Tag: កម្មវិធី

  • ជប៉ុន​ចាប់​ផ្ដើម​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស

    ជប៉ុន​ចាប់​ផ្ដើម​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស

    ប្រទេស​ជប៉ុន​បាន​អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំជា​ដើម​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស។

    ដើម្បី​ទប់ទល់​នឹង​បញ្ហា​ក្នុងការ​ទាក់ទាញ​កម្លាំង​ពលកម្ម​ពី​បរទេស រាជរដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​គោលការណ៍​ថ្មី អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំ និង​អនុញ្ញាតឱ្យ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្អ ស្នាក់នៅ​ប្រទេស​នេះ​ពីរ​ឆ្នាំ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។

    ជាពិសេស ចំពោះ​កម្មវិធី​ជ្រើសរើស​អ្នក​ហាត់​ការ​ផ្នែក​បច្ចេកទេស ជប៉ុន​ក៏បាន​ជំរុញ​ និង​លើក​កម្ពស់​កម្មវិធី​ជំនាញ​ពិសេស​លេខ​មួយ ​ផ្ដោត​សំខាន់​ទៅលើ​ក្រុម​គោលដៅ​ដែលជា​អ្នក​ហាត់​ការ​បាន​ចប់​កិច្ចសន្យា​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ រោង​ចក្រ​នៅ​ប្រទេស​នេះ។

    អ្នក​ហាត់​ការដែល​បាន​ចប់​កិច្ចសន្យា​នឹង​ទ​ទូល​បាន​ភាពងាយស្រួល​នៅក្នុង​ការដាក់​ពាក្យ​ស្នើ​សូម​ទិដ្ឋាការ​ជំនាញ​ពិសេស​លេខ​មួយ ដើម្បី​ធ្វើការ​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​នៅ​ប្រទេស​ជប៉ុន ក្នុងនាម​ជា​បុគ្គលិក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ដូច​ពលរដ្ឋ​ជប៉ុន។

    ក្រៅពីនេះ ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​ការបន្ធូរបន្ថយ​ការកំណត់​នានា​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​ចំពោះ​កម្លាំង​ពលកម្ម​មកពី​បរទេស​ផងដែរ៕

  • BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បានបង្ហាញ​វត្តមាន​រថយន្ត Dolphin នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​យុទ្ធនា​ការបញ្ជ្រាប​ផលិតផល​ទៅគ្រប់​ទីផ្សារ។

    BYD បាន​ប្រារព្ធ​កម្មវិធី​បង្ហាញរ​ថ​យន្ត​អគ្គិសនី Dolphin ជាមួយនឹង​តំណាង​ចែកចាយ Vantage Automotive របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី 03 កក្កដា។ Dolphin​ ដែលជា​រថយន្ត​អគ្គិសនី​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ​ដែល​ត្រូវបាន​ដាក់លក់​នៅ​ប្រទេស​សិង្ហបុរី បន្ទាប់ពី Atto 3។

    BYD បានដាក់​លក់ Atto 3 នៅ​សិង្ហ​បុរី​តាំងពី​ឆ្នាំ 2022 ហើយ​វា​គឺ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​តំបន់ នៅក្នុង 5 ខែ​ដើមឆ្នាំ។

    BYD ឱ្យដឹងថា Dolphin នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង​ពី​អតិថិជន​គ្រប់​វ័យ​នៅ​សិង្ហ​បុរី ហើយ​វា​នឹង​ត្រូវបាន​ប្រជាជន​នៅទីនេះ​ស្គាល់​កាន់តែច្រើន។

    BYD Dolphin ត្រូវបាន​ដាក់លក់​តាំងពី​ថ្ងៃទី 29 សីហា 2021។ វា​គឺជារថ​យន្ត​ខ្នាតតូច​ល្មម និង​ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី ហើយ​បច្ចុប្បន្ន​មានតម្លៃ​ចាប់ពី 16,120 ដុល្លារ​អាម៉េរិក នៅ​ប្រទេស​ចិន។ នៅ​សិង្ហ​បុរី BYD Dolphin មានតម្លៃ​ចាប់ពី 156,888 ដុល្លារ​សិង្ហ​បុរី (115,900 ដុល្លារ​អាម៉េរិក)។

    BYD លក់​រថយន្ត​អគ្គិសនី​បាន 253,046 គ្រឿងក្នុង​ខែមិថុនា កើន 88.79% ធៀប​នឹង 134,036 គ្រឿងក្នុង​ដំណាក់កាល​ដូចគ្នា​កាល​ពី​​ឆ្នាំ 2022។

  • អគារ​រាង​មូល​ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក បើក​ទ្វារ​នៅ​ខែ​កញ្ញា

    អគារ​រាង​មូល​ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក បើក​ទ្វារ​នៅ​ខែ​កញ្ញា

    (សហរដ្ឋ​អាម៉េរិក) – អគារ Sphere នៅ Las Vegas គឺជា​សំណង់​ដែលមាន​រាង​មូល​ធំជាងគេ​លើ​ពិភពលោក និង​គ្របដណ្ដប់​ដោយ​អំពូល​ភ្លើង LED នៅ​ខាងក្រៅ ហើយ​គ្រោង​នឹង​បើកទ្វារ​ចាប់ពី​ខែកញ្ញា​ខាងមុខ។

    អគារ Sphere មាន​កម្ពស់ 111 ម៉ែត្រ និង​ទទឹង 157 ម៉ែត្រ។ ការចំណាយ​លើ​ការសាងសង់​អគារ​នេះ​គឺ​ប្រមាណ 2.3 ពាន់​លាន​ដុល្លារ។ អំពូល​ភ្លើង LED នៅ​ខាងក្រៅ​គ្របដណ្ដប់​លើ​ផ្ទៃក្រឡា​ប្រហែល 54,000 ម៉ែត្រការ៉េ។ អគារ​នេះ​ប្រើប្រាស់​អំពូល​ភ្លើង LED សរុប 1.2 លាន​ឈុត ក្នុងមួយឈុតៗមាន 48 អំពូល។ ផ្នែក​ខាងក្រៅ​របស់​អគារ Sphere អាច​រចនា​ឡើងវិញ​បាន​ទាំងស្រុង​តាមរយៈ​កម្មវិធី​កុំព្យូទ័រ ដើម្បី​បង្ហាញ​ទិដ្ឋភាព​ដែល​គេ​ចង់បាន។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 05 កក្កដា 2023។

    Sphere អាចដាក់​កៅអី​បាន 17,000 ឬ​កន្លែង​ឈរ​បាន 20,000 នាក់ ដែល​អាច​ប្រារព្ធ​កម្មវិធីធំៗដូចជា ពិ​ធិ​ប្រគំ​តន្ត្រី ឬ​ប្រដាល់។ល។ ខណៈ​ផ្នែក​ខាងក្នុង​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង លើកលែងតែ​អេក្រង់​ទូរទស្សន៍​ខ្នាត​យក្ស។

    កៅអី​ទាំងអស់​នឹងត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា 4D រួមមាន ប្រព័ន្ធ​ដែល​អនុញ្ញាតឱ្យ​អ្នក​អង្គុយ​ទទួល​អារម្មណ៍​ដឹង​ពី​ជំនោរ​ខ្យល់ ការប្ដូរ​ផ្លាស់​កម្ដៅ និង​ក្លិនក្រអូបជា​ដើម ក៏​ដូចជា​ប្រព័ន្ធ​កាមេរ៉ា​ពិសេស​អាច​ថតរូប​ក្នុង​ល្បឿន 120 រូប/វិនាទី។

    «ដោយ​ស្ថិតក្នុង​កម្មវិធី​សម្ដែង​ពិសេស​ដើម្បី​អបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​​ជាតិ គ្រឿង​លំអ​ខាងក្រៅ​ដែល​ធ្វើ​ពី​អំពូល​ភ្លើង LED របស់ Sphere ដែលជា​អេក្រង់ LED ធំជាងគេ​លើ​ពិភពលោក នឹងត្រូវ​បាន​បើក​ទាំងស្រុង​ជា​លើក​ដំបូង» នេះ​បើតាម​ក្រុមហ៊ុន Sphere។

    Sphere ត្រូវបាន​រចនា​ឡើង​ដោយ Populous ដែលជា​ក្រុមហ៊ុន​ស្ថាបត្យកម្មអន្តរជាតិ នៅ​ពីក្រោយ​សំណង់​កីឡា​លំដាប់​កំពូល​ជាច្រើន​របស់​ពិភពលោក។ បច្ចុប្បន្ន ការងារ​សាងសង់​របស់​អគារ​នេះ​សម្រេចបាន​ទាំងស្រុង ហើយ​គ្រោង​នឹង​បើកទ្វារ​នៅ​ខែកញ្ញា​ខាងមុខ ដែល​ចាប់ផ្ដើម​ដោយ​ការប្រគំ​តន្ត្រី​ជា​បន្តបន្ទាប់។ Populous ក៏មាន​គម្រោង​សាងសង់​អគារ​ប្រហាក់ប្រហែល​នឹង Sphere មួយ​ផ្សេងទៀត​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស៕

  • AI នឹង «លុបបំបាត់» ការងារ​របស់​អ្នកសរសេរ​កម្មវិធី​នៅ​ប្រាំ​ឆ្នាំ​ខាងមុខ​?

    AI នឹង «លុបបំបាត់» ការងារ​របស់​អ្នកសរសេរ​កម្មវិធី​នៅ​ប្រាំ​ឆ្នាំ​ខាងមុខ​?

    Emad Mostaque ដែលជា CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Stability AI យល់ថា នៅ​ប្រាំ​ឆ្នាំ​ខាងមុខ AI (បញ្ញា​សិប្បនិម្មិត) នឹង​ដណ្ដើម​ការងារ​ទាំងអស់​របស់​អ្នកសរសេរ​កូដ​កម្មវិធី ហើយ​បង្កើតបានជា​បដិវត្តន៍​ផ្នែក​ទំនាក់ទំនង។

    នៅក្នុង​កិច្ច​សម្ភាស​លើ​ទំព័រ Mindsets Podcast លោក Emad Mostaque សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Stability AI បាន​វាយតម្លៃ​ប្រកបដោយ​ភាពអវិជ្ជមាន​ទាក់ទិន​នឹង​អនាគត​របស់​អ្នកសរសេរ​កម្មវិធី ដោយសារតែ​ឥទ្ធិពល​របស់ AI។

    ដើម្បី​បន្ថែម​ពីលើ​ការអះអាង​ដែលថា «ប្រាំ​ឆ្នាំ​ទៀត​នឹង​មិនមាន​អ្នកសរសេរ​កូដ​ណា​ម្នាក់​ជាម​នុស្ស» លោក Mostaque បាន​លើកយក​របាយការណ៍រ​បស់ GitHub ដែល​បញ្ជាក់ថា ក្នុងចំណោម​កូដ​ដែល​ត្រូវបាន​ក្រុម​អ្នកសរសេរ​​កម្មវិធី​​ដាក់ចូល​ក្នុង​ថ្នាល​បច្ចេកវិទ្យា​មួយ​នេះ ​គឺមាន 41% ជា​កូដ​ដែល​ត្រូវបាន​សរសេរ​ដោយ​បញ្ញា​សិប្បនិម្មិត។

    «ក្នុង​បី​ខែ​កន្លង Stability AI បាន​យកឈ្នះ​លើ Bitcoin និង Ethereum នៅលើ GitHub ដោយ​ក្លាយជា Open Source ដែល​ពេញនិយម​ជាងគេ​លើ​ពិភពលោក។ ប្រការនេះ​បានបង្ហាញ​អំពី​ភាព​ទាក់ទាញ​ដ៏​ខ្លាំងក្លា​របស់ AI…» លោក Mostaque ថ្លែង​ដូច្នេះ។

    នៅលើ​បណ្ដាញ​សង្គម​អន្តរជាតិ មាន​មនុស្ស​ជាច្រើន​បានដាក់​ជា​សំណួរ​ថា «តើ AI អាច​ដណ្ដើម​ការងារ​ពី​អ្នកសរសេរ​កូដកម្ម​វិធី ឬ​អត់?»។ ចំណែក​មនុស្ស​ជាច្រើន​ផ្សេងទៀត​ក៏​និយាយថា «ដំណាក់កាល​ដ៏​អស្ចារ្យ​របស់​អ្នកសរសេរ​កូដកម្ម​វិធី​ត្រូវបាន​បញ្ចប់​ហើយ»។

    Emad Mostaque ជា CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Stability AI

    អ្នកសរសេរ​កូដកម្ម​វិធី​មួយរូប​របស់​ក្រុមហ៊ុន Microsoft សរសេរថា «ការងារ​ជា​វិស្វករ​ផ្នែក​ទន់​កំពុងតែ​ស្លាប់​បន្តិច​ម្ដងៗ​។ ChatGPT ឆ្លាត​ខ្លាំងណាស់ ហើយ​គ្រប់គ្នា​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​លំបាក»។

    មនុស្ស​ម្នាក់​ក៏បាន​បង្កើត​បញ្ជី​​ស្រង់​មតិ​នៅលើ Blind ដោយ​ដាក់​ជា​សំណួរ​ថា «តើ​វិស្វករ​ផ្នែក​ទន់​វ័យក្មេង​ជិត​បាត់បង់​ការងារ​មែន ឬទេ?» ហើយ​ក៏​​ទទួលបាន​ការជ្រើសរើស​ចំនួន 12,000 លើក។ ក្នុងនោះ​មាន 41.3% យល់ស្រប ខណៈ 37% យល់ថា «ការងារ​នៅតែ​មិន​ផ្លាស់ប្ដូរ» និង 21.7% អះអាងថា «បច្ចុប្បន្ន​មាន​ការងារ​ដែលមាន​ស​ក្ដា​នុព​ល​ច្រើនជាង​មុន»៕

  • យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង 7 ដង អាច​ហោះហើរ​ចាប់ពី​ឆ្នាំក្រោយ

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង 7 ដង អាច​ហោះហើរ​ចាប់ពី​ឆ្នាំក្រោយ

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hypersonix Launch Systems កំពុង​ឆ្ពោះ​ទៅជិត​ដល់​ដំណាក់កាល​ហោះហើរ​សាកល្បង​ដោយ​ស្វ័យប្រវត្ត ទៅតាម​កម្មវិធី​របស់​ស្ថាប័ន​គំនិត​ផ្ដួចផ្ដើម​ការពារជាតិ​អាម៉េរិក (DIU)។

    យន្តហោះ​សាកល្បង​ល្បឿន​លឿន Dart AE កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អូស្ត្រាលី Hypersonix Launch Systems បន្ទាប់ពី​បាន​សហការ​ជាមួយ DIU។ នេះ​គឺជា​យន្តហោះ​គំរូ​សម្រាប់​បង្ហាញ​បច្ចេកវិទ្យា។ Dart AE ដែលមាន​ប្រវែង 3 ម៉ែត្រ និង​ទម្ងន់ 300 គីឡូក្រាម អាច​ហោះ​ក្នុង​ល្បឿន Mach 7 (8,643 គីឡូម៉ែត្រ/ម៉ោង)។

    យោង​តាមទំព័រ Space ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 11 មិថុនា 2023 យន្តហោះ​ Dart AE អាច​ហោះ​បាន​ចម្ងាយ 1,000 គីឡូម៉ែត្រ​ បន្ទាប់ពី​បាន​ចាក់​ឥន្ធនៈ​មួយ​ពេញ។

    រូប​ភាព​ពង្រីក​ស្ដី​ពី​នេប៊ូឡា Orion ជា​ទី​ដែល​មាន​ផ្ទុក​សញ្ញា​នៃ​ជីវិត​ដែល​ជិត​កកើត

    DART AE ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​ប្រភេទ​ត្រង់​ជំនា​ន់ទី​ប្រាំ Spartan របស់ Hypersonix និង​អាច​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​លើ​អាកាស​ដោយ​រ៉ុក្កែត​គ្មាន​មនុស្ស​បើក។

    Dart AE ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា​ល្បឿន​លឿន​ជាង​សំឡេង​របស់​សហរដ្ឋ​អាម៉េរិក។ យន្តហោះ​នេះ អាច​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការហោះហើរ​សាកល្បង​លើកដំបូង​នៅ​ដើម​រដូវក្ដៅ​ឆ្នាំ 2024៕

  • Beckham ចំណាយ​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី «បម្រើ» ដល់ Messi ក្នុង​ការ​​ប្រកួត​នៅ​សហរដ្ឋ​អាម៉េរិក

    Beckham ចំណាយ​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី «បម្រើ» ដល់ Messi ក្នុង​ការ​​ប្រកួត​នៅ​សហរដ្ឋ​អាម៉េរិក

    កីឡាដ្ឋាន​ថ្មី​របស់​ក្លឹប Inter Miami ដែល​ត្រូវ​ចំណាយ​ប្រាក់​ឡើងដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក កំពុងស្ថិត​ក្នុងដំណាក់កាល​បង្ហើយ​ការងារ​ចុងក្រោយ មុននឹង​ដាក់ឱ្យ Messi និង​មិត្ត​រួម​ក្រុម​ប្រើប្រាស់។

    គម្រោង​ស្ថាបនា​កីឡាដ្ឋាន​ថ្មី​​ស្ថិតនៅ​លើដី​មួយកន្លែង​មានឈ្មោះ​ថា Miami Freedom Park ​លាតសន្ធឹង​ក្បែរ​ឆ្នេរសមុទ្រ​របស់​រដ្ឋ Florida ទំហំ 73,000 ហិកតា អម​នឹងអ្វីៗជាច្រើន​ទៀត​ដែល​នឹង​ទាក់ទាញ​សាធារណជន​ក្នុងពេល​ខាងមុខ។ ក្នុងនោះ​មាន​ជាអាទិ៍ ឧទ្យាន​ធំ​បំផុត​ប្រចាំ​ទីក្រុង សណ្ឋាគារ ហាង និង​ភោជនីយដ្ឋាន​លំដាប់​ប្រណិត។ល។

    កីឡដ្ឋាន​ថ្មី​នេះ​នឹង​ជា​កន្លែង​សម្រាប់​ហ្វឹកហាត់​របស់​ក្រុម​ទីមួយ​ក្នុង​​ក្លឹប Inter Miami និង​បណ្ដា​ក្រុម​វ័យក្មេង​របស់​វិទ្យាស្ថាន Inter Miami ដែល​រួមមាន​ចាប់ពី​ក្រុម U12 ដល់ U17 និង​​ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​យូរអង្វែង​នៅ Miami និង​សហរដ្ឋ​អាម៉េរិក ដែល​មាន​ឈ្មោះថា MLS NEXT។

    David Beckham និង Lionel Messi កាល​ពី​ឆ្នាំ 2013

    Lionel Messi ​ក្លាយជា​មនុស្ស​រប​ស់​ក្លឹប Inter Miami នៅ​ថ្ងៃ​ដំបូង​របស់​ខែកក្កដា ឆ្នាំ 2023 ក្រោយពី​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​បារាំង PGS ​អស់​សុពលភាព។

    កីឡដ្ឋាន​បាល់ទាត់​ខាងលើ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​បានចាប់ផ្ដើម​ស្ថាបនា​តាំងពី​ឆ្នាំ 2019៕

  • មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។

    នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។

    ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។

    ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក Ma ស្លៀកពាក់​យ៉ាង​សាមញ្ញ។

    លោក Jack Ma ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុនពេល​បង្កើត​ក្រុមហ៊ុន Alibaba។ គិត​មកដល់ពេលនេះ លោក Ma កំពុង​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​យ៉ាងតិច​បួន​ដែល​ស្ថិតនៅ​ខាងក្រៅ​ចិនដីគោក ក្នុងនោះ​ក៏មាន​សាកលវិទ្យាល័យ​ហុងកុង សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​​អ៊ីស្រាអែល​ផងដែរ។

    ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជា​ប្រធាន​ក្រុមហ៊ុន Alibaba បាន​ថ្លែងថា លោក Jack Ma នៅតែ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន Alibaba។

    ការបង្ហាញ​វត្តមាន​របស់លោក Jack Ma នេះ គឺ​ចំ​ពេលដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ចជាតិ និង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ ក្រោយពី​បាន​រឹតបន្តឹង​វិស័យ​បច្ចេកវិទ្យា​អស់​ជាច្រើន​ឆ្នាំ៕

  • Gmail ​របស់​ Google បំពាក់​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​​ជួយ​សរសេរ​សំបុត្រ​ដោយ​ស្វ័យប្រវត្ត

    Gmail ​របស់​ Google បំពាក់​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​​ជួយ​សរសេរ​សំបុត្រ​ដោយ​ស្វ័យប្រវត្ត

    អ្នកប្រើប្រាស់​គ្រាន់តែ​អាន​ខ្លឹមសារ​ចម្បង​ដែល​ត្រូវ​ផ្ញើ មុខងារ AI (បញ្ញា​សិប្បនិម្មិត) នៅលើ Gmail នឹង​ជួយ​សរសេរ​ជា​សំបុត្រ​ពេញលេញ។

    ឧបករណ៍ Help me write ដែលមាន​ជំនួយ​ពី AI របស់ Google ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​​ចាប់ពី​សប្ដាហ៍​នេះ នៅក្នុង​កម្មវិធី​ Gmail ទាំង​នៅលើ Android ទាំង​នៅលើ iOS។ មុខងារ​ថ្មី​នេះ​អាចជួយ​អ្នកប្រើប្រាស់​តាម​ពីរ​វិធី​សំខាន់​ រួមមាន កែសម្រួល​អ៊ី​មេ​ល​ដែល​កំពុង​សរសេរ ឬ​សរសេរ​ថ្មី​ទាំងស្រុង ដោយ​យោងទៅតាម​សំណើ​របស់​ម្ចាស់។

    ដើម្បី​ប្រើប្រាស់​មុខងារ Help me write អ្នកប្រើប្រាស់​ត្រូវតែ​ចុះឈ្មោះ​កម្មវិធី​សាកល្បង​នៅលើ Workspace Labs របស់ Google។

    កម្មវិធី​សរសេរ​អ៊ី​មេ​ល​ដោយ​ស្វ័យប្រវត្ត​គឺជា​ផ្នែក​មួយ​នៅក្នុង​ចំណោម​ផលិតផល AI លើ Google Workspace ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ I/O 2023 កាលពី​ខែឧសភា 2023។ ក្រៅពី​ការសរសេរ​សារ​អេ​ឡិច​ត្រូ​និ​ច Help me write ក៏​អាចបង្កើត​ខ្លឹមសារ​ក្នុង Google Docs ឬ​បង្កើត​តារាង​គណនា​រហ័ស​លើ Google Sheets។ល។

  • យន្តហោះ​ល្បឿន​​លឿន​ជាង​សំឡេង 7 ដង អាច​ហោះហើរ​ចាប់ពី​ឆ្នាំក្រោយ

    យន្តហោះ​ល្បឿន​​លឿន​ជាង​សំឡេង 7 ដង អាច​ហោះហើរ​ចាប់ពី​ឆ្នាំក្រោយ

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hypersonix Launch Systems កំពុង​ឆ្ពោះ​ទៅជិត​ដល់​ដំណាក់កាល​ហោះហើរ​សាកល្បង​ដោយ​ស្វ័យប្រវត្ត ទៅតាម​កម្មវិធី​របស់​ស្ថាប័ន​គំនិត​ផ្ដួចផ្ដើម​ការពារជាតិ​អាម៉េរិក (DIU)។

    យន្តហោះ​សាកល្បង​ល្បឿន​លឿន Dart AE កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អូស្ត្រាលី Hypersonix Launch Systems បន្ទាប់ពី​បាន​សហការ​ជាមួយ DIU។ នេះ​គឺជា​យន្តហោះ​គំរូ​សម្រាប់​បង្ហាញ​បច្ចេកវិទ្យា។ Dart AE ដែលមាន​ប្រវែង 3 ម៉ែត្រ និង​ទម្ងន់ 300 គីឡូក្រាម អាច​ហោះ​ក្នុង​ល្បឿន Mach 7 (8,643 គីឡូម៉ែត្រ/ម៉ោង)។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 11 មិថុនា។ យន្តហោះ​នេះ​អាច​ហោះ​បាន​ចម្ងាយ 1,000 គីឡូម៉ែត្រ​បន្ទាប់ពី​ចាក់​ឥន្ធនៈ​មួយ​ពេញ។

    DART AE ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​ប្រភេទ​ត្រង់​ជំនា​ន់ទី​ប្រាំ Spartan របស់ Hypersonix និង​អាច​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​លើ​អាកាស​ដោយ​រ៉ុក្កែត​គ្មាន​មនុស្ស​បើក។

    Dart AE ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា​ល្បឿន​លឿន​ជាង​សំឡេង​របស់​សហរដ្ឋ​អាម៉េរិក។ យន្តហោះ​នេះ អាច​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការហោះហើរ​សាកល្បង​លើកដំបូង​នៅ​ដើម​រដូវក្ដៅ​ឆ្នាំក្រោយ៕

  • វ៉ែនតា Vision Pro របស់ Apple អាច​ជំនួស​ថេ​ប្លេ​ត ទូរទស្សន៍ និង​រោងកុន

    វ៉ែនតា Vision Pro របស់ Apple អាច​ជំនួស​ថេ​ប្លេ​ត ទូរទស្សន៍ និង​រោងកុន

    វ៉ែនតា Vision Pro របស់ Apple បំពាក់​មុខងារពិសេសៗជាច្រើន​ដែលនាំឱ្យ​វា​មានតម្លៃ​រហូតដល់ 3,500 ដុល្លារ​អាម៉េរិក។

    នៅក្នុង​ព្រឹត្តិការណ៍ WWDC 2023 Apple បានបង្ហាញ Vision Pro ដែលជា​វ៉ែនតា​ពាក់​លើ​ក្បាល នាំមក​នូវ​បទពិសោធន៍​ពិត​ប្រកបដោយ​ភាព​ចម្រុះ (MR) សម្រាប់​អ្នកប្រើប្រាស់។ ដោយមាន​តម្លៃ​ឡើងដល់ 3,499 ដុល្លារ​អាម៉េរិក Vision Pro ទំនងជា​នឹងមិន​មានការ​ពេញនិយម​ឡើយ​នៅក្នុង​ស្រទាប់​ប្រជាជន​ក្រីក្រ។

    ក៏ប៉ុន្តែ សម្រាប់​អ្នកមាន​វិញ Vision Pro ប្រាកដជា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង។ ខាងក្រោម​នេះ​គឺជា​មុខងារ​មួយចំនួន​ដ៏​លេចធ្លោ​ដែល​អតិថិជន​នឹង​ទទួលបាន ពេល​មាន Vision Pro​ ៖

    – មុខងារ​ជ្រើសរើស​កម្មវិធី (App) ដោយ​ប្រើ​ភ្នែក ប្រើ​កាយវិការ​របស់​ដៃ និង​សំឡេង​ដើម្បី​បញ្ជាក់​វ៉ែនតា។ អ្នកប្រើប្រាស់​មិនបាច់​ចាប់​កាន់ និង​ប្រើប្រាស់ iPhone ដូច​មុន​ទៀតឡើយ។

    -​ មាន Vision Pro ដូច​ជាមាន​ទូរទស្សន៍​និម្មិត ហើយ​ទំហំ​របស់​វា​គឺ​អាស្រ័យ​លើ​ម្ចាស់​វ៉ែនតា​ជា​អ្នកកំណត់។

    – Vision Pro អាចបង្កើត​បរិយាកាស​ដែលមាន​រូបភាព​និម្មិត​តែ​ដូចពិតៗទៅតាម​ការបញ្ជា​របស់​ម្ចាស់។

    -​ វ៉ែនតា Vision Pro របស់ Apple បង្ហាញ​រូបភាព​ច្បាស់​ជាង​ទូរទស្សន៍ 4K ទៅទៀត ព្រមទាំង​មាន​អម​ជាមួយនឹង​កាស​ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត និង​មាន​គុណភាព​ខ្ពស់​ផងដែរ។

    ផលិតផល​ថ្មី​របស់ Apple នេះ ប្រាកដជា​ជួយ​ឱ្យ​យើង​គ្រប់គ្នា​មាន​លេស​ដើម្បី​ទទឹង​រង់ចាំ​បដិវត្តន៍​ថ្មី​​មួយ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ពិភព​និម្មិត​ជំនាន់ X បន្ថែម​ពីលើ Augmented reality (AR), Virtual Reality (VR), Mixed Reality (MR) និង Extended Reality (XR)៕