មិនទាន់រកឃើញជើងឯក តែ MCL រកឃើញក្រុម ដែលត្រូវជ្រុះចេញ ទៅលេងនៅលីគទី2 រដូវកាលក្រោយហើយ

ការប្រកួត​លី​គ​កំពូល​កម្ពុជា សប្តាហ៍​ទី19 រដូវ​កាល2020 បានបញ្ចប់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី18 ខែតុលា ឆ្នាំ2020 រវាង​ក្រុម2 គឺ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម 18ឆ្នាំ និង​ក្រុម​អគ្គិសនី​កម្ពុជា ដែល​ជាការ​ប្រជែង​យកជ័យ​ជម្នះ ដើម្បី​ចៀស​ផុតពី​ការ​កាត់​ចេញពី​លី​គ​កំពូល​កម្ពុជា។

យោង​លើ​លទ្ធផល​នៅក្នុង​ការប្រកួត​នេះ ក្រុម​ទាំង2 បាន​ចាញ់​ដូចគ្នា ដែល​វា​បានបង្ហាញ​ជា​ផ្លូវការ​ហើយ​ថា ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម 18ឆ្នាំ នឹងត្រូវ​កាត់ចេញ​ទៅលេង​នៅ​លី​គ​ទី2 នា​រដូវ​កាល​ក្រោយ បន្ទាប់ពី​ពិន្ទុ​ប្រៀបធៀប គឺ​ចាញ់​ក្រុម​ដែល​នៅ​ពីលើ​បន្ទាប់ (អគ្គិសនី​កម្ពុជា) ចំនួន 4ពិន្ទុ ខណៈ​ការប្រកួត​នៅសល់តែ 1ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់។

គួរឱ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​កាត់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម 18ឆ្នាំ​ចេញ ក្រុម​ជើងឯក​លី​គ​ទី2 នឹងត្រូវ​ឡើងមក​បំពេញ​ចន្លោះ​ក្រុម​ដែល​បាន​កាត់ចេញ​មួយ​នេះ៕

Advertisement