ក្លិប Barcelona បំពេញ​ការចុះហត្ថលេខា​ជាមួយ Dembele ពី​ក្លិប Dortmund ជា​ផ្លូវការ​ហើយ

ក្លិប​យក្ស Barcelona បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​ប្រយុទ្ធ Ousmane Dembele ពី​ក្លិប Borussia Dortmund របស់​អាល្លឺម៉ង់​ក្នុង​កិច្ចសន្យា​រយៈពេល5ឆ្នាំ​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប​ចំនួន105លាន​អឺរ៉ូ (ស្មើនឹង125លាន​ដុល្លារ​អាមេរិក) បូក​ទាំង​ប្រាក់ឧបត្ថម្ភ​ចំនួន42លាន​អឺរ៉ូ​ផ្សេងទៀត។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​ក្លិប​អេ​ស្ប៉ា​ញ​មួយ​នេះ កាលពី​ថ្ងៃ​សុក្រ។

ខ្សែបម្រើ​អន្តរជាតិ​បារាំង Dembele បាន​ស៊ុត​បាល់​បញ្ចូល​ទី10គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រកបាន20គ្រាប់​ផ្សេងទៀត​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​ដើម្បី​ជួយ​ឲ្យ​ក្រុម Dortmund បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2នៅលើ​តារាង​ក្របខ័ណ្ឌ Bundesliga កាលពី​រដូវ​កាល​មុន។ ក្រុម​នេះ​ក៏បាន​ឈ្នះ​ពាន German Cup ផងដែរ។ សេចក្តីប្រកាស​មួយ​ពី​ក្លិប Barca បាន​បញ្ជាក់ថា Dembele នឹងធ្វើ​ដំណើរ​ទៅដល់​ទីក្រុង Barcelona នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ហើយ​និង​ត្រូវ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ចន្ទ​មុនពេល​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ដែល​នឹងមាន​លក្ខខណ្ឌ​រំលាយ​កិច្ចសន្យា​ក្នុង​ទឹកប្រាក 400លាន​អឺរ៉ូ។ រូបគេ​ក៏​នឹងត្រូវ​ប្រកាស​ជា​កីឡាករ​របស់ Barca ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ដដែល​នោះ​ផងដែរ នៅឯ​កីឡដ្ឋាន Nou Camp របស់​ក្លិប​នេះ។

Barcelona បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​គេហទំព័រ​របស់ខ្លួន​ថា៖ «ពិតណាស់ រូបគេ​ជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ​ម្នាក់ និង​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីប​នេះ»។ ភ្លាមៗក្រោយពី​ការប្រកាស​របស់​ក្លិប Barceona សេចក្តីប្រកាស​មួយ​ពី​ក្លិប Dortmund ក៏បាន​អះអាង​ពី​ការលក់​កីឡាករ​រូបនេះ​ផងដែរ។ ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Bundesliga មួយ​នេះ បាន​ឲ្យ​ដឹងថា៖ «ក្លិប FC Barcelona នឹងត្រូវ​ទូទាត់​សំណង​ពី​ការផ្ទេរ​ក្នុង​ទឹកប្រាក់​ដុល​ចំនួន105លាន​អឺរ៉ូ។ ក្រៅពី ក៏មាន​ការព្រមព្រៀង​គ្នា​មួយ​ទៅលើ​សំណងផ្សេងៗទៀត​ដែលមាន​ចំនួន​រហូតដល់​ទៅ40ភាគ​នៃ​តម្លៃ​ខ្លួន​ក្នុងការ​ផ្ទេរ​នេះ»៕

ប្រភពពី៖ BBC

Advertisement