Mayweather និង McGregor ចំអក​ឲ្យ​គ្នា​ទៅវិញទៅមក មុនពេល​ប៉ះគ្នា​ថ្ងៃ​សៅរ៍​នេះ

 កីឡាករ​ប្រដាល់​អាជីព Floyd Mayweather Jr. ដែលជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់66.7គីឡូក្រាម និង​ម្ចាស់​ខ្សែក្រវាត់2 សម័យកាល​ក្នុង​កីឡាប្រដាល់​យុទ្ធ​គុន​ចម្រុះ Conor McGregor បាន​ប្រើ​ពាក្យសម្តី​ឌឺដង​ដាក់គ្នា​យ៉ាងខ្លាំង នៅមុន​ពេល​ពួកគេ​ទាំងពីរ​ត្រូវ​ឡើង​សង្វៀន​ជួបគ្នា​ក្នុងការ​ប្រកួត​ប្រដាល់​អាជីព​ចំនួន 12ទឹក ក្នុង​ទីក្រុង Las Vegas នៅ​ថ្ងៃ​សៅរ៍​នេះ (ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា)។

Mayweather វ័យ 40ឆ្នាំ ដែលមាន​កំណត់ត្រា​ឈ្នះ 49លើក មិនដែល​ចាញ់ និង​ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ 26លើក​នោះ ត្រូវបាន​បញ្ចុះបញ្ចូល​ឲ្យ​ចាក​ចេញពី​ការចូលនិវត្តន៍ ដើម្បី​ឡើង​ប្រកួត​ជាមួយ McGregor ដែលជា​តារា​ឆ្នើម​ក្នុង​កីឡាប្រដាល់​យុទ្ធ​គុន​ចម្រុះ (MMA) របស់​កម្មវិធី Ultimate Fighting Championship (UFC)។ ទាំង Mayweather និង McGregor ដែល​បាន​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ម្តង​ហើយ​ម្តងទៀត អំឡុងពេល​ដំណើរការ​ផ្សព្វផ្សាយ​ដើម្បី​បង្កើន​ការចាប់អារម្មណ៍​ក្នុងការ​ប្រកួត​នេះ​កាលពី​ខែ​មុន​នោះ​សុទ្ធតែ​បាន​បញ្ជាក់ថា ពួកគេ​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​បង្កើត​ឲ្យ​មានការ​ប្រកួត​ដ៏​ល្អ​បំផុត​ប្រចាំ​សម័យកាល។

McGregor ដែល​ត្រូវបាន​ចាត់ទុកថា ជា​កីឡាករ​មាន​ក្តីសង្ឃឹម​តិច​ណាស់​ក្នុងការ​ឈ្នះ​ក្នុង​ការប្រកួត​ប្រដាល់​អាជីព​ជា​លើក​ទី1របស់គេ​នោះ បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា រូបគេ​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ។ McGregor បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​នឹង​បំបាក់​ឆ្អឹង​មនុស្ស​ចាស់​ម្នាក់នេះ។ ខ្ញុំ​នឹង​ផ្តួល​ឲ្យ​រូបគេ​សន្លប់​នៅត្រឹម2ទឹក​ដំបូង​ប៉ុណ្ណោះ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នឹង​សម្រេច​បញ្ចប់​ការប្រកួត​ត្រឹម​ទឹក​ទី1ឱ្យបាន»។ McGregor វ័យ29ឆ្នាំ ដែលជា​ម្ចាស់​ខ្សែក្រវាត់2សម័យកាល​របស់​កម្ម​វិធី UFC និង​មាន​កំណត់ត្រា​ឈ្នះ 21លើក និង​ចាញ់ 3លើក​នោះ នឹងធ្វើ​ការប្រកួត​ប្រដាល់​អាជីព​ជា​លើក​ទី1របស់គេ។ ស្របពេល​ជាមួយគ្នានេះ Mayweather បាន​និយាយថា៖ «ការប្រកួត​ជាមួយនឹង​កីឡាករ​ខ្លាំង​បំផុត គឺជា​ការប្រកួត​ដែល​នឹង​កើតឡើង។ ខ្ញុំ​ជឿជាក់ថា ខ្ញុំ​អាច​ផ្តួល​គេ​បាន»៕

ប្រភពពី៖ ESPN

Advertisement