Tag: ណាតូ

  • ព្រលាន​យន្តហោះ​របស់​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ពី​ UAV

    ព្រលាន​យន្តហោះ​របស់​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ពី​ UAV

    អភិបាល​ខេត្ត Pskov ឱ្យ​ដឹង​ថា ព្រលាន​យន្តហោះ​នៅទីក្រុង Pskov បាន​រង​ការ​វាយ​ប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បណ្ដាល​ឱ្យ​យន្តហោះ​ដឹក​ជញ្ជូន​ច្រើន​​គ្រឿង​ត្រូវ​​ខូច​ខាត​។

    «ក្រសួង​ការ​ពារ​ជាតិ​កំពុង​ដោះ​ស្រាយ​ការ​វាយ​ប្រហារ​ពី UAV មក​លើ​ព្រលាន​យន្តហោះ Pskov» Mikhail Vedernikov អភិបាល​ខេត្ត Pskov នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី​ ឱ្យ​ដឹង​ដូច្នេះ​។ លោក​ក៏​បាន​បង្ហោះ​វីដេអូ​ស្ដី​ពី​ការ​វាយប្រហារ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផងដែរ​។

    ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វីនៅ​ឡើយ​។ «យោង​តាម​ព័ត៌មាន​ដំបូង ពុំ​មាន​ករណី​​ស្លាប់​» លោក​ Vedernikov និយាយដូច្នេះ និង​បន្ថែម​ថា ទំហំ​នៃ​ការ​ខូច​ខាត​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​។

    សារព័ត៌មាន TASS ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​សង្គ្រោះ​បន្ទាន់​ឱ្យ​ដឹង​ថា យន្តហោះ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ Ilyushin II-76 ចំនួន​បួន​គ្រឿង​ បាន​រង​ការ​ខូច​ខាត​។ ចំណែក​ដែន​អាកាស​នៅ​តំបន់​ព្រលាន​យន្តហោះ​ Vnukovo របស់​រដ្ឋធានី​មូស្គូ ត្រូវ​បាន​បិទ​ខ្ទប់​ក្នុង​រយៈ​ពេល​ខ្លី​។

    សារព័ត៌មាន​រុស្ស៊ី Readovka បាន​ផ្សាយ​ថា យន្តហោះ UAV ប្រហែល​ 15 គ្រឿង​របស់​អ៊ុយក្រែន ដែល​ហោះ​សំដៅ​ទៅ​កាន់​ព្រលាន​យន្តហោះ Pskov ត្រូវ​បាន​បាញ់ទម្លាក់​។ ទំព័រ Telegram Mash និយាយ​ថា UAV មួយ​គ្រឿង​ទំនង​ជា​បាន​ហោះ​សំដៅ​ឃ្លាំង​ឥន្ធនៈ​ និងបាន​​ផ្ទុះ​ឆេះ​ បង្កើត​បាន​ជា​ផ្សែង​ខ្មៅ​ក្រាស់​នៅ​លើ​ទីក្រុង​។

    Pskov មានចម្ងាយ​ពី​ព្រំ​ដែន​អ៊ុយក្រែន​ប្រហែល​ជិត 800 គីឡូម៉ែត្រ​។ ទីក្រុង​នេះ​មាន​ចម្ងាយ​ពី​ប្រទេស​សមាជិក​ណាតូ​ចំនួន​ពីរ​គឺ អេស្តូនីប្រហែល 30 គីឡូម៉ែត្រ និងឡេតូនី ប្រហែល 60 គីឡូម៉ែត្រ ​ទៅ​ទិស​ខាង​លិច​៕

    https://www.youtube.com/watch?v=F63FUYz7_IM

  • បញ្ហា​ស៊ុយអែត​​សូម​ចូល​ជា​សមាជិក​ណាតូ គឺជា​កូន​អុក​របស់​តួកគី

    បញ្ហា​ស៊ុយអែត​​សូម​ចូល​ជា​សមាជិក​ណាតូ គឺជា​កូន​អុក​របស់​តួកគី

    ការ​រារាំង​ស៊ុយអែត​ចូល​ជា​សមាជិក​ណាតូ (NATO) ក្នុង​រយៈ​ពេល​ច្រើន​ខែ​ ហើយ​ចុង​ក្រោយ​ក៏​យល់​ព្រម​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូ គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ផែនការ​របស់​លោក Erdogan។

    ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan កាល​ពី​ថ្ងៃទី 10 កក្កដា 2023 បាន​ឯកភាព​អនុញ្ញាត​ឱ្យ​​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​របស់​ណាតូ ក្រោយ​ពី​បាន​រារាំង​ពេញ​មួយ​ឆ្នាំ​។

    កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូនៅ​ប្រទេស​លីទុយអានី​នេះ​ នឹង​ពង្រីក​ទឹក​ដី​របស់​សម្ព័ន្ធ​យោធា​បាន​ជាង 500,000 គីឡូម៉ែត្រ​ការ៉េ​ទៀត​ នៅ​​តំបន់​​សមុទ្រ​បាល់ទិក និង​ផ្លាស់​ប្ដូរ​តុល្យភាព​អំណាច​នៅ​អឺរ៉ុប​ខាង​ជើង​។ វា​ក៏​ជួយ​ឱ្យ​ណាតូ​ដោះ​ស្រាយ​បញ្ហាមិន​ចុះ​សម្រុង​គ្នា​ធំ​មួយ​ គ្រា​ដែល​សម្ព័ន្ធ​យោធា​នេះ​កំពុង​ត្រូវ​ការ​បង្ហាញ​សាមគ្គី​ភាព​ដើម្បី​ប្រឈម​នឹង​រុស្ស៊ី​។

    បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី​តួកគី ហើយ​ប្រទេស​ហុងគ្រី​ក៏​ធ្លាប់​បាន​និយាយ​ថា ពួក​គេ​នឹង​ដើរ​តាម​គន្លង​របស់​ទីក្រុង​អង់ការ៉ា អគ្គលេខាធិការ​នៃ​អង្គ​ការ​ណាតូ លោក Stoltenberg បាន​វាយ​តម្លៃ​ថា ការសូម​ចូល​ជា​សមាជិក​ណាតូ​ពី​សំណាក់​ស៊ុយអែត​ «នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់ៗ»។

    យោង​តាម​ក្រុម​អ្នក​ជំនាញ​ ប្រកាស​កាល​ពី​ថ្ងៃទី 10 កក្កដា 2023 គឺជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​តែង​តែ​កើត​ឡើង​ចំពោះ​មេដឹក​នាំ​តួកគី។ យុទ្ធសាស្ត្រ​នេះ​បាន​ជួយ​ឱ្យ​លោក Erdogan លើក​កម្ពស់​ឥទ្ធិពល របស់​តួកគី និង​សម្រេច​បាន​ផល​ប្រយោជន៍​ច្រើន​។

    ក្រោយ​ពី​រុស្ស៊ី​បាន​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​ ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត កាល​ពី​ខែ​ឧសភា 2022 ក៏​បាន​បោះ​បង់​គោលនយោបាយ​មិន​ចូល​បក្ខសម្ព័ន្ធ​យោធា​ដែល​ពួក​គេ​​បា​ន​អនុវត្ត​អស់​ជា​ច្រើន​ទសវត្សរ៍កន្លង​​ ដើម្បី​ស្វែង​រក​ឋានៈ​ជា​សមាជិកភាព​របស់​ណាតូ​។

    គិត​មក​ដល់​បច្ចុប្បន្ន ណាតូ​មាន​សមាជិក​សរុប​ចំនួន 31 ប្រទេស​ (ពណ៌ខៀវចាស់)

    ដំបូង​ឡើយ លោក Erdogan ជំទាស់​ទៅ​នឹង​ការ​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​ខាង​លើ​ចូល​ជា​សមាជិក​ណាតូ ប៉ុន្តែ​បន្ទាប់​ពី​ការ​ចរចា​អស់​ជា​ច្រើន​ខែ​ ហើយ​តួកគី​ទទួល​បាន​ផល​ប្រយោជន៍​​ច្រើនពី​ស៊ុយអែត​ ក៏​ដូច​ជា​ពី​សហរដ្ឋ​អាម៉េរិក និង​ណាតូ​ លោក Erdogan ក៏​ចាប់​ផ្ដើម​បើក​ភ្លើង​ខៀវ​។ ការ​ទាម​ទារ​ដែល​តួកគី​សម្រេច​បាន​ រួមមាន បញ្ហា​ជនជាតិ​ឃើដ (Kurd) និង​បញ្ហា​តួកគី​បញ្ជា​ទិញ​យន្ត​ហោះ​ចម្បាំង​របស់​សហរដ្ឋ​អាម៉េរិក​ជា​ដើម​។

    Sinan Ulgen ដែល​ជា​សមាជិក​ជាន់​ខ្ពស់​របស់​​អង្គការ Carnegie Europe នៅ​ប្រទេស​បែលហ្ស៊ិក អះអាង​ថា ការ​រារាំង​របស់​លោក Erdogan ចំពោះ​ស៊ុយអែត​ គឺជា​កូន​អុក​ដែល​អង់ការ៉ា​ប្រើ​ប្រាស់​ដើម្បី​សម្រេច​បាន​ផល​ប្រយោជន៍​ជូន​ប្រទេស​ជាតិ​របស់​លោក​។ ចំណែក​ លោក​ស្រី Anna Wieslander នាយិកា​ទទួល​បន្ទុក​តំបន់​អឺរ៉ុប​ខាង​ជើង​របស់​ក្រុម​ប្រឹក្សា​មហា​សមុទ្រ​អាត្លង់ទិក​នៅ​សហរដ្ឋ​អាម៉េរិក​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ក៏​បាន​ព្យាករ​ថា លោក Erdogan នឹង​ផ្លាស់​ប្ដូរ​ជំហរ​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​របស់​ណាតូ​ ដោយ​យល់​ថា «លោក Erdogan មាន​ចេតនា​ធ្វើ​បែប​នោះ​គឺ​ដើម្បី​បង្ហាញ​ថា លោក​ជា​មនុស្ស​ល្អ ជា​អ្នក​ដែល​បាន​ជួយ​ស្រោច​ស្រង់​កិច្ច​ប្រជុំ​កំពូល​ ដោយ​ការ​បើក​ភ្លើង​ខៀវ»។

    គិត​មក​ដល់​បច្ចុប្បន្ន ណាតូ​មាន​សមាជិក​សរុប​ចំនួន 31 ប្រទេស​ ហើយ​អាច​កើន​ដល់ 32 ប្រទេស​ បើ​សិន​ស៊ុយអែត​ត្រូវ​បាន​ទទួល​យក​ជា​សមាជិក​៕

  • អាម៉េរិក​អនុម័ត​លក់​យន្តហោះ​ចម្បាំង​តម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​ឆែក

    អាម៉េរិក​អនុម័ត​លក់​យន្តហោះ​ចម្បាំង​តម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​ឆែក

    ក្រសួង​ការ​បរទេស​អាម៉េរិក​ យល់​ព្រម​ឱ្យ​លក់​យន្ត​ហោះ​ចម្បាំង​ F-35 រួម​នឹង​ឧបករណ៍​យោធា គ្រាប់​រំសេវ​ដែល​ពាក់​ព័ន្ធ​ ឱ្យ​សាធារណរដ្ឋ​ឆែក ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​លើក​កម្ពស់​សមត្ថភាព​ការ​ពារ​ជាតិ​។

    ដោយ​ចំណាយ​ប្រាក់​ 5.62 ពាន់​លាន​ដុល្លារ​ ឆែក​នឹង​ទទួល​បាន​បណ្ដា​យន្តហោះចម្បាំង​ទំនើប F-35 រួម​នឹង​ម៉ាស៊ីន​បម្រុង,​ មីស៊ីល​បាញ់​ពី​អាកាស​ទៅ​អាកាស​ AIM-120C-8 AMRAAM ចំនួន​ 70 ដើម, រួម​នឹង​គ្រាប់​បែក​ ឧបករណ៍​ទំនាក់​ទំនង​ និង​ជំនួយ​ផ្នែក​បច្ចេកទេស​។ នេះ​បើ​តាម​មន្ទីរ​បញ្ចកោណ​ ប្រកាស​កាល​ពី​ថ្ងៃទី 29 មិថុនា​។ ក្រុម​ហ៊ុន​សំខាន់​ៗ​ដែល​ត្រូវ​ផ្គត់​ផ្គង់​សព្វាវុធ​ទាំង​នេះ​រួម​មាន​ Lockheed Martin, Raytheon និង Boeing។

    មន្ទីរ​បញ្ចោណ​បាន​ឱ្យ​ដឹង​ថា ការ​លក់​ដូរ​សព្វាវុធ​នេះ​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រសួង​ការបរទេស​អាម៉េរិក​រួច​ហើយ និង​កំពុង​រង់​ចាំ​ការ​អនុម័ត​ពី​សភា​។

    យោង​តាម​ក្រសួង​ការបរទេស​អាម៉េរិក សព្វាវុធ​ខាងលើ​នឹង​ជួយ​បង្កើន​កម្លាំង​ការ​ពារ​ជាតិ​របស់​ប្រទេស​ឆែក ក៏ដូច​ជា​ការ​ចូល​រួម​គាំទ្រ​យុទ្ធនាការ​នានា​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ។

    កាល​ពី​ឆ្នាំ 2022 ឆែក​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចង់​ទិញ F-35 របស់​អាម៉េរិក ចំនួន 24 គ្រឿង​ ដើម្បី​ប្រើ​ប្រាស់​ជំនួស​ក្រុម​ហោះ​ហើរ JAS 39 Gripen ដែល​ជួលពី​ក្រុម​ហ៊ុន Saab AB របស់​ស៊ុយអែត​។ ឆែក​មាន​បំណង​ទិញ​ F-35A ដែល​ហោះ​ឡើង និង​ចុះ​ចត​តាម​ធម្មតា (CTOL)។

    F-35A គឺជា​កំណែ​បំបាំង​កាយ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​ទ័ព​អាកាស​អាម៉េរិក​ និង​សម្ព័ន្ធ​មិត្ត​។ នេះ​គឺជា​កំណែ​​​តូច​ជាង​គេ និង​ស្រាល​ជាង​គេ​​របស់​យន្តហោះ​ចម្បាំង​​ត្រកូល F-35៕

  • ទាហាន​ណាតូ​រាប់​រយ​នាក់​ទៅ​កាន់​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​នៅ​ស៊ែប៊ី

    ទាហាន​ណាតូ​រាប់​រយ​នាក់​ទៅ​កាន់​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​នៅ​ស៊ែប៊ី

    ទាយាន​រាប់​រយ​នាក់​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ (NATO) ត្រូវ​បាន​បញ្ជូន​ទៅ​ជួយពង្រឹង​ការ​រក្សា​សន្តិសុខ​របស់​សម្ព័ន្ធ​មិត្ត​នេះ​នៅ​កូសូវ៉ូ (Kosovo) ក្រោយ​ពី​មាន​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ផ្ដាច់​ខ្លួន​។

    «កងកម្លាំង​បន្ថែម​របស់​ណាតូ ​ចាប់​ផ្ដើម​ធ្វើដំណើរ​ទៅ​កាន់​កូសូវ៉ូ បន្ទាប់​ពី​មាន​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​កាល​ពី​សប្ដាហ៍​កន្លង​ដែល​បាន​ធ្វើ​ឱ្យ​ទាហាន​ណាតូ​ប្រហែល 30 នាក់​រងរបួស​។ ទាហាន​ប្រហែល 500 នាក់​មក​ពី​ទ័ពជើង​គោក​របស់​តួកគី​ ដើរ​តួ​នាទី​សំខាន់​ជាង​គេ​នៅ​ក្នុង​កង​កម្លាំង​ជំនួយ​បន្ថែម​» អ្នក​នាំ​ពាក្យ​របស់​ណាតូ Oana Lungescu កាល​ពី​ថ្ងៃទី 05 មិថុនា បាន​ប្រកាស​ដូច្នេះ​។

    មុននោះ កាល​ពី​ថ្ងៃទី 30 ឧសភា អគ្គលេខាធិការ​នៃ​អង្គការ​ណាតូ​ លោក Jens Stoltenberg បាន​ឱ្យ​ដឹង​ថា សម្ព័ន្ធ​យោធា​នេះ​នឹង​បញ្ជូន​ទាហាន​ 700 នាក់​បន្ថែម​ទៀត​ទៅ​កាន់​កូសូវ៉ូ ដើម្បី​ពង្រឹង​កម្លាំង​ដែល​មាន​ចំនួន 4,000​ នាក់​នៅ​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​។ លោក Jens Stoltenberg ប្រកាស​ថា ណាតូ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ផ្ដល់​កម្លាំង​ជំនួយ​បន្ថែម​។

    ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​ដើម​កំណើត​ស៊ែប៊ី ជាមួយ​​ប៉ូលិស​កូសូវ៉ូ និង​​កងកម្លាំង​របស់​ណាតូ បាន​កើត​ឡើង​នៅ​ខាងមុខ​សាលា​ស្រុក Zvecan នៃ​តំបន់​កូសូវ៉ូ កាល​ពី​ថ្ងៃទី 29 ឧសភា​។ កងទ័ព​ណាតូ​ ដំបូង​ឡើយ​បាន​ព្យាយាម​បំបែក​ក្រុម​បាតុករ​ចេញ​ពី​កម្លាំង​ប៉ូលិស ហើយ​ក្រោយ​មក​ប្រើ​ប្រាស់​ខែល​ និង​ដំបង​ឆក់​ដើម្បី​រំសាយ​បាតុកម្ម​។

    បាតុករ​មួយ​ចំនួន​បាន​គប់​ដុំ​ឥដ្ឋ​ គ្រាប់​បែក​សាំងសំដៅ​ទៅ​កាន់​ទាហាន​ណាតូ​ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ ក្រុម​បាតុករ​ក៏​ត្រូវ​បាន​រុញ​ច្រាន​ចេញ​ឆ្ងាយ​ពី​ខាង​មុខ​សាលា​ស្រុក​។ ការ​ប៉ះ​ទង្កិច​គ្នា​នេះ​បាន​បណ្ដាល​ឱ្យ​ទាហាន​ណាតូ​ជាង 30 នាក់ និង​បាតុករ​ជាង 50 នាក់​ ត្រូវ​រង​របួស​។

    ក្រោយ​ហេតុ​ការណ៍​កាល​ពី​​ថ្ងៃទី 29 ឧសភា​ក្នុង​តំបន់ Zvecan បាតុករ​​ដើម​កំណើត​ស៊ែប៊ី​រាប់​រយ​នាក់​ ក៏​បន្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងមុខ​សាលា​ក្រុង​ ជា​ទី​ដែល​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​កម្រិត​ខ្ពស់​។

    ប្រជាជន​ដើម​កំណើត​ស៊ែប៊ី នៅ​កូសូវ៉ូ នាំ​គ្នា​តវ៉ា មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ក្នុង​តំបន់​កាល​ពីខែ​មេសានៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ផ្ដាច់​ខ្លួន​ ជា​ទី​ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុម​មន្ត្រី​ដើម​កំណើត​អាល់​បានី គ្រប់​គ្រង​​ក្រុម​ប្រឹក្សា​ក្នុង​តំបន់​ បើ​ទោះ​អត្រា​នៃ​អ្នក​ទៅ​បោះ​ឆ្នោត​មាន​មិន​ដល់​ 3.5%​។

    កូសូវ៉ូ​ដែល​មាន​ផ្ទៃ​ដី​ទំហំ​ប្រហែល 10,800 គីឡូម៉ែត្រ​ការ៉េ គឺជា​តំបន់​ផ្ដាច់​ខ្លួន​នៅ​ភាគ​និរតី​របស់​ប្រទេស​ស៊ែប៊ី​។ កូសូវ៉ូ​ប្រកាស​ឯក​រាជ្យ​កាល​ពី​ឆ្នាំ 2008​ ប៉ុន្តែ ស៊ែប៊ី​មិន​ទទួល​ស្គាល់​ និង​បាន​ប្រកាស​ថា កូសូវ៉ូ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។ កូសូវ៉ូ​មាន​ប្រជាជន​ 1.8 លាន​នាក់ ក្នុង​នោះ​ភាគ​ច្រើន​គឺជា​ជនជាតិ​អាល់បានី​។

    ជនជាតិ​ស៊ែប៊ី​ប្រហែល 123,000 នាក់​ដែល​រស់​នៅ​ក្នុង​ភាគ​ខាង​ជើង​តំបន់​កូសូវ៉ូ មិន​ទទួល​ស្គាល់​អាជ្ញាធរ​នៅ Pristina​។ ពួក​គេ​ស្មោះ​ស្ម័គ្រ​ក្នុង​ផ្នែក​នយោបាយ​ជាមួយ​នឹង​ស៊ែប៊ី​ ដែល​ជា​អ្នក​ផ្គត់​ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​​នេះ​។ ចំណែក​ប្រទេស​លោក​ខាង​លិច​វិញ ភាគ​ច្រើន​ទទួល​ស្គាល់​ឯករាជ្យ​របស់​កូសូវ៉ូ​ ប៉ុន្តែ​តំបន់​ផ្ដាច់​ខ្លួន​នេះ​មិន​ទាន់​ទទួល​បាន​កៅអី​នៅ​អង្គការ​សហប្រជាជាតិ​ ដោយ​សារ​តែ​មាន​ការ​ជំទាស់ពី​រុស្ស៊ី និង​ចិន​៕

  • សមាជិក​ណាខ្លះ​របស់​អង្គការ​ណា​តូ (NATO) ដែលមាន​អាវុធ​នុយ​ក្លេ​អែរ?

    សមាជិក​ណាខ្លះ​របស់​អង្គការ​ណា​តូ (NATO) ដែលមាន​អាវុធ​នុយ​ក្លេ​អែរ?

    ណា​តូ (NATO-North Atlantic Treaty Organization) គឺជា​សម្ព័ន្ធមិត្ត​អន្តរជាតិ ដែលមាន​ប្រទេស​ចំនួន ៣០ ជា​សមាជិក មកពី ទ្វីបអឺរ៉ុប, អាម៉េរិក​ខាងជើង និង អាស៊ី។

    ណា​តូ ត្រូវបាន​បង្កើតឡើង​នៅពេល​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង កាលពី​ថ្ងៃទី ៤ មេសា ឆ្នាំ ១៩៤៩។ មាត្រា​ទី ៥ របស់​សន្ធិសញ្ញា​នេះ​ចែងថា បើសិនជា​ការវាយប្រហា​រ​ប្រដាប់អាវុធ​កើតឡើង ប្រឆាំងនឹង​សមាជិក​ណាមួយ​របស់ ណា​តូ នោះ​វា​នឹង​ត្រូវបាន​ចាត់ទុកថា ជាការ​វាយប្រហារ​ប្រឆាំងនឹង​សមាជិក​ទាំងអស់ ហើយ​សមាជិក​ទាំងអស់​នឹង​ជួយ​ដល់​សមាជិក​ដែល​ត្រូវបាន​វាយប្រហារ តាមរយៈ​កម្លាំងប្រដាប់អាវុធ បើសិនជា​ចាំបាច់។

    ទង់​របស់​ណាតូ

    ក្នុងចំណោម ៣០ ប្រទេស ដែលជា​សមាជិក​របស់ ណា​តូ មាន ២៧ ប្រទេស​នៅ អឺរ៉ុប, ២ នៅ អាម៉េរិក​ខាងជើង និង ១ នៅ អាស៊ី។ សមាជិក​ទាំងអស់​សុទ្ធ​តែមាន​កងទ័ព លើកលែងតែ អ៊ី​ស្លង់ ដែល​មានតែ​កម្លាំង​ការពារ​ឆ្នេរ និង​អង្គភាព​តូច​មួយ។ សមាជិក​ចំនួន ៣ របស់ ណា​តូ មាន​អាវុធ​នុយ​ក្លេ​អែរ គឺ បារាំង, អង់គ្លេស និង សហរដ្ឋ​អាម៉េរិក។

    ដំបូង​ឡើយ ណា​តូ មាន ១២ ប្រទេស​ជា​សហ​ស្ថាបនិក។ សមាជិក​ថ្មី​ចំនួន ៣ ត្រូវបាន​បញ្ចូល​ចាប់ពី​ឆ្នាំ ១៩៥២ ដល់ ១៩៥៥ និង​សមាជិក​ថ្មី ១ ទៀត ដាក់បញ្ចូល​ក្នុង​ឆ្នាំ ១៩៨២។ ក្រោយពី​សង្គ្រាមត្រជាក់​បាន​បញ្ចប់ ណា​តូ ក៏បាន​បន្ថែម​សមាជិក​ថ្មី​ចំនួន ១៤ ទៀត រាប់​ចាប់ពី​ឆ្នាំ ១៩៩៩ ដល់ ២០២០។

    សមាជិក​ចំនួន ៣០ ប្រទេស របស់ ណា​តូ រួមមាន បែ​ល​ហ្សិ​ក, កាណាដា, ដា​ណឺ​ម៉ាក, បារាំង, អ៊ី​ស្លង់, អ៊ីតាលី, លុច​សំបួ, ហូ​ឡង់ (Netherlands ឬ Holland), ន័​រ​វែ​ស, ព័រ​ទុយ​ហ្គា​ល, អង់គ្លេស, សហរដ្ឋ​អាម៉េរិក, ក្រិ​ក, តួ​ក​គី, អាល្លឺម៉ង់, អេ​ស្ប៉ា​ញ, ឆែក, ហុង​គ្រី, ប៉ូឡូញ, ប៊ុលហ្គារី, អេ​ស្តូ​នី, ឡេ​តូ​នី, លី​ទុយ​អា​នី, រូ​ម៉ា​នី, ស្លូ​វ៉ា​គី, អាល់​បា​នី, ក្រូ​អាស៊ី, ម៉ុង​តេ​ណេ​ហ្គ្រោ និង ម៉ា​សេ​ដ្វា​ន​ខាងជើង។

    លោក​ Jens Stoltenberg

    បច្ចុប្បន្ន​ មេដឹក​នាំ​ (អគ្គលេខាធិការ​) នៃ​អង្គការ​ណាតូ គឺ​លោក​ Jens Stoltenberg អាយុ​ ៦២ ឆ្នាំ​ ជា​ជន​ជាតិ​ន័រវែស។

  • ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

    ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

    អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ Jens Stoltenberg ប្រកាស​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ថា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល ណា​តូ បាន​បញ្ចេញ​​កម្លាំង​ប្រតិកម្ម​របស់ ណា​តូ (NATO Response Force-NRF) ដែលមាន​ទាហាន ៤០,០០០ នាក់។

    លោក Jens Stoltenberg និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន គឺជា «វិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ​បំផុត​ដែល​យើង​ត្រូវ​ប្រឈម​នៅ អឺរ៉ុប ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លងទៅនេះ»។ កម្លាំង NRF នឹង​ត្រូវបាន​ពង្រាយ «នៅលើ​ដីគោក លើ​សមុទ្រ និង​លើ​អាកាស» នៅ អឺរ៉ុប​ខាងកើត ក្នុង​បំណង​ការពារ​ជា​លក្ខណៈ​សមូហភាព។

    អគ្គលេខាធិការ​នៃ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ក៏បាន​បន្ថែមថា ណា​តូ នឹង​ផ្ដល់​អាវុធ និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត ដល់ អ៊ុយ​ក្រែ​ន ទៅតាម​ការស្នើ​របស់រ​ដ្ឋា​ភិ​បាល​ប្រទេស​នេះ។

    បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធមិត្ត​នៅ​ភាគ​ខាងកើត​នៃ​តំបន់​ដែល​គ្រប់គ្រង​ដោយ ណា​តូ ពិតជា​មានការ​បារម្ភ​ខ្លាំង នៅពេល​ស្ថិត​នៅក្បែរ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ក្បែរ​ព្រំដែន​របស់ រុស្ស៊ី។

    «ការវាយប្រហារ​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន មិន​ត្រឹមតែ​ជាការ​វាយប្រហារ​ទៅលើ​តែ អ៊ុយ​ក្រែ​ន មួយ​មុខ​នោះទេ ប៉ុន្តែ វា​គឺជា​ការវាយប្រហារ​ទៅលើ​សណ្ដាប់ធ្នាប់​សន្តិសុខ​នៅ ទ្វីបអឺរ៉ុប ទាំងមូល» អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ សង្កត់ធ្ងន់​ដូច្នេះ។

    ការដែល ណា​តូ បញ្ចេញ​ទ័ព​ប្រតិកម្ម ៤ ម៉ឺន​នាក់ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​របស់​អង្គការ​នេះ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​នៅ អ៊ុយ​ក្រែ​ន។ ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​របស់​មន្ត្រី​មកពី ប្រទេស​ស្វ៊ី​ស និង ហ្វាំ​ង​ឡង់ ដែល​មិនមែនជា​សមាជិក​របស់ ណា​តូ ផងដែរ។

    ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ក៏បាន​ថ្លែងថា នឹង​បញ្ជូន​ទ័ព ៧,០០០ នាក់ ទៀត​ទៅកាន់ ទ្វីបអឺរ៉ុប ដើម្បី​គាំទ្រ​ដល់ ណា​តូ។