Tag: កិច្ចប្រជុំ

  • មហាសេដ្ឋី​ចិន Jack Ma ខ្លាច​ក្រុមហ៊ុន Alibaba មាន​វាសនា​​ដូច Nokia

    មហាសេដ្ឋី​ចិន Jack Ma ខ្លាច​ក្រុមហ៊ុន Alibaba មាន​វាសនា​​ដូច Nokia

    លោក Jack Ma ដកស្រង់​បទពិសោធន៍​បរាជ័យរ​បស់ Nokia, Kodak ដើម្បី​ព្រមាន​ដល់ Alibaba ថា ត្រូវតែ​ផ្ដោត​សំខាន់​ទៅលើ Taobao និង​ត្រូវ​បន្ត​ធ្វើជា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត។

    ប្រភពព័ត៌មាន​ពី SCMP ឱ្យដឹងថា កាលពី​ចុងខែ​ឧសភា ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​កោះប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​អ្នកគ្រប់គ្រង រម្លឹក​ពួកគេ​ឱ្យ​ផ្ដោត​ការយកចិត្ត​ទុក​ដា​ក់ឡើ​ង​វិញ​ទៅលើ​ផ្សារ​អន​ឡាញ Taobao និង​អ្នកប្រើប្រាស់ ដើម្បី​អាចរ​ស់បាន​នៅក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច និង​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា។

    កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុនពេល​សាជីវកម្ម​នេះ​ប្រកាសថា មេដឹកនាំ Taobao លោក Eddie Wu Yongming នឹង​ចូលមក​កាន់តំណែង CEO របស់ Alibaba ចាប់ពី​ថ្ងៃទី 10 កញ្ញា​។ ចំណែក CEO បច្ចុប្បន្ន​គឺ​លោក Daniel Zhang Yong នឹងត្រូវ​លាលែង​ដើម្បី​ទៅគ្រប់​គ្រង Alibaba Cloud។ លោក Yong ក៏​នឹងត្រូវ​បោះបង់​តំណែង​ប្រធាន ដោយ​ប្រគល់​ទៅឱ្យ​អនុប្រធាន Joe Tsai។

    ទីស្នាក់​ការ​កណ្ដាល​មួយ​នៅ​ប្រទេស​ចិន​របស់​ក្រុម​ហ៊ុន​ចិន Alibaba

    ក្រុម​មេដឹកនាំសំខាន់ៗរបស់ Taobao និង Tmall របស់ Alibaba បាន​និយាយថា បើ​ទោះ​លោក Ma បាន​បោះ​បង់​រាល់​តួនាទី​នៅក្នុង​ក្រុមហ៊ុន ប៉ុន្តែ លោក​នៅតែ​ជា​មេដឹកនាំ​ផ្នែក​ស្មារតី​របស់​សាជីវកម្ម​ដែល​លោក​បាន​បង្កើត។ ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជា​ប្រធាន​ក្រុមហ៊ុន Alibaba បាន​ថ្លែងថា លោក Jack Ma នៅតែ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន Alibaba។

    លោក Jack Ma ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុនពេល​បង្កើត​ក្រុមហ៊ុន Alibaba។ គិត​មកដល់ពេលនេះ លោក Ma កំពុង​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​យ៉ាងតិច​បួន​ដែល​ស្ថិតនៅ​ខាងក្រៅ​ចិនដីគោក ក្នុងនោះ​ក៏មាន​សាកលវិទ្យាល័យ​ហុងកុង សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​អ៊ីស្រាអែល​ផងដែរ៕

  • មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

    មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

    ប្រធាន​បច្ចុប្បន្ន​របស់​​ក្រុម​ហ៊ុន​ Alibaba បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ថាបនិក​ លោក Jack Ma មិន​មាន​បញ្ហា​អ្វី​ទេ និង​កំពុង​ចំណាយ​ពេល​វេលា​ច្រើនជាង​មុន​​នៅ​ប្រទេស​ចិន​។

    «ជា​ដំបូង លោក Jack នៅ​មាន​ជីវិត​។ គាត់​គ្មាន​បញ្ហា​អ្វី​ទេ​ និង​មាន​សេចក្ដី​សុខ​» ប្រធាន​ក្រុម​ហ៊ុន​ Alibaba លោក Michael Evans និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ Viva Tech នៅ​ប៉ារីស កាល​ពី​ថ្ងៃទី 15 មីថុនា​ដូច្នេះ​។ លោក Evans ក៏​បាន​ឱ្យ​ដឹង​ថា លោក Jack Ma «កំពុង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​ចំណាយ​ពេល​វេលា​នៅ​ប្រទេស​ចិន​ច្រើន​ជាង​មុន​»។

    ដំណឹង​ខាងលើ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​អ្នក​សួរ​អំពី​ស្ថានភាព​​​ស្ថាបនិក​របស់ Alibaba​។ យោង​តាម​ CNBC ប្រការ​នេះ​បង្ហាញ​ថា សុខ​ទុក្ខ​របស់​មហា​សេដ្ឋី​ចិន​ Jack Ma នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ក្រោយ​ពី​ក្រុម​ហ៊ុន​របស់​លោក​មាន​បញ្ហាខ្លះ​​ជាមួយ​ទីក្រុង​ប៉េកាំង​ ដោយ​សារ​ច្បាប់​រឹត​បន្តឹង​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ នា​ពេល​កន្លង​។

    លោក Evans ថ្លែង​ថា លោក Jack Ma នៅ​តែ​ជា​ភាគហ៊ុនិក​ធំជាង​គេ​របស់​ក្រុម​ហ៊ុន Alibaba។ ការ​បង្ហាញ​វត្តមាន​របស់​លោក Jack Ma នេះ​ គឺចំ​ពេល​ដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ និង​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ ក្រោយ​ពីបាន​​រឹត​បន្តឹង​វិស័យ​បច្ចេក​វិទ្យា​អស់ជា​ច្រើន​ឆ្នាំ​៕

  • មី​ស៊ី​ល​កូរ៉េខាងជើង​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ភ័យ​ស្លន់​ស្លោ មុន​ពេល​​ធ្លាក់ចូល​សមុទ្រ​បាត់​ស្រមោល

    មី​ស៊ី​ល​កូរ៉េខាងជើង​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ភ័យ​ស្លន់​ស្លោ មុន​ពេល​​ធ្លាក់ចូល​សមុទ្រ​បាត់​ស្រមោល

    កូរ៉េខាងជើង​បានបញ្ជាក់​ថា រ៉ុក្កែត​​ដឹក​ផ្កាយរណប​យោធា​បាន​ធ្លាក់ចូល​សមុទ្រ​ ដោយសារតែ​មាន​បញ្ហា​ក្នុងពេល​បាញ់​បង្ហោះ​នៅ​ព្រឹក​នេះ។

    «រ៉ុក្កែត​រុញច្រាន Cheollima-1 ដែល​នាំយក​ផ្កាយរណប​ឈ្លបយកការណ៍​ផ្នែក​យោធា បាន​ធ្លាក់ចូល​តំបន់​សមុទ្រ​ភាគ​ខាងលិច ព្រោះតែ​បាត់បង់​ថាមពល ដោយសារ​មាន​បញ្ហា​ក្នុងការ​បញ្ឆេះ​ម៉ាស៊ីន​នៅ​កំណាត់​ទី​ពីរ» ទីភ្នាក់ងារសារព័ត៌មាន​មជ្ឈិម​កូរ៉េខាងជើង (KCNA) ថ្ងៃទី 31 ឧសភា​នេះ បាន​រាយការណ៍​ដូច្នេះ។

    មុន​នោះ អគ្គសេនាធិការ​ចម្រុះ​នៃ​សាធារណរដ្ឋ​កូរ៉េ (JSC) ឱ្យដឹងថា នៅវេលា​ម៉ោង 06:29 (ម៉ោង​ប្រហែល 4 កន្លះ​នៅ​កម្ពុជា) កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​ពី​តំបន់ Tongchang-ri នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប្រទេស ឆ្ពោះទៅ​ទិស​ខាងត្បូង។

    រ៉ុក្កែត​កូរ៉េខាងជើង ហោះ​លើ​លំហ​សមុទ្រ​របស់​កោះ Baengnyeong នៅ​ភាគ​ខាងលិច​ប្រទេស​កូរ៉េខាងត្បូង និង​មិន​ប៉ះពាល់​ដល់​រដ្ឋធានី​សេ​អ៊ូ​ល។ យោងតាម JSC ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​បើក​កិច្ចប្រជុំ​បន្ទាន់​ផងដែរ។

    កងទ័ព​កូរ៉េខាងត្បូង​ក៏បាន​ដឹងថា រ៉ុក្កែត​នេះ​បាន​បាត់​ខ្លួន​ពី​រ៉ា​ដា​មុនពេល​ហោះ​ទៅដល់​គោលដៅ​​ដែល​បានគ្រោង​ទុក និង​បាន​សន្និដ្ឋានថា វា​បាន​ផ្ទុះ​លើ​អាកាស ឬ​ធ្លាក់ចូល​សមុទ្រ។

    សា​រ៉ែ​ន​ប្រកាសអាសន្ន​បាន​បន្លឺឡើង​នៅ​រដ្ឋធានី​សេ​អ៊ូ​ល នៅ​ម៉ោង​ប្រហែល 6 កន្លះ គ្រា​ដែល​អាជ្ញាធរ​ស្នើឱ្យ​ប្រជាជន​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ការជម្លៀស។ ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង ក្រោយមក​បានឱ្យដឹងថា ការប្រកាសអាសន្ន​ពី​អាជ្ញាធរ​សេ​អ៊ូ​ល គឺ​ «មិន​ត្រឹមត្រូវ»។ ចំណែក​ការជូន​ដំណឹង​​អំពី​ការជម្លៀស​នៅ​តំបន់​ក្បែរ​ព្រំដែន​ភាគ​ខាងលិច​របស់​កូរ៉េខាងត្បូង ក៏ត្រូវ​បាន​ដកចេញ​នៅវេលា​ម៉ោង​ប្រហែល 8 ព្រឹក។

    នៅ​ប្រទេស​ជប៉ុន​វិញ អាជ្ញាធរ​ក៏បាន​ចេញ​សេចក្ដីជូន​ដំណឹង​​ទាក់ទង​នឹង​បញ្ហា​ខាងលើ​តាមរយៈ​ប្រព័ន្ធ J-Alert។ ប៉ុន្តែ​ក្រោយមក ប្រព័ន្ធនេះ​​ក៏បាន​ប្រាប់ថា រ៉ុក្កែត​នឹងមិន​ហោះ​រំលង​ទឹកដី​ជប៉ុន ហើយក៏​បាន​ដក​ចោល​សេចក្ដី​ជូន​ដំណឹង​​នេះ។

    ជប៉ុន មុន​នោះបាន​ឱ្យដឹងថា កូរ៉េខាងជើង​បាន​ជូនដំណឹង​មក​តូ​ក្យូ​អំពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់ពី​ថ្ងៃទី 31 ឧសភា ដល់ 11 មិថុនា។ ជប៉ុន​ក៏បាន​ប្រកាសថា នឹង​បាញ់​ទម្លាក់​រាល់​រ៉ុក្កែត​របស់​កូរ៉េខាងជើង បើសិន​វា​ត្រូវបាន​បញ្ជាក់ថា​នឹង​ធ្លាក់ចូល​ទឹកដី​ប្រទេស​នេះ។

    សហរដ្ឋ​អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន សុទ្ធតែ​យល់ថា ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង​គឺ​គ្រាន់តែ​ជា «សម្បក» ដើម្បី​សាកល្បង​មី​ស៊ី​ល ដោយសារតែ​ពួកវា​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​គ្នា។ កូរ៉េខាងជើង​ធ្លាប់បាន​បាញ់​បង្ហោះ​រ៉ុក្កែត​រុញច្រាន​ដែលមាន​ផ្ទុក​ផ្កាយរណប​កាលពី​ឆ្នាំ 2012 និង 2016 ហើយ​រ៉ុក្កែត​ទាំងនេះ​សុទ្ធតែ​បាន​ហោះ​រំលង​ខេត្ត Okinawa នៅ​ភាគខាងត្បូង​របស់​​ប្រទេស​ជប៉ុន៕

  • រូប​ភាព​ថ្មី​បំផុត​ស្ដី​ពី​សម្ភារ​ខាង​ក្នុង​របស់​រថយន្ត​អគ្គិសនី Tesla Cybertruck

    រូប​ភាព​ថ្មី​បំផុត​ស្ដី​ពី​សម្ភារ​ខាង​ក្នុង​របស់​រថយន្ត​អគ្គិសនី Tesla Cybertruck

    ក្នុង​កិច្ច​ប្រជុំ​ភាគហ៊ុនិក​ប្រចាំ​ឆ្នាំ​របស់ Tesla ដែល​ត្រូវ​បាន​ធ្វើឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះនៅ​ឯ Giga Texas គឺជា​ឱកាស​ល្អ​សម្រាប់​​ភ្ញៀវ​អញ្ជើញ ទស្សនា​​ផ្ទាល់​នឹង​ភ្នែក​ រថយន្តអគ្គិសនី Cybertruck គំរូ​ដើម​ថ្មី​បំផុត​​របស់ Testla​។

    គ្រប់​គ្នា​គិត​ថា ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ Cybertruck នៅ​ឯ​ព្រឹត្តិការណ៍​ខាង​លើ។​ ប៉ុន្តែ សំណាង​ល្អ មាន​មនុស្ស​ម្នាក់​មិន​ត្រឹម​តែ​បាន​ចូល​ខាង​ក្នុង​រថយន្ត​នេះ​នោះ​ទេ​ តែថែមទាំង​ថត​បាន​រូប​ភាព​ប៉ុន្មាន​សន្លឹក​ផងដែរ​។

    រូប​ថត​ទាំង​នេះ​ត្រូវ​បាន​បង្ហោះដោយ​ម្ចាស់​គណនី​ Yomama69 នៅ​លើ​វេទិកា Cybertruck Owners Club។ រូប​ថត​ទាំង​នេះ​ក៏​បង្ហាញ​យ៉ាង​ច្បាស់​នូវ​សម្ភារ​ខាង​ក្នុង​របស់​រថយន្ត​នេះ​ផងដែរ​។

    Tesla Cybertruck កំពុង​ស្ថិត​ក្នុងដំណាក់​កាល​ត្រៀម​ផលិត​នៅ​រដូវ​ក្ដៅ​នេះ​ ហើយ​អាច​ត្រូវ​បាន​ប្រគល់​នៅ​ចុង​ត្រីមាស​ទីបីឆ្នាំ​នេះ​។ ប្រការ​នេះ​បញ្ជាក់​ថា​​ រថយន្ត​អគ្គិសនី​ Cybertruck ​អាច​ត្រូវ​បាន​ប្រគល់​​ជូន​អតិថិជន​ ប្រហែល​នៅ​ក្នុង​ខែ​កញ្ញា​ 2023​៕

  • FIFA ជិត​ចាប់ផ្ដើម​ចូល​ស៊ើបអង្កេត ខណៈ U22 ឥណ្ឌូណេស៊ី​ប្ដេជ្ញា​ប្ដឹង​ប្រឆាំង U22 ថៃ ក្នុងករណី​នៅ​ស៊ី​ហ្គេម 2023

    FIFA ជិត​ចាប់ផ្ដើម​ចូល​ស៊ើបអង្កេត ខណៈ U22 ឥណ្ឌូណេស៊ី​ប្ដេជ្ញា​ប្ដឹង​ប្រឆាំង U22 ថៃ ក្នុងករណី​នៅ​ស៊ី​ហ្គេម 2023

    ភាគី​ខាង U22 ឥណ្ឌូណេស៊ី កំពុងតែ​មានបំណង​ពឹង FIFA កាត់ក្ដី​ករណី​អំពើហិង្សា​រវាង​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​ប្រទេស​នេះ និង​ក្រុមបាល់ទាត់​ថៃ នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ហេតុការណ៍​វាយតប់​គ្នា​រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី មិនទាន់​ត្រូវបាន​ដោះស្រាយ​រួចរាល់​នៅឡើយ បើ​ទោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023 បាន​ចប់សព្វគ្រប់។ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ចាប់ផ្ដើម​ស៊ើបអង្កេត ហើយ​ក្រុម​ទាំងពីរ​អាច​ត្រូវ​ទទួល​ការពិន័យ ភាគី​ឥណ្ឌូណេស៊ី​ក៏​បែរជា​ចង់​អញ្ជើញ​ទាំង FIFA មក​ចូលរួម​ដោះស្រាយ។

    ភាគី​ឥណ្ឌូណេស៊ី​ចង់ឱ្យ​ថៃ​ទទួលខុសត្រូវ​នៅក្នុង​ករណីនេះ។ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ឥណ្ឌូណេស៊ី (NOC) Raja Sapta Oktohari បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​សមាជិក​របស់​ស​ហ​ព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ដើម្បី​ធ្វើការ​សម្រេច​លើ​ការស្នើសុំ​អន្តរាគមន៍​របស់ FIFA ក្នុងករណី​ហិង្សា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្នែក​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គ​ម​លើក​ទី 32 និង​កាត់ក្ដី​ចុងក្រោយ។

    ប្រធាន NOC ឱ្យដឹងថា «ពេលនេះ យើង​មិនទាន់​បញ្ជូន​របាយការណ៍​ឡើងទៅ​កាន់ FIFA ប៉ុន្តែ​រឿងនេះ​នឹង​កើតឡើងឆាប់ៗខាងមុខ។ កិច្ចប្រជុំ​ផ្ទៃក្នុង​បានបញ្ចប់ ខ្ញុំ និង​ប្រធាន PSSI – Erick Thohir សុទ្ធតែ​មិន​ចង់​នៅ​ស្ងៀម​ក្នុងករណីនេះ។ បើសិន​ខាង​ឥណ្ឌូណេស៊ី​ខុស យើង​នឹង​ទទួលខុសត្រូវ ប៉ុន្តែ​បើ​ថៃ​ខុស ពួកគេ​ក៏​នឹងត្រូវ​ធ្វើ​ដូច្នេះ»។

    ភាគី​ឥណ្ឌូណេស៊ី​ទំនងជា​កំពុង​ជឿជាក់ថា ខ្លួន​មិនមាន​កំហុស​នៅក្នុង​ការ​វាយតប់​គ្នា​ជាមួយ​ក្រុម​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023។ ចំណែក​ថៃ​វិញ បច្ចុប្បន្ន​ក៏​កំពុងមាន​ភាព​តានតឹង​ខ្លាំង ទាក់ទង​នឹង​បញ្ហា​នេះ។ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ Yuttana Yimkarun ថ្មីៗនេះ​បាន​សរសេរ​លិខិត​សុំលាលែង​ពី​តំណែង។ ប្រធាន​សមាគម​បាល់ទាត់​ថៃ (FAT) យល់ថា ពួកគេ​ត្រូវ​ទទួលខុសត្រូវ បន្ទាប់ពី​បាន​បណ្ដោយឱ្យ​កីឡាករ U22 ថៃ បាត់បង់​ការគ្រប់គ្រង​អារម្មណ៍​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​បង្កើតឱ្យមាន​រូបភាព​អាក្រក់​នៅ​កម្ពុជា។

    ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង U22 ឥណ្ឌូណេស៊ី និង​ថៃ ត្រូវបាន​គេ​ចាត់ទុកថា​មាន​ភាព​ទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម។ ក្នុងការ​ប្រកួត​នេះ ឥណ្ឌូណេស៊ី​បានឈ្នះ​ថៃ 5-2 ខណៈ​អាជ្ញាកណ្ដាល​បាន​ពិន័យ​កាត​លឿង​ជាង​ 10 និង​កាត​ក្រហម​ចំនួន 7 ដោយសារតែ​មានការ​ប៉ះទង្គិច​គ្នាច្រើន​ និង​ការប្រើ​អំពើហិង្សា៕

  • រថយន្តអគ្គិសនី​ Cybertruck គំរូ​ដើម​ថ្មី​​របស់ Tesla នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ

    រថយន្តអគ្គិសនី​ Cybertruck គំរូ​ដើម​ថ្មី​​របស់ Tesla នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​តាំង​បង្ហាញ​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង Cybertruck នៅក្នុង​ព្រឹត្តិការណ៍​ជួបជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំឆ្នាំ ហើយ​វា​កំពុង​នាំមក​នូវ​រូបភាព​ផ្ទាល់​ស្ដីពី​រថយន្ត​គំរូ​ដើម​ថ្មី​បំផុត​របស់ Cybertruck។

    Cybertruck ទំនងជា​នឹងត្រូវ​បាន​ផលិត​ចាប់ពី​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ហើយ Tesla ក៏ត្រូវ​បាន​គេ​រកឃើញថា កំពុង​សាកល្បង​ប្រព័ន្ធ​នានា​របស់​​រថយន្ត​គំរូ​​នេះ មុន​នឹង​​ឈានដល់​ដំណាក់កាល​ផលិត​ជា​ផ្លូវ​ការ​។

    កាលពី​ថ្ងៃទី 16 ឧសភា Tesla ប្រារព្ធ​ពិធី​ជួបជុំ​ភាគ​ហ៊ុ​និក​ប្រចាំឆ្នាំ​នៅ Giga Texas និង​បាន​នាំមក​នូវ​រថយន្ត​គំរូ​ដើម Cybertruck ដែល​ត្រូវ​បានបង្ហាញ និង​ដាក់ឱ្យ​បញ្ជា​ទិញ​កាលពីពេល​កន្លង។

    ព័ត៌មាន​ថ្មី​បំផុត​ដែល​ប្រកាស​ដោយ Tesla បង្ហាញថា ការចាប់ផ្ដើម​ផលិត​រថយន្ត Cybertruck នៅ​រដូវក្ដៅ​ឆ្នាំនេះ នឹងត្រូវ​ប្រគល់ជូន​អតិថិជនដំបូងៗនៅ​ចុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ 2023។

    ខាងក្រោម​នេះ​គឺជា​វីដេអូ​ និង​រូប​ភាព​ ស្ដីពី​រថយន្ត​ប្រភេទ​ទ្រុង​ដើរ​ដោយ​ថាមពល​អគ្គិសនី Cybertruck របស់​ក្រុម​ហ៊ុន Tesla ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​៖

  • អាមេរិកាំង​-ចិនឈ្លោះ​គ្នា​​! កិច្ច​ប្រជុំ​G20 ក្នុង​ថ្ងៃ​ទី​24​មេសា​ ត្រូវ​បាន​លុប​ចោល​

    អាមេរិកាំង​-ចិនឈ្លោះ​គ្នា​​! កិច្ច​ប្រជុំ​G20 ក្នុង​ថ្ងៃ​ទី​24​មេសា​ ត្រូវ​បាន​លុប​ចោល​

    កិច្ច​ប្រជុំ​តាម​រយៈ​វីដេអូ​រវាង​បណ្ដា​មេដឹកនាំ​ប្រទេស​ G20 ត្រូវ​បាន​លុប​ចោល​នៅ​នាទី​ចុង​ក្រោយ​ ព្រោះ​តែ​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​ ទាក់​ទិន​នឹង​តួនាទី​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​(WHO) នៅក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ COVID-19។

    ប្រភព​ព័ត៌មាន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​មាន​ការ​យល់​ដឹង​ស៊ីជម្រៅ​អំពី​បញ្ហា​ខាងលើ​ បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​ តាម​គម្រោង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃទី​24​មេសា ប៉ុន្តែ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ ព្រោះ​តែ​សហរដ្ឋ​អាមេរិក​អះអាង​ថា អង្គ​ការ​សុខ​ភាព​ពិភពលោក​ ជា​អ្នកទទួល​ខុស​ត្រូវ​ចំពោះ​សកម្ម​ភាព​​ទប់​ទល់​នឹង​វីរុស​COVID-19 ក្នុង​ដំណាក់​កាល​ដំបូង​ ខណៈ​ដែល​ប្រទេស​ចិន​ ប្ដេជ្ញា​បដិសេធ​មិន​​​ជជែក​អំពី​សំណើរ​ស៊ើប​អង្កេត​លើ​ WHO។

    ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​កំពូល​​របស់​​ក្រុម​ប្រទេស​ G20 នៅ​តែ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​ បើ​សិន​ជា​ភាគី​អាមេរិកាំង​ និង​ចិន​យល់​ព្រម​លើ​ការ​សម្រប​សម្រួល​មួយ​ជាមួយ​ WHO​។

    តាម​គម្រោង កិច្ច​ប្រជុំ​កំពូល​​នឹង​មាន​វត្ត​មាន​របស់​ប្រធានាធិបតី​​អាមេរិកាំង​ លោក​ Donald Trump និង​ប្រធានាធិបតី​ចិន​​ លោក Xi Jinping។ ប៉ុន្តែ ចុង​ក្រោយ​ កិច្ច​ប្រជុំ​នេះ​មិន​បាន​កើត​ឡើង​នៅក្នុង​របៀបវារៈផ្លូវការ​ដែល​ត្រូវ​បាន​ អារ៉ាប៊ីសាអ៊ូឌីត​ ដែល​ជា​ប្រធានបន្ត​វេន​​ឆ្នាំ​នេះ​ ប្រកាស​នោះ​ទេ​។

    មក​ដល់​ពេល​នេះ គណៈកម្មធិការ​ G20 មិន​ទាន់​បាន​ចេញ​ប្រតិកម្ម​ជុំ​វិញ​ព័ត៌មាន​ខាង​លើ​នេះ​នៅ​ឡើយ​។

    Shen Dingli សាស្ត្រាចារ្យ​​ផ្នែក​ទំនាក់​ទំនង​កិច្ច​ការ​បរទេស​ មក​ពីសាកលវិទ្យា​ល័យ​ Fudan University នៅ​ទីក្រុង​សៀង​ហៃ​ ប្រទេស​ចិន​ បាន​ឱ្យ​ដឹង​ថា “ប្រទេស​ចិន​យល់​ថា​ អាមេរិកាំង​ផ្អាក​​ផ្ដល់​ជំនួយ​ដល់​ WHO គឺ​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​លើ​ការ​ដឹក​នាំ​ទន់​ខ្យោយ​ក្នុងការ​ទប់​ស្កាត់​ COVID-19 និង​ព្យាយាម​ទម្លាក់​កំហុស​ទៅ​លើ​ប្រទេស​ចិន​ ប៉ុន្តែ អាមេរិកាំង​វិញ និយាយ​ថា WHO គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​ប្រទេស​ចិន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទៅ​លើការ​ខូច​ខាត​ធ្ងន់​ធ្ងរ​នៅ​សហរដ្ឋ​អាមេរិក​”។ លោក​ Shen Dingli បន្ត​ថា “ទំនាក់​ទំនង​រវាង​ចិន​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក​ បាន​ប្រែ​ជា​អាក្រក់​ជាង​មុន​ ដែល​វា​ជា​បញ្ហា​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ អនាគត​នឹង​កាន់​តែ​អាក្រក់​ជាង​នេះ​”។

    សូម​រំឭក​ថា កិច្ច​ប្រជុំ​កំពូល​ដែល​ធ្វើ​ឡើង​តាម​រយៈ​វីដេអូ​រវាង​​មេដឹក​នាំ​នៃបណ្ដា​​ក្រុម​ប្រទេស​ G20​ ដែល​ពិភាក្សា​អំពី​វិធី​ទប់​ទល់​នឹង​ COVID-19 ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ថ្ងៃទី​26​មីនា​កន្លង​ទៅ​។ ក្រុម​មេដឹក​នាំ​បាន​មូល​មតិ​គ្នា​ថា​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ឆ្លង​ផុត​ពី​វិបត្តិ​សុខ​ភាព​នេះ​ និង​បាន​ព្រម​ព្រៀង​គ្នា​ក្នុងការ​ទម្លាក់​កញ្ចប់​ថវិកា​​ 5​លាន​លាន​ដុល្លារ​ដើម្បី​ជួយ​សង្គ្រោះ​សេដ្ឋ​កិច្ច​​នៅ​ទូទាំង​ពិភពលោក​។

    ក្រោយ​កិច្ច​ប្រជុំ​ដំបូង​របស់​ G20 សហរដ្ឋ​អាមេរិក និង​ប្រទេសចិន​​ បាន​ និង​កំពុង​ឈ្លោះ​ប្រកែក​គ្នា​អំពី​តួនាទី​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) ដែល​ជា​លទ្ធ​ផល​ សហរដ្ឋ​អាមេរិក​ បាន​ផ្អាក​ជំនួយ​ដល់​អង្គ​ការ​នេះ​។ ចំណែក​ប្រទេស​ចិន​វិញ កាល​ពី​ថ្ងៃទី​23​មេសា​ ប្រកាស​ថា​នឹង​ផ្ដល់​ជំនួយ​​​30​លាន​ដុល្លារ​បន្ថែម​ទៀត​ទៅ​ឱ្យ​អង្គ​ការ​អន្តរ​ជាតិ​មួយ​នេះ​ ដើម្បី​ទប់​ទល់​នឹង​វីរុស​COVID-19។

    Jia Qingguo សាស្ត្រា​ចារ្យ​មួយ​រូប​មក​ពី​មហាវិទ្យា​ល័យ​ស្រាវជ្រាវ​អន្តរជាតិ​នៃ​សាកលវិទ្យា​ល័យ​ប៉េកាំង​ បាន​ឱ្យ​ដឹង​ថា ទំនាក់​ទំនង​រវាង​ចិននិង​អាមេរិកាំង​ បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​អាក្រក់​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​វា​កាន់​តែ​អាក្រក់​ជាង​មុន​ ដោយ​សារ​តែ​ COVID-19។ “នេះ​គួរ​ណស់​តែ​ជា​ឱកាស​ល្អ​ដើម្បី​ឱ្យ​ប្រទេស​ទាំង​2​ សហការ​គ្នា​ក្នុង​ការ​ទប់​ទល់នឹង​ COVID-19 ប៉ុន្តែ សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​កំហុស​ទៅ​លើ​ចិន​ ហើយ​ការ​ប្រឆាំង​តប​ត​របស់​ចិន​ បាន​ធ្វើ​ឱ្យ​ភាគី​ទាំង​សង​ខាង​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​”។

    លោក​ Jia Qingguo បន្ត​ថា បើ​សិន​ជា​លោក​ Trump ជាប់​ឆ្នោត​ម្ដង​ទៀត​នៅ​ខែ​វិច្ឆកាឆ្នាំ​នេះ​ នោះ​ទំនាក់​ទំនង​រវាង​អាមេរិកាំង​ជាមួយ​ចិន ​អាច​នឹង​បន្ត​កើន​កម្ដៅ​ ហើយ​ក្លាយ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​លើ​គ្រប់​បញ្ហា​។

    ប្រទេសG20 (Group of 20) គឺជាក្រុម​ប្រទេស​ដែល​មានការអភិវឌ្ឍ​ខ្លាំងជាង​គេទាំង20 នៅក្នុង​ពិភពលោក ​ដែល​ត្រូវ​បាន​​បង្កើតឡើង​ក្នុង​ឆ្នាំ1999 នៅទីក្រុងវ៉ាស៊ីងតោននៃសហរដ្ឋអាមេរិក។ ​ជាទូទៅ G20 គឺជាជំនួប​រវាងរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំធនាគារមក​ពីបណ្ដាលប្រទេសទាំង19 ដែល​មានសេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ក្នុងពិភពលោក ​បូករួមទាំងប្រទេសអភិវឌ្ឃន៍ក្នុងសហភាពអឺរ៉ុប​​ផងដែរ​។ កាលពីដំបូងឡើយ សមាជិកនៃ​ក្រុមប្រទេស​​G7 ដែលបានបង្កើតឡើងនៅឆ្នាំ1975 គឺ​មាន​ដូច​ជា​ សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង រុស្ស៊ី កាណាដា អ៊ីតាលី ចក្រភពអង់គ្លេស និងជប៉ុន។ ហើយក្រុមប្រទេសG20ត្រូវបានផ្សំឡើងដោយសមា​ជិក12​ផ្សេងទៀត ដូចជា ប្រទេសអាហ្សង់ទីន ប្រេស៊ីល ចិន ឥណ្ឌា​​ ឥណ្ឌូនេស៊ី ម៉ិកស៊ិក ប្រទេស​រុស្ស៉ី អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិក​ខាងត្បូង កូរ៉េខាងត្បូង និងតួរគី​។

    គោលបំណងសំខាន់នៃការបង្កើតក្រុមប្រទេសG20នេះឡើង គឺជួយជំរុញកំណើនសេដ្ឋកិច្ចពិភព​លោក កំណើនពាណិជ្ជកម្មអន្តរជាតិ និងការត្រួតពិនិត្យទីផ្សារហិរញ្ញវត្ថុសកល៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​