Tag: ជើង

  • ស្បែកជើង​ដែល Apple ផ្ដល់ឱ្យ​បុគ្គលិក ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាប់ម៉ឺន​ដុល្លារ

    ស្បែកជើង​ដែល Apple ផ្ដល់ឱ្យ​បុគ្គលិក ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាប់ម៉ឺន​ដុល្លារ

    ស្បែកជើង sneakers មួយគូ​ដែល​ក្រុមហ៊ុន Apple បញ្ជា​ឱ្យ​ផលិត​សម្រាប់​​​បុគ្គលិក​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 កំពុង​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 50,000 ដុល្លារ​អាម៉េរិក។

    ស្បែកជើង​មួយគូ​ដែលមាន​ឈ្មោះថា Omega Sports Apple Computer ត្រូវបាន​ដាក់លក់​លើ​ថ្នាល Sotheby’s មាន​ពណ៌​ស អម​នឹង​ពាណិជ្ជសញ្ញា Apple ពណ៌​ឥន្ទធនូ។ ខ្សែ​ចង​ពណ៌​ស ប៉ុន្តែ​មាន​អម​នឹង​ខ្សែ​បម្រុង​ពណ៌​ក្រហម។

    យោងតាម​ព័ត៌មាន​លើថ្នាល Sotheby’s ស្បែកជើង​មួយគូ​នេះ​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 1990 ដើម្បី​ទុក​ផ្ដល់ជូន​បុគ្គលិក​មួយចំនួន​នៅក្នុង​​ព្រឹត្តិការណ៍​ផ្ទៃក្នុង​មួយ​របស់ Apple។

    គិត​មកដល់​បច្ចុប្បន្ន មាន​ស្បែកជើង​ដូចគ្នានេះ​តែ​ពីរ​គូ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លក់​ដោយ​ការ​​ដេញថ្លៃ ក្នុងនោះ​មាន​មួយគូ​នៅ​ឆ្នាំ 2017 និង​មួយគូ​នៅ​ឆ្នាំ 2020 និង​លក់​ក្នុងតម្លៃ​រាប់ពាន់​ដុល្លារ។ ប៉ុន្តែ ស្បែកជើង​មួយគូ​ដែល​ទើបតែ​ដាក់លក់​នេះ មានតម្លៃ​ខ្ពស់​ជាងគេ គឺរហូត​ដល់​ 50,000 ដុល្លារ​អាម៉េរិក។

    កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ 1980 ក្រុម​ហ៊ុន Apple ធ្លាប់​លក់​សម្លៀកបំពាក់​ក្រោម​ឈ្មោះ The Apple Collection។ ក៏ប៉ុន្តែ​ក្រោយមក មុខ​ជំនួញ​នេះ​មិន​ទទួលបាន​ជោគជ័យ ហើយក៏​ត្រូវ​ឈប់​ដំណើរ​ការផលិត។

  • លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

    លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

    ប៉ូលិស​ល្បាត​សមុទ្រ​ហ្វ៊ី​លី​ពី​ន (PCG) បានឱ្យដឹងថា កប៉ាល់​មួយគ្រឿង​បាន​ប្រ​ឡាប់​នៅក្បែរ​រដ្ឋធានី​ម៉ា​នីល ដោយសារ​តែមាន​ខ្យល់​ខ្លាំង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 26 នាក់ត្រូវ​​បាត់​បង់ជីវិត។

    យោងតាម​សមត្ថកិច្ច​ប្រទេស​ហ្វ៊ី​លី​ពី​ន ខ្យល់​បក់បោក​ខ្លាំង​បណ្ដាលឱ្យ​កប៉ាល់​មួយគ្រឿង​លិច​នៅវេលា​ម៉ោង​ប្រហែល 13 ថ្ងៃទី 27 កក្កដា ពេល​ស្ថិតនៅ​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 45 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​របស់​ទីរួមស្រុក Binangonan នៃ​ខេត្ត Rizal។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​ព្យុះ Doksuri បោកបក់​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេសហ្វ៊ីលីពីន។

    «អ្នកដំណើរ​មានការ​ភ័យខ្លាច​នៅពេល​កប៉ាល់​ជួបនឹង​ខ្យល់​ខ្លាំង។ ពួកគេ​រត់​ទៅកាន់​ចំហៀង​ខាងឆ្វេង ធ្វើឱ្យ​កប៉ាល់​ក្រឡាប់» ឧត្ដមនាវីទោ Armando Balilo នៃ PCG ឱ្យដឹង​ដូច្នេះ។

    យោងតាម​សមត្ថកិច្ច​ទទួលបន្ទុក​ការសង្គ្រោះ កប៉ាល់​នេះ​ជួប​គ្រោះថ្នាក់​នៅពេល​ដឹក​អ្នកដំណើរ​ពី​ទីរួមស្រុក Binangonan ទៅកាន់​កោះ Talim។ លោក​បន្ថែមថា កម្លាំង​សង្គ្រោះបាន​ស្រង់​សាកសព​ចំនួន 23 នាក់ និង​សង្គ្រោះបាន 40 នាក់ ប៉ុន្តែ​នៅមាន​អ្នកដំណើរ 6 នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។

    គិត​មក​ដល់​ពេល​នេះ តួលេខ​ខាង​លើបាន​កើន​ឡើង​មួយ​កម្រិត​ទៀត​ ក្នុង​នោះ​តួលេខ​អ្នក​​ស្លាប់​បាន​កើន​ដល់ 26 នាក់។

  • យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

    យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

    ក្រុមហ៊ុន 18 Wheels ដែលមាន​ទីស្នាក់ការ​នៅ Helsinki ប្រទេស​ហ្វាំ​ង​ឡង់ បានបង្ហាញ​យាន​គំរូ​មួយ​ប្រភេទ​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី និង​មាន​កង់​រហូតដល់ 18 គ្រាប់។

    រចនា​រូបរាង​ពិសេស​របស់​យាន​នេះ អនុញ្ញាតឱ្យ​វា​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​នៅលើ​ភូមិសាស្ត្រ​ដែល​មាន​ឧបសគ្គ​​កម្ពស់​រហូតដល់ 20 សង់ទីម៉ែត្រ ដោយ​មិនត្រូវ​បន្ថយល្បឿន។ វា​អាច​រត់​លើ​ដើមឈើ​ដែល​ផ្ដេក​នៅលើ​ដី ដុំថ្ម និង​ជណ្ដើរ​ជាដើម។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 25 កក្កដា 2023។

    កង់នីមួយៗរបស់​យាន​ចម្លែក​នេះ​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​មួយគ្រឿង។ ដោយសារ​ប្រព័ន្ធ​ជើង​ក្រោម​ដ៏​ពិសេស វា​ដំណើរការ​ស្ទើរ​ដូច​ទៅនឹង​កង់​របស់​រថក្រោះ។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ធ្វើដំណើរ​លើ​ភូមិសាស្ត្រ​ដែល​សម្បូរ​ឧបសគ្គ និង​មិន​បង្កឱ្យមាន​ការខូចខាត​ផ្ទៃដី​ដែលវាបាន​ធ្វើដំណើរ​ឆ្លងកាត់។

    យាន​ចម្លែក​នេះ​ត្រូវបាន​គេ​រៀប​គម្រោង​តាំងពី​ឆ្នាំ 2021 និង​អភិវឌ្ឍ​កាលពី​ឆ្នាំ 2022 មុននឹង​ធ្វើការ​សាកល្បង​នាពេលថ្មីៗនេះ ដូចដែល​បានបង្ហាញ​នៅក្នុង​វីដេអូ​ខាងក្រោម។

    ក្រុម​អ្នកស្រាវជ្រាវ​កំពុង​អភិវឌ្ឍ​កំណែ​គំរូ​ទី​ពីរ ដែល​គេ​ជឿថា នឹង​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង​នៅក្នុង​ការសាកល្បង។ កំណែ​គំរូ​ទី​ពីរ​គ្រោង​នឹង​ត្រូវបាន​ផលិត​បន្ទាប់ពី​បានបញ្ចប់​ការសាកល្បង​នៅ​ចុង​រដូវក្ដៅ​ឆ្នាំ2023​៕

  • ក្រុមបាល់ទាត់​មួយ​​របស់​​អាស៊ីអាគ្នេយ៍ បង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup

    ក្រុមបាល់ទាត់​មួយ​​របស់​​អាស៊ីអាគ្នេយ៍ បង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup

    ការ​ដណ្ដើមបាន​ជ័យជម្នះ​លើ​នូ​វែ​លសេ​ឡង់ មិន​ត្រឹមតែ​ជួយ​ឱ្យ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​មាន​ពិន្ទុ​ជា​លើកដំបូង​នៅ World Cup នោះទេ តែ​ក៏​ជួយ​ឱ្យ​ក្រុម​នេះ​គិតដល់​ដំណាក់កាល​ឡើងដល់​វគ្គ​ជម្រុះ​ផ្ទាល់​ផងដែរ។

    នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ​នៃ​ពូ​ល A ដែល​មាន​បួន​ក្រុម​គឺ ​ហ្វ៊ីលីពីន​ ស្វ៊ីស នូវែលសេឡង់ និង​ន័រវែស នៅ World Cup នារី 2023 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 25 កក្កដា 2023 ហ្វ៊ី​លី​ពី​ន​ទទួលបាន 3 ពិន្ទុ ឈរ​លំដាប់​ទី​បី បន្ទាប់ពី​បាន​ផ្ដួល​នូ​វែ​ល​សេ​ឡង់ 1-0។

    ចំណែក​ន័​រ​វែ​ស​ឈរ​នៅ​បាត​តារាង និង​មាន​ហានិភ័យ​ត្រូវបាន​ជម្រុះឆាប់ៗនេះ ព្រោះតែ​ទទួលបាន 1 ពិន្ទុ ក្រោយពី​បាន​​ទាត់​​ពីរ​ប្រកួត។ រីឯស្វ៊ី​ស​វិញ កំពុងតែ​ត្រៀម​ដណ្ដើម​សំបុត្រ​ឡើងទៅ​វគ្គ​បន្ទាប់ នៅពេល​មាន 4 ពិន្ទុ​ក្នុង​ដៃ។

    ការប្រកួត​នៅ​ពូ​ល A នឹង​ធ្វើឡើង​ប្រកបដោយ​ភាព​តានតឹង​នៅ​ជើង​ចុងក្រោយ ពេល​ដែល​​ក្រុម​ទាំង 4 សុទ្ធតែ​នៅមាន​ឱកាស។ សម្រាប់​ក្រុម​ហ្វ៊ី​លី​ពី​ន ក្រោយ​ជ័យជម្នះ​ដំបូង​នៅ World Cup ក្រុម​នេះ​ថែមទាំង​អាចបង្កើត​បាន​ប្រវត្តិសាស្ត្រ​ដ៏​គួរឱ្យ​រំភើប ដោយ​ការ​ក្លាយជា​ក្រុម​ដំបូង​គេ​របស់​អាស៊ីអាគ្នេយ៍​ដែល​​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល។

    បើសិន​ធ្វើបាន​ដូច្នេះ ក្រុមកីឡា​ការិនី​បាល់ទាត់​ហ្វ៊ី​លី​ពី​ន នឹង​បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន។ ការកំណត់​របស់ FIFA បាន​ចែងថា បណ្ដា​ក្រុមបាល់ទាត់​ដែល​ចូលរួម​ប្រកួត​នឹង​បានទទួល​ប្រាក់រង្វាន់ 1.56 លាន​ដុល្លារ​អាម៉េរិក ខណៈដែល​កីឡាការិនីម្នាក់ៗនឹង​បានទទួល​ប្រាក់រង្វាន់ 30,000 ដុល្លារ​អាម៉េរិក​បន្ថែម​ទៀត។

    ខ្ទង់​ប្រាក់រង្វាន់​ខាងលើ​នឹង​កើនឡើង​ នៅពេល​ឡើងដល់​ដំណាក់កាល​ខ្ពស់ជាង​នេះ។ សម្រាប់​ហ្វ៊ី​លី​ពី​ន បើសិន​បាន​ឡើងដល់​វគ្គ 1/8 ក្រុម​នេះ​នឹង​បានទទួល​ប្រាក់រង្វាន់ 1.87 លាន​ដុល្លារ​អាម៉េរិក គ្រា​ដែល​កីឡាការិនីម្នាក់ៗនឹង​បានទទួល 60,000 ដុល្លារ ខ្ពស់ជាង​ពីរដង​ធៀប​នឹង​វគ្គ​ចែក​ពូ​ល។ ប្រាក់រង្វាន់​នេះ​កើនឡើង​ថែមទៀត បើសិន​ពួកគេ​បាន​ឡើងដល់​វគ្គ​ខ្ពស់ជាង​នេះ។

    FIFA បាន​បង្កើន​ប្រាក់រង្វាន់​របស់ World Cup នារី​ឆ្នាំ 2023 ឡើងដល់ 110 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង 3 ដង បើ​ធៀប​នឹង​ឆ្នាំ 2019 ហើយ​ស្មើ​​នឹង 1/3 នៃ World Cup 2022 នៅ​កាតា។

    បើសិនជា​បានឈ្នះ​ន័​រ​វែ​ស ហ្វ៊ី​លី​ពី​ន​នឹង​បាន​ឡើងទៅ​វគ្គ​បន្ទាប់។ ក្នុងករណី​ស្មើ តំណាង​របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ​នឹងមាន 4 ពិន្ទុ និង​គ្រាប់​បាល់​ចំណេញស្មើ​នឹង​ -1។ ពេលនោះ ហ្វ៊ី​លី​ពី​ន​នឹងត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការប្រកួត​រវាង​ក្រុម​ស្វ៊ី​ស និង​នូ​វែ​ល​សេ​ឡង់។

    កាលពី​អតីតកាល ក្រុម​នារី​ថៃ​គឺជា​ក្រុម​ដំបូងគេ​​របស់​អាស៊ីអាគ្នេយ៍​ដែល​បាន​ឡើងទៅ​ប្រកួត​នៅ World Cup ហើយក៏​បានឈ្នះ​មួយ​ប្រកួត។ ក្រុម​នេះ​បានឈ្នះ​កូត​ឌឺ​វ័រ​ក្នុង​លទ្ធផល 3-2 នៅ World Cup 2015។ ក៏ប៉ុន្តែ ក្រុម​នារី​ថៃ​ពេលនោះ​ត្រូវ​ឈរ​លំដាប់​ទី​បី​នៅក្នុង​ពូ​ល​របស់ខ្លួន និង​មិនអាច​ឡើងទៅ​វគ្គ​ជម្រុះ​ផ្ទាល់៕

  • រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ការស្រោចស្រព អនុញ្ញាតឱ្យ​កសិករ​ដាំ​រុក្ខជាតិ​ដែលមាន​តម្លៃ​ខ្ពស់​នៅលើ​សមុទ្រ​ខ្សាច់​ទំហំ​មួយ​លាន​ហិកតា។

    សមុទ្រ​ខ្សាច់ Ulan Buh ដែលមាន​ផ្ទៃក្រឡា​មួយ​លាន​ហិកតា គឺជា​សមុទ្រ​ខ្សាច់​ធំជាងគេ​លំដាប់​ទី 8 នៅ​ប្រទេស​ចិន។ Ulan Buh ធ្លាប់​ល្បី​ឈ្មោះថា​ជា​ប្រភព​នៃ​ព្យុះ​ខ្សាច់​ប្រចាំឆ្នាំ​ដែលតែង​តែ​​វាយលុក​ភាគ​ខាងជើង​ប្រទេស​ចិន។

    បច្ចុប្បន្ន វិធានការ​ជាច្រើន​ត្រូវបាន​អនុញ្ញាត​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ខាងលើ ក្នុងនោះ​មានដូចជា ការរារាំង​ខ្យល់ និង​ការកែលំអ​បរិស្ថាន​ធម្មជាតិ​ជាដើម ហើយ​បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ ក៏ដូចជា​សកម្មភាព​ស្រោចស្រព​ដំណាំ​របស់​ពលរដ្ឋ​ក្នុង​តំបន់។ ចំពោះ​ការដាំដុះ ការស្រោចស្រព​តាមបែប​បាញ់​ទឹកជា​រង្វង់​មូល​នេះ​គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​នៅក្នុង​ការរក្សា​ទឹក។

    ដោយ​ការប្រឹងប្រែង​ដើម្បី​កែលំអ​លក្ខខណ្ឌ​ធម្មជាតិ ដី​ជាង 30,000 ហិកតា​នៅ​តំបន់​សមុទ្រ​ខ្សាច់ Ulan Buh នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាំ​រុក្ខជាតិ​ដែលមាន​គុណភាព​ខ្ពស់ ដែល​ភាគច្រើន​គឺជា​ស្រូវ​សាលី, ស្មៅ leymus chineensis និង​ស្មៅ alfalfa ជាដើម។ បរិមាណ​នៃ​ដំណាំ​ខាងលើ រកប្រាក់​ចំណូល​ប្រចាំឆ្នាំបាន​​លើសពី 97.7 លាន​ដុល្លារ​អាម៉េរិក។

    បច្ចុប្បន្ន បណ្ដាញ​ឧស្សាហកម្ម​មួយ​ដែល​រួមមាន​ទាំង​ការដាំដុះ ការបណ្ដុះ​ពូជ ការទិញ និង​លក់​ផលិតផល​កសិកម្ម​នៅ​តំបន់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្រេចបាន​គោលដៅ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​សមុទ្រ​ខ្សាច់ និង​កសិកម្ម។

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​​ខាងលើ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ Dengkou របស់​ទីក្រុង Bayannur ក្នុង​តំបន់​ស្វយ័តម៉ុងហ្គោលី​ខាង​ក្នុង នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​៕

  • World Cup នារី 2023 ត្រូវបាន​សម្ពោធ​បើក​ការប្រកួត​ជា​ផ្លូវ​ការ​

    World Cup នារី 2023 ត្រូវបាន​សម្ពោធ​បើក​ការប្រកួត​ជា​ផ្លូវ​ការ​

    (នូ​វែ​ល​សេ​ឡង់) – ពិធី​​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួតបាល់​ទាត់​ World Cup នារី 2023 ត្រូវបាន​ធ្វើឡើង​ប្រហែល​តែ 15 នាទី​ប៉ុណ្ណោះ មុនពេល​ចាប់​ផ្ដើម​ការប្រកួត​រវាង នូ​វែ​ល​សេ​ឡង់ និង​ន័​រវេ​ស​។

    ក្រោយពី​ក្រុម​កីឡាករ​របស់​ក្រុម​ទាំងពីរ​ចាប់ផ្ដើម​កម្ដៅ​សាច់ដុំ​រួច គណៈកម្មការ​ក៏​បិទ​ភ្លើង​នៅ​កីឡដ្ឋាន Eden Park។ ក្រុម​សិល្បករ​ក្នុង​សម្លៀកបំពាក់​ជនជាតិដើម​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ឈាន​ជើង​ចេញមក​ទីលាន។ ពួកគេ​ច្រៀង និង​រាំ​របាំ​បុរាណ​រួម​នឹង​បុគ្គលិក​ស្ម័គ្រចិត្ត 200 នាក់ នៅក្នុង​ឈុត​សម្លៀកបំពាក់​របស់​ក្រុមបាល់ទាត់ទាំង 32 ​ដែល​ចូលរួម World Cup នារី 2023។

    បន្ទាប់ពី​ការសម្ដែង​របស់​ក្រុម​សិល្បករ សិល្បការិនី​ តំណាង​របស់​បណ្ដា​ក្រុមបាល់ទាត់ ក៏បាន​​ចូលរួម​ដាក់​គ្រាប់​បាល់ Oceaunz ដែល​ជា​គ្រាប់​បាល់​​ផ្លូវការ​របស់​ពានរង្វាន់ World Cup នារី 2023 នៅ​​កណ្ដាល​ទីលាន។ គណៈ​កម្ម​ក៏​ប្រកាស​បង្ហាញ​ក្រុម​ដែល​ចូលរួម World Cup នេះ ទៅតាម​តួ​អក្ខរក្រម នៅ​លើ​អេក្រង់​ទូរទស្សន៍។

    គ្រាប់​បាល់ Oceaunz បានចាប់ផ្ដើម​រមៀល​នៅលើ​ទីលាន​របស់​កីឡដ្ឋាន Eden Park ហើយ​ការប្រកួត​បាល់ទាត់ World Cup នារី 2023 ក៏បាន​ចាប់ផ្ដើម​ជា​ផ្លូវការ៕

     

    ក្រោយមកទៀត តារាចម្រៀង Mallrat របស់​អូស្ត្រាលី និង BENEE របស់​នូ​វែ​ល​សេ​ឡង់ ក៏​ឡើង​សម្ដែង និង​ច្រៀង​បទ​ចម្រៀង​ផ្លូវការ​របស់ World Cup នារី 2023 ដែលមាន​ឈ្មោះថា Do It Again។

    បន្ទាប់ពី​ការសម្ដែង​បានបញ្ចប់ ក្រុម​ស្ម័គ្រចិត្ត​ក៏​ប្រញាប់​ប្រមូល​សម្ភារ​សម្ដែង ដើម្បី​ទុក​កន្លែង​ឱ្យ​ក្រុមបាល់ទាត់​នារី​របស់​នូ​វែ​ល​សេ​ឡង់ និង​ន័​រវេ​ស ចូល​ប្រកួត។ នៅពេល​ពានមាស​ដែលជា​តំណាង​របស់ World Cup នារី​ត្រូវបាន​នាំមក​កាន់​ទីលាន ក្រុម​ទាំងពីរ​ក៏​ឈាន​ជើង​ចេញពី​ផ្លូវ​ក្រោម​ដី អម​នឹង​ស្នូរ​ទះដៃ​របស់​ទស្សនិកជន។

     

  • កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស ប្រវែង 323.6 ម៉ែត្រ ដែល​ត្រូវបាន​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​ចល័ត បានចាប់ផ្ដើម​ធ្វើដំណើរ​ជើង​ដំបូង​នៅលើ​សមុទ្រ ដែល​នឹង​ចំណាយពេល 9 ថ្ងៃ។

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ដំបូង​ដែល​ផលិត​ដោយ​វិស្វករ​ក្នុងស្រុក​របស់​ប្រទេស​ចិន បាន​ចាក​ចេញពី​កំពង់ផែ​នៅ​សៀង​ហៃ​កាលពី​ថ្ងៃទី 17 កក្កដា ដើម្បី​ចាប់ផ្ដើម​ដំណើរការ​សាកល្បង។ កប៉ាល់​ដែលមាន​ឈ្មោះថា Adora Magic City (H1508) នេះ នឹង​បរ​លើ​ផ្ទៃសមុទ្រ​ចំនួន 9 ថ្ងៃ។ នេះ​បើតាម​ទំព័រ CGTN ដកស្រង់​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផលិត​កប៉ាល់​សៀង​ហៃ Waigaoqiao។

    ដោយមាន​បណ្ដោយ 323.6 ម៉ែត្រ ទទឹង 37.2 ម៉ែត្រ និង​ទម្ងន់ 135,500 តោន កប៉ាល់ Adora Magic City អាចដាក់​មនុស្ស​បានជា​ង 6,500 នាក់ នៅក្នុង​កាប៊ីន​ចំនួន 2,826។ កប៉ាល់​នេះ​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​លើ​សមុទ្រ ព្រោះ​តែមាន​កន្លែង​កម្សាន្ត​ជាច្រើន។ Adora Magic City មាន​សា​លម​ហោច​ស្រព ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួន​ទឹក និង​ច្រករបៀង​សិល្បៈ។ល។

    ជោគជ័យ​ក្នុងការ​សាងសង់​កប៉ាល់ Adora Magic City នេះ បាន​ជួយ​ឱ្យ​ចិន​ក្លាយជា​ប្រទេស​ទី​ប្រាំ​លើ​ពិភពលោក ដែលមាន​សមត្ថភាព​ស្ថាបនា​កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​ហ្វាំ​ង​ឡង់៕

  • ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    នេះ​នឹង​ក្លាយជា​រោងចក្រ​ផលិត​​រថយន្ត​អគ្គិសនី​ដំបូង​នៅ Carolina ខាងជើង​របស់​ក្រុមហ៊ុន​វៀតណាម VinFast ដែល​នឹង​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​អាម៉េរិក​ខាងជើង។

    នៅ​ថ្ងៃទី 19 កក្កដា 2023 នេះ VinFast បានប្រកាស​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅក្នុង​រដ្ឋ Carolina ខាងជើង របស់​សហរដ្ឋ​អាម៉េរិក នៅ​ថ្ងៃទី 28 កក្កដា​ខាងមុខ។ រោងចក្រ​នេះ​មាន​ទីតាំង​នៅក្នុង​តំបន់ឧស្សាហកម្ម Triangle Innovation Point របស់​ស្រុក Chatham ក្នុង​រដ្ឋ Carolina ខាងជើង។ គម្រោង​ដែល​ស្ថិតនៅលើ​ផ្ទៃដី​ប្រហែល 733 ហិកតា​នេះ គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង/ឆ្នាំ នៅក្នុង​ដំណាក់កាល​ទីមួយ។

    យោងតាម​ក្រុមហ៊ុន VinFast រោងចក្រ​ខាងលើ​គ្រោង​នឹង​ផ្ដើម​ការផលិត​ចាប់ពី​ឆ្នាំ 2025។ មុន​នោះ VinFast ក៏បាន​ប្រកាសថា បានទទួល​ការអនុគ្រោះ​ក្នុងតម្លៃ 1.2 ពាន់​លាន​ដុល្លារ​ពី​រដ្ឋបាល​រដ្ឋ Carolina ខាងជើង, ទីក្រុង Sanford, តំបន់ Chatham និង​មូលនិធិ Golden Leaf ផងដែរ សម្រាប់​គម្រោង​សាងសង់​រោងចក្រ​នេះ។

    នៅ​ប្រទេស​វៀតណាម VinFast បានប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​ចំនួន​ជាង 11 ពាន់​គ្រឿង នៅក្នុង 6 ខែ​ដើម​ឆ្នាំនេះ ក្នុងនោះ​មាន 3,155 គ្រឿង ត្រូវបាន​ប្រគល់​ក្នុង​ខែមិថុនា​កន្លងទៅ៕

  • ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

    ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

    យានអវកាស​ដឹក​មនុ​ស្ស​ថ្មី​របស់​ប្រទេស​ចិន អាចដាក់​មនុស្ស​បាន 7 នាក់ ហើយ​គ្រឿងសំខាន់ៗរបស់​យាន​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​បាន​រហូតដល់ 10 ដង។

    Yang Liwei ដែលជា​អនុប្រធាន​កម្មវិធី​អវកាស​មាន​មនុស្ស​បើកបរ របស់​ទីភ្នាក់ងារ​អវកាស​ចិន បានឱ្យដឹងថា យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ដំបូង​គេ​របស់​ប្រទេស​ចិន នឹងត្រូវ​បាន​បាញ់​បង្ហោះ​យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ 2027។ កាលពី​ថ្ងៃទី 17 កក្កដា 2023 លោក Yang បានឱ្យដឹងថា យាន​ថ្មី​នេះ​អាច​ដឹក​មនុ​ស្សបាន 7 នាក់។ ប្រការ​នោះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​សាងសង់​ស្ថានីយ​អវកាស​ចិន និង​បេសកកម្ម​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    យាន​គំរូ​ដែលមាន​ទំហំ​តាម​ខ្នាត​ផ្លូវការ​មួយគ្រឿង​របស់​ស្ថាប័ន​ខាងលើ បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ជើងហោះហើរ​​សាក​ល្បង​​រយៈ​ពេល 67 ម៉ោង និង​ប្រើប្រាស់​រ៉ុក្កែត Long March 5 កាលពី​ឆ្នាំ 2020។

    តាម​ទ្រឹស្ដី យ៉ាងហោចណាស់ បណ្ដា​គ្រឿងសំខាន់ៗរបស់​យានអវកាស​នេះ អាច​ប្រើប្រាស់​ឡើងវិញ​បាន 10 ដង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន។

    យានអវកាស​ថ្មី​ខាងលើ​របស់​ប្រទេស​ចិន អាច​បៀ​ប​ស្មើ​ទៅនឹង​បណ្ដា​យានអវកាស​ជំនាន់​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក ដែលមាន​ដូចជា យាន Dragon V2 របស់ SpaceX និង CST-100 Starliner របស់ Boeing ជាដើម៕

  • អាហ្វ្រិក​ខាងត្បូង​ថា «ចាប់​លោក ពូ​ទីន គឺ​ស្មើនឹង​ប្រកាសសង្គ្រាម​នឹង​រុស្ស៊ី»

    អាហ្វ្រិក​ខាងត្បូង​ថា «ចាប់​លោក ពូ​ទីន គឺ​ស្មើនឹង​ប្រកាសសង្គ្រាម​នឹង​រុស្ស៊ី»

    ប្រធានាធិបតី Ramaphosa និយាយថា អាហ្វ្រិក​ខាងត្បូង​ចាប់ខ្លួន​លោក ពូ​ទីន នឹង​មានន័យថា ប្រកាសសង្គ្រាម​ជាមួយនឹង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​បក្សប្រឆាំង​ចង់ឱ្យ រដ្ឋធានី​ព្រី​តូ​រី​យ៉ា អនុវត្ត​បទបញ្ជា​តាម​ចាប់ខ្លួន​របស់​តុលាការ ICC។

    «រុស្ស៊ី​បានប្រកាស​ហើយ​ថា ការចាប់ខ្លួន​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន គឺ​ស្មើនឹង​ការប្រកាសសង្គ្រាម» ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa សរសេរ​លិខិត​ផ្ញើ​ទៅកាន់​តុលាការ​កំពូល Gauteng ដែលមាន​យុត្តាធិការ​លើ ព្រី​តូ​រី​យ៉ា ដូច្នេះ។

    ការលើកឡើង​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ខាងលើ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ (DA) របស់​ក្រុមប្រឆាំង ចង់ឱ្យ​រដ្ឋធានី​ព្រី​តូ​រី​យ៉ា គោរព​តាម​បទបញ្ជា​តាម​ចាប់ខ្លួន​ប្រធានាធិបតី ពូ​ទីន ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។ លោក Ramaphosa ពន្យល់ថា ការបង្ក​សង្គ្រាម​ជាមួយនឹង​រុស្ស៊ី គឺ​មិន​សមស្រប​នឹង​រដ្ឋធម្មនុញ្ញ​របស់​អា​ហ្វ្រិ​ក​ខាងត្បូង ហើយ​ផ្ទុយ​ពី​ការទទួលខុសត្រូវ​ក្នុងការ​ការពារជាតិរ​បស់​រដ្ឋាភិបាល។

    ឆ្លើយតប​នឹង​ប្រ​ធានា​ធិ​ប​តិ Ramaphosa មេដឹកនាំ​របស់ DA លោក John Steenhuisen យល់ថា ការបកស្រាយ​របស់លោក Ramaphosa គឺ​គួរឱ្យ​អស់សំណើច និង​រាក់​កំភែល ហើយ​ថា «…ប្រការ​សំខាន់​គឺ​ត្រូវ​រក្សា​កាតព្វកិច្ច​អន្តរជាតិ​ប្រកបដោយ​តម្លាភាព»។

    អាហ្វ្រិក​ខាងត្បូង កំពុងតែ​មានការ​រារែក ចាប់តាំងពី ICC ចេញ​បទបញ្ជា​តាម​ចាប់ខ្លួន​ប្រធានាធិបតី ពូ​ទីន កាលពី​ខែមីនា ក្រោម​បទ​ចោទថា «បាន​ផ្លាស់​ទី​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់»។ យោងតាម​គោលការណ៍​របស់តុលាការ ICC សមាជិក​ចំនួន 123 ប្រទេស​របស់តុលាការ​នេះ ក្នុងនោះ​មាន​អាហ្វ្រិក​ខាងត្បូង មាន​កាតព្វកិច្ច​ចាប់ខ្លួន​មេដឹកនាំ​រុស្ស៊ី និង​បញ្ជូន​ទៅកាន់​ហូ​ឡង់ ដើម្បី​កាត់ទោស បើសិនជា​លោក ពូ​ទីន ឈាន​ជើង​ចូលដល់​ទឹកដី​របស់​ពួកគេ។

    ចំណែក​ភាគី​ខាង​រុស្ស៊ី​វិញ និយាយថា បទបញ្ជា​តាម​ចាប់ខ្លួន​របស់ ICC គឺជា​រឿង​គ្មាន​ន័យ។ រុស្ស៊ី​ធ្លាប់បាន​ចូលរួម​ជា​សមាជិក​របស់ ICC ប៉ុន្តែ​បាន​ដកខ្លួន និង​លែង​ទទួលស្គាល់​ស្ថាប័ន​នេះ។

    អាហ្វ្រិក​ខាងត្បូង​កំពុងតែ​ធ្វើជា​ប្រធាន BRICS ដែលជា​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ទើបតែ​លេចធ្លោ ដោយមាន​សមាជិក​ចំនួន​ប្រាំ​ប្រទេស រួមមាន​ទាំង ចិន រុស្ស៊ី ឥណ្ឌា និង​ប្រេ​ស៊ី​ល។ អាហ្វ្រិក​ខាងត្បូង​គ្រោង​នឹង​ប្រារព្ធ​កិច្ចប្រជុំ​កំពូល BRICS លើក​ទី 15 ចាប់ពី​ថ្ងៃទី 22 ដល់ 24 សីហា​ខាងមុខ។

    ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​តុលាការ ICC អាហ្វ្រិក​ខាងត្បូង​បាន​ស្នើឱ្យ​រុស្ស៊ី អនុញ្ញាតឱ្យ​រដ្ឋមន្ត្រីការបរទេស Sergei Lavrov មក​ចូលរួម​កិច្ចប្រជុំ​ជំនួស​លោក ពូ​ទីន ប៉ុន្តែ ទីក្រុង​មូ​ស្គូ បាន​បដិសេធ​សំណើ​នេះ៕