គ្រូបង្វឹក​កម្ពុជា​ប្រកាស​កាត់ឈ្មោះ​ពិដោ និង​ពលរដ្ឋ ចេញពី​ក្រុម មុនពេល​ប៉ះ​ឥណ្ឌូនេស៊ី ថ្ងៃនេះ

ជម្លោះផ្ទៃក្នុង និង​ការមិនចុះសម្រុង​គ្នា​ក្នុង​ក្រុម​បាន​ផ្ទុះ​ឡើងជា​សាធារណៈ ក្រោយពី​លោក Leonardo Vitorino បានប្រកាស​ពី​ការ​លុបឈ្មោះ​កីឡាករ​ដ៏​សំខាន់2នាក់​ចេញពី​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅមុន​ពេល​ជួប​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល B នា​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី29 ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​រាត្រី​នេះ។

គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​មានការ​ភ្ញាក់ផ្អើល​តាមរយៈ​ការ​ប្រកាសថា ខ្សែការពារ​សំអឿន ពិដោ និង​ខ្សែបម្រើ​ច្រឹង ពលរដ្ឋ ត្រូវបាន​កាត់​ចេញពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម22ឆ្នាំ មុនពេល​ការប្រកួត​នៅថ្ងៃនេះ ដោយហេតុ​ផល​នៃ​ការមិន​គោរព​វិន័យ។ លោក Vitorino បានបញ្ជាក់​នៅលើ​ទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម Facebook ថា៖ «ពិតណាស់ អ្នក​ទាំងអស់គ្នា​មិន​ពេញចិត្ត​ទៅនឹង​លទ្ធផល ហើយ​ក្នុងនាម​ជា​គ្រូបង្វឹក ខ្ញុំ​ក៏​មិន​សប្បាយចិត្ត​ដែរ។ ដើម្បី​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​ក្រៅពី​សមត្ថភាព​បច្ចេកទេស និង​កាយសម្បទា​ហើយ​នោះ ការគោរពវិន័យ​គឺជា​រឿង​ដ៏​សំខាន់បំផុត ឥរិយាបថ និង​ការប្តេជ្ញាចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ»។

គ្រូបង្វឹក​រូបនេះ​បាន​បន្តថា៖ «ក្រុម​របស់​យើង​ពិតជា​មានការ​ខិតខំ​អស់ពី​សមត្ថភាព ប៉ុន្តែ​ពលរដ្ឋ និង​ពិដោ ត្រូវបាន​កាត់​ចេញពី​ក្រុម​ជម្រើសជាតិ។ ពួកគេ​ត្រូវបាន​កាត់ចេញ​រយៈពេល​មួយថ្ងៃ​មុនពេល​ក្រុម​កម្ពុជា ប៉ះ​ជាមួយនឹង​ឥណ្ឌូនេស៊ី ដោយសារតែ​បញ្ហា​វិន័យ គឺ​ពួកគេ​មិន​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា»។ លោក Vitorino បាន​បន្ថែមទៀតថា៖ «យើង​ត្រូវតែ​រួមគ្នា​ធ្វើការ​អភិវឌ្ឍ​កីឡាបាល់ទាត់​របស់​យើង ហើយ​វា​ដល់ពេល​ហើយ​សម្រាប់​យើង​ក្នុងការ​រឹតបន្តឹង​ទៅលើ​វិន័យ»។ នេះ​គឺជា​ការប្រកាស​ដ៏​ខកចិត្ត​មួយ ក្រោយពី​ក្រុមយុវជន​កម្ពុជា មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​យុទ្ធនាការ​ស៊ី​ហ្គេម​វគ្គ​ចែក​ពូ​ល​មកទល់ពេលនេះ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែ1គ្រាប់​គត់ ក្រោយពី​ចាញ់​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន 2-០ កាលពី​ថ្ងៃ​បើកឆាក មុននឹង​ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម 4-1 ថៃ 3-០ និង​ទី​ម័​រ​ខាងកើត 1-០ ជា​បន្តបន្ទាប់៕

កម្មវិធី​ប្រកួត​នៅថ្ងៃនេះ

East Timor Vs Philippines ម៉ោង 3 រសៀល
Indonesia Vs Cambodia ម៉ោង 3 រសៀល
Thailand V Vietnam ម៉ោង 3 រសៀល

Advertisement