អាហ្វ្រិក​ខាងត្បូង​ថា «ចាប់​លោក ពូ​ទីន គឺ​ស្មើនឹង​ប្រកាសសង្គ្រាម​នឹង​រុស្ស៊ី»

លោក​ ពូទីន និង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង

ប្រធានាធិបតី Ramaphosa និយាយថា អាហ្វ្រិក​ខាងត្បូង​ចាប់ខ្លួន​លោក ពូ​ទីន នឹង​មានន័យថា ប្រកាសសង្គ្រាម​ជាមួយនឹង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​បក្សប្រឆាំង​ចង់ឱ្យ រដ្ឋធានី​ព្រី​តូ​រី​យ៉ា អនុវត្ត​បទបញ្ជា​តាម​ចាប់ខ្លួន​របស់​តុលាការ ICC។

«រុស្ស៊ី​បានប្រកាស​ហើយ​ថា ការចាប់ខ្លួន​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន គឺ​ស្មើនឹង​ការប្រកាសសង្គ្រាម» ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa សរសេរ​លិខិត​ផ្ញើ​ទៅកាន់​តុលាការ​កំពូល Gauteng ដែលមាន​យុត្តាធិការ​លើ ព្រី​តូ​រី​យ៉ា ដូច្នេះ។

ការលើកឡើង​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ខាងលើ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ (DA) របស់​ក្រុមប្រឆាំង ចង់ឱ្យ​រដ្ឋធានី​ព្រី​តូ​រី​យ៉ា គោរព​តាម​បទបញ្ជា​តាម​ចាប់ខ្លួន​ប្រធានាធិបតី ពូ​ទីន ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។ លោក Ramaphosa ពន្យល់ថា ការបង្ក​សង្គ្រាម​ជាមួយនឹង​រុស្ស៊ី គឺ​មិន​សមស្រប​នឹង​រដ្ឋធម្មនុញ្ញ​របស់​អា​ហ្វ្រិ​ក​ខាងត្បូង ហើយ​ផ្ទុយ​ពី​ការទទួលខុសត្រូវ​ក្នុងការ​ការពារជាតិរ​បស់​រដ្ឋាភិបាល។

ឆ្លើយតប​នឹង​ប្រ​ធានា​ធិ​ប​តិ Ramaphosa មេដឹកនាំ​របស់ DA លោក John Steenhuisen យល់ថា ការបកស្រាយ​របស់លោក Ramaphosa គឺ​គួរឱ្យ​អស់សំណើច និង​រាក់​កំភែល ហើយ​ថា «…ប្រការ​សំខាន់​គឺ​ត្រូវ​រក្សា​កាតព្វកិច្ច​អន្តរជាតិ​ប្រកបដោយ​តម្លាភាព»។

អាហ្វ្រិក​ខាងត្បូង កំពុងតែ​មានការ​រារែក ចាប់តាំងពី ICC ចេញ​បទបញ្ជា​តាម​ចាប់ខ្លួន​ប្រធានាធិបតី ពូ​ទីន កាលពី​ខែមីនា ក្រោម​បទ​ចោទថា «បាន​ផ្លាស់​ទី​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់»។ យោងតាម​គោលការណ៍​របស់តុលាការ ICC សមាជិក​ចំនួន 123 ប្រទេស​របស់តុលាការ​នេះ ក្នុងនោះ​មាន​អាហ្វ្រិក​ខាងត្បូង មាន​កាតព្វកិច្ច​ចាប់ខ្លួន​មេដឹកនាំ​រុស្ស៊ី និង​បញ្ជូន​ទៅកាន់​ហូ​ឡង់ ដើម្បី​កាត់ទោស បើសិនជា​លោក ពូ​ទីន ឈាន​ជើង​ចូលដល់​ទឹកដី​របស់​ពួកគេ។

ចំណែក​ភាគី​ខាង​រុស្ស៊ី​វិញ និយាយថា បទបញ្ជា​តាម​ចាប់ខ្លួន​របស់ ICC គឺជា​រឿង​គ្មាន​ន័យ។ រុស្ស៊ី​ធ្លាប់បាន​ចូលរួម​ជា​សមាជិក​របស់ ICC ប៉ុន្តែ​បាន​ដកខ្លួន និង​លែង​ទទួលស្គាល់​ស្ថាប័ន​នេះ។

អាហ្វ្រិក​ខាងត្បូង​កំពុងតែ​ធ្វើជា​ប្រធាន BRICS ដែលជា​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ទើបតែ​លេចធ្លោ ដោយមាន​សមាជិក​ចំនួន​ប្រាំ​ប្រទេស រួមមាន​ទាំង ចិន រុស្ស៊ី ឥណ្ឌា និង​ប្រេ​ស៊ី​ល។ អាហ្វ្រិក​ខាងត្បូង​គ្រោង​នឹង​ប្រារព្ធ​កិច្ចប្រជុំ​កំពូល BRICS លើក​ទី 15 ចាប់ពី​ថ្ងៃទី 22 ដល់ 24 សីហា​ខាងមុខ។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​តុលាការ ICC អាហ្វ្រិក​ខាងត្បូង​បាន​ស្នើឱ្យ​រុស្ស៊ី អនុញ្ញាតឱ្យ​រដ្ឋមន្ត្រីការបរទេស Sergei Lavrov មក​ចូលរួម​កិច្ចប្រជុំ​ជំនួស​លោក ពូ​ទីន ប៉ុន្តែ ទីក្រុង​មូ​ស្គូ បាន​បដិសេធ​សំណើ​នេះ៕

Advertisement