មី​ស៊ី​ល​កូរ៉េខាងជើង​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ភ័យ​ស្លន់​ស្លោ មុន​ពេល​​ធ្លាក់ចូល​សមុទ្រ​បាត់​ស្រមោល

កូរ៉េខាងជើង​បានបញ្ជាក់​ថា រ៉ុក្កែត​​ដឹក​ផ្កាយរណប​យោធា​បាន​ធ្លាក់ចូល​សមុទ្រ​ ដោយសារតែ​មាន​បញ្ហា​ក្នុងពេល​បាញ់​បង្ហោះ​នៅ​ព្រឹក​នេះ។

«រ៉ុក្កែត​រុញច្រាន Cheollima-1 ដែល​នាំយក​ផ្កាយរណប​ឈ្លបយកការណ៍​ផ្នែក​យោធា បាន​ធ្លាក់ចូល​តំបន់​សមុទ្រ​ភាគ​ខាងលិច ព្រោះតែ​បាត់បង់​ថាមពល ដោយសារ​មាន​បញ្ហា​ក្នុងការ​បញ្ឆេះ​ម៉ាស៊ីន​នៅ​កំណាត់​ទី​ពីរ» ទីភ្នាក់ងារសារព័ត៌មាន​មជ្ឈិម​កូរ៉េខាងជើង (KCNA) ថ្ងៃទី 31 ឧសភា​នេះ បាន​រាយការណ៍​ដូច្នេះ។

មុន​នោះ អគ្គសេនាធិការ​ចម្រុះ​នៃ​សាធារណរដ្ឋ​កូរ៉េ (JSC) ឱ្យដឹងថា នៅវេលា​ម៉ោង 06:29 (ម៉ោង​ប្រហែល 4 កន្លះ​នៅ​កម្ពុជា) កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​ពី​តំបន់ Tongchang-ri នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប្រទេស ឆ្ពោះទៅ​ទិស​ខាងត្បូង។

រ៉ុក្កែត​កូរ៉េខាងជើង ហោះ​លើ​លំហ​សមុទ្រ​របស់​កោះ Baengnyeong នៅ​ភាគ​ខាងលិច​ប្រទេស​កូរ៉េខាងត្បូង និង​មិន​ប៉ះពាល់​ដល់​រដ្ឋធានី​សេ​អ៊ូ​ល។ យោងតាម JSC ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​បើក​កិច្ចប្រជុំ​បន្ទាន់​ផងដែរ។

កងទ័ព​កូរ៉េខាងត្បូង​ក៏បាន​ដឹងថា រ៉ុក្កែត​នេះ​បាន​បាត់​ខ្លួន​ពី​រ៉ា​ដា​មុនពេល​ហោះ​ទៅដល់​គោលដៅ​​ដែល​បានគ្រោង​ទុក និង​បាន​សន្និដ្ឋានថា វា​បាន​ផ្ទុះ​លើ​អាកាស ឬ​ធ្លាក់ចូល​សមុទ្រ។

សា​រ៉ែ​ន​ប្រកាសអាសន្ន​បាន​បន្លឺឡើង​នៅ​រដ្ឋធានី​សេ​អ៊ូ​ល នៅ​ម៉ោង​ប្រហែល 6 កន្លះ គ្រា​ដែល​អាជ្ញាធរ​ស្នើឱ្យ​ប្រជាជន​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ការជម្លៀស។ ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង ក្រោយមក​បានឱ្យដឹងថា ការប្រកាសអាសន្ន​ពី​អាជ្ញាធរ​សេ​អ៊ូ​ល គឺ​ «មិន​ត្រឹមត្រូវ»។ ចំណែក​ការជូន​ដំណឹង​​អំពី​ការជម្លៀស​នៅ​តំបន់​ក្បែរ​ព្រំដែន​ភាគ​ខាងលិច​របស់​កូរ៉េខាងត្បូង ក៏ត្រូវ​បាន​ដកចេញ​នៅវេលា​ម៉ោង​ប្រហែល 8 ព្រឹក។

នៅ​ប្រទេស​ជប៉ុន​វិញ អាជ្ញាធរ​ក៏បាន​ចេញ​សេចក្ដីជូន​ដំណឹង​​ទាក់ទង​នឹង​បញ្ហា​ខាងលើ​តាមរយៈ​ប្រព័ន្ធ J-Alert។ ប៉ុន្តែ​ក្រោយមក ប្រព័ន្ធនេះ​​ក៏បាន​ប្រាប់ថា រ៉ុក្កែត​នឹងមិន​ហោះ​រំលង​ទឹកដី​ជប៉ុន ហើយក៏​បាន​ដក​ចោល​សេចក្ដី​ជូន​ដំណឹង​​នេះ។

ជប៉ុន មុន​នោះបាន​ឱ្យដឹងថា កូរ៉េខាងជើង​បាន​ជូនដំណឹង​មក​តូ​ក្យូ​អំពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់ពី​ថ្ងៃទី 31 ឧសភា ដល់ 11 មិថុនា។ ជប៉ុន​ក៏បាន​ប្រកាសថា នឹង​បាញ់​ទម្លាក់​រាល់​រ៉ុក្កែត​របស់​កូរ៉េខាងជើង បើសិន​វា​ត្រូវបាន​បញ្ជាក់ថា​នឹង​ធ្លាក់ចូល​ទឹកដី​ប្រទេស​នេះ។

សហរដ្ឋ​អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន សុទ្ធតែ​យល់ថា ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង​គឺ​គ្រាន់តែ​ជា «សម្បក» ដើម្បី​សាកល្បង​មី​ស៊ី​ល ដោយសារតែ​ពួកវា​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​គ្នា។ កូរ៉េខាងជើង​ធ្លាប់បាន​បាញ់​បង្ហោះ​រ៉ុក្កែត​រុញច្រាន​ដែលមាន​ផ្ទុក​ផ្កាយរណប​កាលពី​ឆ្នាំ 2012 និង 2016 ហើយ​រ៉ុក្កែត​ទាំងនេះ​សុទ្ធតែ​បាន​ហោះ​រំលង​ខេត្ត Okinawa នៅ​ភាគខាងត្បូង​របស់​​ប្រទេស​ជប៉ុន៕

Advertisement