ផ្លូវជាតិ​លេខ 1​ ទៅ​នឹង​​ចំណុច​កណ្តាល​នៃ​រាជធានីភ្នំពេញ។

    ស្ពានដែល​សាងសង់​ដោយ​ក្រុម​ហ៊ុន OCIC និង​មានបណ្ដោយ 824 ម៉ែត្រ និងទទឹង 24.50 ម៉ែត្រនេះ ត្រូវ​បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2020 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការ​សាងសង់​ស្ពាន​នេះ​ត្រូវ​ចំណាយថវិកាសរុបចំនួន 38 លានដុល្លារអាម៉េរិក​។

  • ​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ព្រះ​អាទិត្យ​អណ្ដែត​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​សម្ពោធ​

    ​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ព្រះ​អាទិត្យ​អណ្ដែត​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​សម្ពោធ​

    កាលពី​ថ្ងៃទី 09 វិច្ឆិកា 2023 ឥណ្ឌូណេស៊ីបាន​សម្ពោធ​បើក​ដំណើរ​ការ​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​អណ្ដែត តម្លៃ​ 100 លាន​ដុល្លារ​អាម៉េរិក​ ដែល​នេះ​គឺជា​ការ​បោះជំហាន​ធំ​មួយ​ក្នុង​ដំណើរ​ងាក​ទៅ​រក​ថាមពល​បៃតង​ ថាមពល​កកើត​ឡើងវិញ​។

    ស្ថានីយ​ផលិត​អគ្គិសនីដែល​ទើប​ត្រូវ​បាន​សម្ពោធ​ និង​​មាន​ឈ្មោះ​ថា Cirata នេះ គ្រោង​នឹង​ផលិត​អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​មនុស្ស​ 50,000 គ្រួសារ​។ ស្ថានីយ​នេះ​ត្រូវ​បាន​សាងសង់​លើ​បឹង​មួយ​ដែល​មាន​ទំហំ​ 200 ហិកតា​ នៅ​ Java ខាង​លិច​ ដែល​​មាន​ចម្ងាយ​ពី​រដ្ឋធានី​ហ្សាការតា​ប្រហែល 130 គីឡូម៉ែត្រ​។

    គម្រោង​នេះ​គឺជា​កិច្ច​សហការ​រវាង​ក្រុម​ហ៊ុន​អគ្គិសនី​ជាតិ​ឥណ្ឌូណេស៊ី Perusahaan Listrik Negara (PLN) និង​ក្រុម​ហ៊ុន​ Abu Dhabi Masdar ដោយ​ចំណាយ​ថវិកា​ប្រហែល 100 លាន​ដុល្លារ​អាម៉េរិក និង​ចំណាយ​ពេល​សាង​សង់​ 3 ឆ្នាំ​។ ស្ថានីយ​នេះ​មាន​ផ្ទាំង​សូឡា​ប្រហែល 340,000 ផ្ទាំង​។

    បច្ចុប្បន្ន Cirata អាច​ផលិត​អគ្គិសនី​បាន 192 មេហ្គាវ៉ាត់ (MW) ហើយ​គ្រោង​នឹង​ពង្រីក​ឱ្យ​បាន 500 MW នា​ពេល​ខាង​មុខ​ និង​ 1,000 MW នៅ​ទីបញ្ចប់។ គម្រោង​នេះ​រួម​ចំណែក​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​បាន​កំណត់​គោល​ដៅ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់មក​នៅ​ស្មើ​សូន្យ​ចាប់​ពី​ឆ្នាំ​ 2060​៕

  • កម្ពុជា​ បាន​កំណត់​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​​ការ​ចាយ​វាយក្នុង​​​​ឆ្នាំ 2024

    កម្ពុជា​ បាន​កំណត់​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​​ការ​ចាយ​វាយក្នុង​​​​ឆ្នាំ 2024

    យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ពុជា​ ត្រៀមចំណាយថវិកាសម្រាប់ការ​ចាយ​វាយ​ក្នុង​ឆ្នាំ 2024 ចំនួន 38 ពាន់ពាន់លានរៀល ឬប្រមាណ 9.4 ពាន់លានដុល្លារ​អាម៉េរិក​។

    ថវិកា​សម្រាប់​ការ​ចាយ​វាយ​នៅថ្នាក់ជាតិក្នុង​ឆ្នាំ 2024 ត្រូវ​បាន​កំណត់​ត្រឹម​ 34 ពាន់​​ពាន់លានរៀល ថយចុះ ​5.8% បើធៀបនឹង​ឆ្នាំ 2023 ខណៈដែល​ការចំណាយនៅថ្នាក់ក្រោមជាតិ ត្រូវ​បាន​កំណត់​ត្រឹម​ 4 ពាន់​ពាន់​លាន​រៀល កើនឡើង 6.6%។

    រាជ​រដ្ឋាភិបាលកម្ពុជា​ ក៏បានកំណត់វិស័យអាទិភាពចំនួន​បួន​នៅ​ក្នុង​​ការ​ចំណាយ​ខាងលើ​នេះ​​ រួម​មាន​ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យការងារ និងវិស័យសង្គមកិច្ច។ នេះ​បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024​​៕

  • ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

    ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

    បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​ជាង​គេ​នៅ​តាម​បណ្ដា​ប្រទេស​ជាសមាជិក ​សហភាព​​អឺរ៉ុប​នឹង​​អាច​ប្រមូល​ថវិកា​បាន​ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    គំនិត​ខាងលើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៃ​​ក្រុម​សម្ព័ន្ធ​សេរីភាព​របស់​សភា​អឺរ៉ុប​ដែល​ទើប​តែត្រូវ​បាន​ប្រកាសបន្ទាប់​ពី​​អ្នក​សេដ្ឋកិច្ច និង​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G20 នៅ​ញូវដែលីប្រទេស​ឥណ្ឌាកាល​ពី​ពីរ​សប្ដាហ៍​មុន​នោះ​​ បាន​​អំពាវនាវ​ឱ្យ​មាន​ការ​យក​ពន្ធ​លើ​ក្រុម​អ្នក​មាន​កំពូល​ៗ​។

    យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​ បើ​សិន​រដ្ឋយក​ពន្ធលើ​ទ្រព្យ​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហភាព​នេះ​នឹង​ប្រមូល​ប្រាក់​បាន​ជាង 213 ពាន់​លាន​អឺរ៉ូ (ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ជា​រៀង​រាល់​ឆ្នាំ​។ ក្រុម​មនុស្ស​ 0.5% នេះ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ជិត 20% របស់​អឺរ៉ុប​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រព្យ 3.5% របស់​ក្រុម​ពលរដ្ឋប្រហែល​ពាក់​កណ្ដាល​ដែល​​​ក្រីក្រ​បំផុត​។ ជាង​នេះ ទ្រព្យ​របស់​ក្រុម​អ្នក​មាន 0.5% ក៏​បាន​កើន​ 35% ក្នុង​ដប់​ឆ្នាំ​កន្លង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ទទួល​​បាន​​សិទ្ធិ​​ចាត់​ចែង​​ដោយ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បណ្ដាញ​យុត្តិធម៌​ពន្ធដារ​។

    ប្រទេស​អាល្លឺម៉ង់ និង​បារាំង​នឹង​ប្រមូល​ប្រាក់​បាន​ច្រើន​ជាង​គេ​បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​អ្នក​មាន​ ក្នុង​នោះ អាល្លឺម៉ង់​នឹង​ទទួល​បាន​ជាង 65 ពាន់​លាន​អឺរ៉ូ (69.3 ពាន់​លាន​ដុល្លារ​អាម៉េរិក) ចំណែក​បារាំង​នឹង​ទទួល​បាន​ជាង 46 ពាន់​លាន​អឺរ៉ូ (49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ នៅ​អឺរ៉ុប​ខាង​ត្បូង ប្រទេស​អ៊ីតាលី​នឹង​ប្រមូល​ប្រាក់​ពន្ធ​នេះ​បាន​ 27.2 ពាន់​លាន​អឺរ៉ូ (28.9 ពាន់​លាន​ដុល្លារ​អាម៉េរិក) ស្រប​ពេល​ដែល​ព័រទុយហ្កាល់​​នឹង​ប្រមូល​បាន 3.7 ពាន់​លាន​អឺរ៉ូ និង​ក្រិក​​ប្រមូល​បាន​ 1.4 ពាន់​លាន​អឺរ៉ូ (1.49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    រូបមន្ត​នៃ​ការ​យក​ពន្ធ​លើ​អ្នក​មាន​ដែល​ត្រូវ​បាន​ស្នើ​ដោយ​ក្រុម​សម្ព័ន្ធ​សេរីខាងលើ​ មិន​ដូច​ទៅ​នឹង​រូបមន្ត​យក​ពន្ធ​លើ​អ្នក​មាន​នៅ​​អេស្ប៉ាញ​ ឬ​ពន្ធ​អចលនទ្រព្យ​របស់​បារាំង​នោះឡើយ។ សំណើ​ពន្ធ​នេះ​នឹង​អនុវត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ​គ្រប់ប្រភេទ តាំង​ពី​អចលនទ្រព្យ​ ប្រាក់​ផ្ញើនៅ​ធនាគារ ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ រហូត​ដល់​ស្នាដៃ​សិល្បៈ​។

    បើ​សិន​ជា​ត្រូវ​បាន​អនុវត្ត ខ្ទង់ប្រាក់​ដែល​បាន​ពី​ពន្ធ​ទ្រព្យ​អ្នក​មាន​នេះ​នឹង​រួម​ចំណែក​​ 1.35% នៃ​ GDP របស់​សហភាព​អឺរ៉ុប​។ នេះ​មិន​ទាន់​និយាយ​ដល់​ឥទ្ធិពល​បន្ថែម​ដែល​កើត​ឡើង​ក្នុង​ពេល​ដោះ​ស្រាយ​បញ្ហា​គេច​ពន្ធ​របស់​បុគ្គល​អ្នក​មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មិនយក​ពន្ធ ឬ​យក​ពន្ធ​តិចតួច​លើ​ទ្រព្យ​សម្បត្តិ​៕

  • ​​​​​ឥណ្ឌា​នឹង​បង្ហោះ​យាន​អវកាសទៅ​​ស្រាវជ្រាវ​ព្រះ​អាទិត្យ​ឆាប់​ៗ​នេះ

    ​​​​​ឥណ្ឌា​នឹង​បង្ហោះ​យាន​អវកាសទៅ​​ស្រាវជ្រាវ​ព្រះ​អាទិត្យ​ឆាប់​ៗ​នេះ

    បន្ទាប់​ពី​បាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​ដោយ​ជោគ​ជ័យ ឥណ្ឌា​ក៏​បាន​កំណត់​កាល​បរិ​ច្ឆេទ​សម្រាប់​ការ​អនុវត្ត​បេសក​កម្ម​អវកាស​បន្ទាប់​ នោះ​គឺជា​ការ​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​។​

    យោង​តាម​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) យាន​អវកាស Aditya-L1 ដែលជា​ស្ថានីយ​សង្កេត​តារា​ជំនាញ​ខាង​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ហោះ​ឡើង​ពី​ព្រលាន​យាន​អវកាសក្នុង​តំបន់ Sriharikota ​របស់​ប្រទេស​នេះ​។ «យើង​គ្រោង​បាញ់បង្ហោះ​នៅ​សប្ដាហ៍​ដំបូង​របស់​ខែ​កញ្ញា» Reuters កាល​ពី​ថ្ងៃទី 28 សីហា​បាន​ដកស្រង់​សម្ដី​របស់​ប្រធាន ISRO ឱ្យ​ដឹង​ដូច្នេះ​។

    យាន Aditya-L1 មាន​ភារកិច្ច​ស្រាវ​ជ្រាវ​ខ្យល់ព្រះអាទិត្យ ជា​បាតុភូត​ដែល​អាច​ជះឥទ្ធិពល​ដល់​ផែនដី​ និង​តែង​តែ​ធ្វើ​ឱ្យ​មាន​ពន្លឺ​អូរ៉ូរ៉ា​នៅ​លើ​ផែនដី​។ ទិន្នន័យ​ពី​យាន​របស់​ឥណ្ឌានេះ​នឹងជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​យល់​ច្បាស់​បន្ថែម​ទៀត​អំពី​ឥទ្ធិពល​របស់​ព្រះ​អាទិត្យ​មក​លើ​​អាកាសធាតុ​របស់​ផែនដី​។

    យាន Aditya-L1 បានត្រៀមខ្លួនរួចហើយ

    រ៉ុក្កែត PSLV របស់​ឥណ្ឌា នឹង​នាំ​យាន Aditya-L1 ឡើង​ទៅ​កាន់​ទីអវកាស។ យាន​នេះ​នឹង​ហោះ​ហើរ​ 1.5 លាន​គីឡូម៉ែត្រ​ក្នុង​រយៈ​ពេល​ប្រហែល​បួន​ខែ​ មុន​នឹង​ទៅ​ដល់​គន្លង​គោចរ​ជុំវិញ​ចំណុច​ Lagrange 1 (L1) ជា​ទី​ដែល​វត្ថុ​ហោះ​ហើរ​នានា​មាន​ទំនោរ​នៅ​ស្ងៀម​ ដោយ​សារ​តែ​តុល្យភាព​ទំនាញ​។

    កាលពី​ឆ្នាំ 2019 ឥណ្ឌា​បាន​អនុម័ត​ថវិកា​ប្រហាក់​ប្រហែល​នឹង 46 លាន​ដុល្លារ​អាម៉េរិក​សម្រាប់ Aditya-L1។ ប៉ុន្តែ បច្ចុប្បន្ន ISRO មិន​ទាន់​ឱ្យ​ដឹង​សេចក្ដី​លំអិត​អំពី​បច្ចុប្បន្ន​ភាព​នៃ​ថវិកា​​សម្រាប់​គម្រោង​នេះ​នៅ​ឡើយ​៕

  • ការប្រយុទ្ធ​គ្នា​រវាង Musk និង Zuckerberg អាច​កើតឡើង​នៅមុន​ដំណាច់ខែ​នេះ

    ការប្រយុទ្ធ​គ្នា​រវាង Musk និង Zuckerberg អាច​កើតឡើង​នៅមុន​ដំណាច់ខែ​នេះ

    មហាសេដ្ឋី Elon Musk បានឱ្យដឹងថា ការប្រយុទ្ធ​គ្នា​នៅលើ​សង្វៀន​ជាមួយនឹង Mark Zuckerberg នឹងត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម X (Twitter) ខណៈដែល​ម្ចាស់ Facebook បានស្នើ​ឱ្យមាន​ការប្រកួត​នៅ​ថ្ងៃទី 26 សីហា​ខាងមុខ។

    កាលពី​ថ្ងៃទី 06 សីហា លោក Elon Musk បានលើកឡើង​អំពី​គម្រោង​ផ្សាយ​ផ្ទាល់​ការប្រកួត​ប្រដាល់​ក្នុង​ទ្រុង​ដែក​នៅលើ​ X ដែល​មុន​នោះ​គឺជា​បណ្ដា​ញ​សង្គម Twitter ហើយ​ថា នឹង​យកប្រាក់​ទាំងអស់​ដែល​ប្រមូលបាន ទៅ​ជួយ​ដល់​អតីតយុទ្ធជន។

    លោក Elon Musk និយាយថា កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត ដោយ​ការ​ហាត់គុន និង​លើក​ដុំ​ដែក​ជា​រៀងរាល់ថ្ងៃ។ ដោយសារតែ​មិនមាន​ពេល​ច្រើន លោក​ក៏​ត្រូវយក​ដុំ​ដែក​ទៅតាម​ខ្លួន​ដើម្បី​ហាត់​នៅ​កន្លែងធ្វើការ។

    ការប្រយុទ្ធ​គ្នា​រវាង​មហាសេដ្ឋី​ទាំងពីរ​រូប​ខាងលើ កំពុង​ត្រូវបាន​គេ​ទន្ទឹងរង់ចាំ ហើយ​អាច​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រកួត​ប្រចាំ​សតវត្សរ៍ បើសិន​ក្លាយជា​ការពិត។ CEO របស់ Tesla មិនទាន់​ឱ្យដឹង​អំពី​ពេលវេលា ស្រប​ពេលដែល CEO របស់ Meta លោក Mark Zuckerberg បាន​ឆ្លើយតប​នៅលើ​បណ្ដាញ​សង្គម Threads ថា លោក «ត្រៀម​រួចរាល់​សម្រាប់​ថ្ងៃនេះ»។ ម្ចាស់ Facebook បានឱ្យដឹងថា បាន​ផ្ញើ​សំណើ​ដែលថា យក​ថ្ងៃទី 26 សីហា ជា​ថ្ងៃ​ប្រកួត ប៉ុន្តែ​ម្ចាស់ X មិនទាន់​យល់ព្រម។

    នៅពេល​ត្រូវបាន​សួរ​អំពី​គោលដៅ​នៃ​ការប្រកួត លោក Elon Musk ឆ្លើយថា នោះ​គឺជា​រូបភាព​ប្រកួត​ប្រកប​ដោយ​​ភាពថ្លៃថ្នូរ។ «បើសិន​ធ្វើឡើង​ក្នុង​រយៈពេល​ខ្លី ខ្ញុំ​អាច​ឈ្នះ។ បើ​យូរ គាត់​អាច​ឈ្នះ​ដោយសារ​កម្លាំង» លោក Elon Musk បញ្ជាក់បន្ថែម​កាល​ពីយ​ប់​ថ្ងៃទី 06 សីហា។

    ចំណែក Zuckerberg វិញ និយាយថា មិន​បារម្ភ​បន្ទាប់ពី​ដឹងថា លោក Musk ហាត់​លើក​ដុំ​ដែក។ ជាង​នេះ ម្ចាស់ Facebook ក៏បាន​លើកឡើង​​ទាក់​ទង​នឹង​ដំណឹង​ដែល​ថា ​លោក Musk គ្រោង​នឹង​ប្រើប្រាស់​បណ្ដាញ​សង្គម X ដើម្បី​ផ្សាយ​ផ្ទាល់។ «យើង​គួរ​ជ្រើសរើស​បណ្ដាញ​សង្គម​ផ្សេង​ដែល​គួរ​ទុកចិត្តបាន​ជាង​នេះ ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​​ម​នុស្ស​ធម៌»។

    ការប្រយុទ្ធ​លើស​ង្វៀន​រវាង​ម្ចាស់​បណ្ដាញ​សង្គមធំៗលើ​ពិភពលោក​នេះ ត្រូវបាន​លើកឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ​ 2023 នៅពេល​លោក Musk រិះគន់​ចំពោះ​រឿង Meta បង្ហាញ Threads។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ព្រមាន​ថា មិនគួរ​គំរាមកំហែង Zuckerberg ព្រោះថា គាត់​ចេះ​ក្បាច់គុន។ សំណេរ​នេះ ភ្លាមនោះ​ក៏​ធ្វើឱ្យ​លោក Musk បបួល​​ប្រយុទ្ធ​គ្នា ហើយ Zuckerberg ក៏បាន​យល់ព្រម​យ៉ាង​លឿន។

    យោងតាម Dana White ប្រធាន​ស្ថាប័ន​ក្បាច់គុន UFC ដែល​ធ្លាប់បាន​ជជែក​ជាមួយលោក Musk និង Zuckerberg និយាយថា មហាសេដ្ឋី​ទាំងពីរ​រូបនេះ​សុទ្ធតែ​បង្ហាញ​ភាព​ម៉ឺង​ម៉ាត់។ ការប្រកួត​នេះ​ត្រូវបាន​គេ​រំពឹងថា អាច​រកប្រាក់​ចំណូល​បាន​លើស​ពីមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ជា​អាវុធ​សម្រាប់​តៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ជា​អាវុធ​សម្រាប់​តៃវ៉ាន់

    ប្រធានាធិបតី​អាម៉េរិក ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​តម្លៃ 345 លាន​ដុល្លារ សម្រាប់​កោះ​តៃវ៉ាន់ ប៉ុន្តែ​មិនទាន់​បង្ហើប​ឱ្យដឹង​សេចក្ដីលំអិត។

    នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី 28 កក្កដា របស់​សេត​វិមាន ប្រធានាធិបតី ចូ បៃ​ដិ​ន ឱ្យដឹងថា បានផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ចាត់ចែង​ប្រាក់ 345 លាន​ដុល្លារ​ដែល​បាន​ពី​ក្រសួងការពារជាតិ​អាម៉េរិក សម្រាប់​ជា​កញ្ចប់​ជំនួយ​យោធា​សម្រាប់​កោះ​តៃវ៉ាន់។

    John Kirby អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អាម៉េរិក ក្នុង​ថ្ងៃ​ដដែល​បាន​និយាយថា ប្រទេស​នេះ​កំពុងតែ​អនុវត្ត​កាតព្វកិច្ច​ជាមួយនឹង​តៃវ៉ាន់ និង​ជួយ​ពួកគេ​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​ការពារជាតិ»។

    ប្រទេស​ចិន​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​រឿងនេះ។ ប៉ុន្តែ​កន្លងមក អាជ្ញាធរ​ចិន​តែងតែ​ជំទាស់​ទៅនឹង​ការផ្គត់ផ្គង់​អាវុធ​ទៅឱ្យ​កោះ​តៃវ៉ាន់ ពី​សំណាក់​សហរដ្ឋ​អាម៉េរិក។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល​រដ្ឋាភិបាល​អាម៉េរិក ដក​អាវុធ សម្ភារៈ​យោធា និង​ថវិកា​ពី​មន្ទីរ​បញ្ច​កោណ​ដោយផ្ទាល់ ដើម្បី​ផ្ដល់ឱ្យ​តៃវ៉ាន់ ទៅតាម​សិទ្ធិ​ចាត់ចែង​ធនធាន​របស់​ប្រធានាធិបតី (PDA)។ មុន​នោះ សភា​អាម៉េរិក​បានផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ PDA ដើម្បី​ផ្ដល់ជំនួយ​ផ្នែក​យោធា​ដល់​តៃវ៉ាន់ ក្នុង​ទំហំ​គិត​ជា​ទឹកប្រាក់​ឡើងដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ចិនដីគោក​តែងតែ​ចាត់ទុកថា កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម ហើយ​ថា នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិនជា​ចាំបាច់។

    សហរដ្ឋ​អាម៉េរិក​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់ ប៉ុន្តែ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​របស់​កោះ​នេះ។ អាម៉េរិក​កំពុង​ជំរុញ​កិច្ច​ការធ្វើ​ទំនើបកម្ម​យោធា​របស់​ចិន​ដី​កោះ (តៃវ៉ាន់) ដើម្បី​រារាំង​ការវាយប្រហារ​ពី​ចិនដីគោក៕

  • អាម៉េរិក​ជិត​ផ្ដល់​​ជំនួយ​បន្ថែម​ ​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ជិត​ផ្ដល់​​ជំនួយ​បន្ថែម​ ​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    មន្ត្រី​អាម៉េរិក​ពីររូប​បានឱ្យដឹងថា ប្រទេស​នេះ​ជិត​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​តម្លៃ 1.3 ពាន់​លាន​ដុល្លារ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

    កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹងមាន​ទាំង​អាវុធ​ការពារ​ដែនអាកាស ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV), UAV អត្តឃាត និង​គ្រាប់កាំភ្លើង​ផងដែរ។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹងកាលពី​ថ្ងៃទី 17 កក្កដា ពី​មន្ត្រី​អាម៉េរិក​មួយរូប ក្នុងចំណោម​ពីររូប​ខាងលើ។

    អាវុធ​ទាំងនេះ​នឹងត្រូវ​បាន​ទិញ​ដោយ​ការប្រើប្រាស់​ថវិកា​ក្នុង​កម្មវិធី​ផ្ដួចផ្ដើម​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន (USAI) ដែល​អនុញ្ញាតឱ្យ​លោក បៃ​ដិ​ន ទិញ​ទំនិញ​ពី​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ ជំនួស​ឱ្យ​ការដក​ពី​ឃ្លាំង​កងទ័ព។

    សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ដែល​ផ្ដល់ជំនួយ​ផ្នែក​យោធា​ច្រើនជាងគេ​សម្រាប់​ទីក្រុង​កៀវ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​ត្រូវបាន​កងទ័ព​រុស្ស៊ី​ចូល​ឈ្លានពាន​ចាប់ពី​ខែកុម្ភៈ 2022 រហូត​ដល់​បច្ចុប្បន្ន។

  • «មហា​គម្រោង​នាំ​ទឹក» តម្លៃ​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ចិន​សាងសង់​រួចរាល់

    «មហា​គម្រោង​នាំ​ទឹក» តម្លៃ​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ចិន​សាងសង់​រួចរាល់

    ប្រទេស​ចិន ទើបតែ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​មហា​គម្រោង​នាំ​ទឹក ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ចំណាយ​ពេល​អស់​ច្រើន​ឆ្នាំ​។

    មហា​គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​ដើម្បី​ត​ភ្ជាប់​ទន្លេចំនួន​​ពីរ​ដែល​វែង​ជាងគេ​នៅ​ប្រទេស​ចិន គឺ​ទន្លេ Huang He និង​ទន្លេ Yangtze។ ហេដ្ឋារចនាសម្ព័ន្ធ​នេះ មិន​ត្រឹមតែ​ជួយ​ផ្គត់ផ្គង់​ទឹក​សម្រាប់​តំបន់​រាល​រាប​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ តែ​ក៏​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ខ្វះ​ទឹក​នៅក្នុង​តំបន់​ផងដែរ។

    គម្រោង​នេះ​មាន​បណ្ដោយ​ប្រវែង​ជាង 800 គីឡូម៉ែត្រ ឆ្លងកាត់​បី​ខេត្ត គឺ Hubei, Hebei និង Chongqing។

    មហា​គម្រោង​ត​ភ្ជាប់​ទន្លេ​ពីរ​វែង​ជាងគេ​នៅ​ប្រទេស​ចិន​នេះ ត្រូវ​ចំណាយ​ថវិកា​អស់​ជាង 7.2 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ប្រើ​ពេល​​អស់​ជាង​មួយ​ទសវត្សរ៍ ក៏​ដូច​ជា​​ឆ្លងកាត់​ឧបសគ្គធំៗរាប់មិនអស់៕