Ronaldo រង​ពិន័យ​ព្យួរ 5ប្រកួត ក្រោយពី​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​រង​នូវ​ការពិន័យ​ព្យួរ​ចំនួន5ប្រកួត ដោយសារតែ​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល​លោក De Burgos Bengoetxea ក្នុងអំឡុងពេល​ប្រកួត​ដែល​ក្រុម Real Madrid ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 លើ​ក្រុម Barcelona ក្នុងការ​ប្រកួត​ពាន Super Cup របស់​អេ​ស្ប៉ា​ញ​ជើង​ទី1 កាលពី​ថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល​រូបនោះ ក្រោយពី​រូបគេ​បានទទួល​ការពិន័យ​កាត​លឿង​ជា​លើក​ទី2 នៅក្នុង​ការប្រកួត​នោះ។ Ronaldo បាន​រង​ពិន័យ​កាត​លឿង​លើកទីមួយ​សម្រាប់​ការ​ដោះ​ដាវ​របស់គេ​ដើម្បី​អបអរ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី និង​បានទទួល​ការពិន័យ​កាត​លឿង​មួយទៀត​ជា​លើក​ទី2 សម្រាប់​ការធ្វើ​ពុត​ជា​ដួល​នៅ​តំបន់​ការពារ​របស់​ក្រុម Barcelona ក្រោម​សម្ពាធ​របស់​ខ្សែការពារ Samuel Umtiti។ ក្រោម​ច្បាប់​មាត្រា​ទី96របស់​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ កីឡាករ​រូប​ណា​ដែល​ចាប់​ឱប អង្រួន និង​រុញ​អាជ្ញាកណ្តាល អាច​នឹងត្រូវ​រង​ពិន័យ​ព្យួរ​ពី4 ទៅ12ប្រកួត។ សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ​ហៅ​កាត់​ថា RFEF បាន​ឲ្យ​ដឹងថា៖ «ករណី​ទី1 កីឡាករ Cristiano Ronaldo របស់​ក្លិប Real Madrid នឹងត្រូវ​ជាប់​ពិន័យ​ព្យួរ​មួយ​ប្រកួត ក្រោយពី​ទទួលបាន​កាត​លឿង2 ដោយ​កាត​លឿង​ទី1សម្រាប់​ការ​ដោះអាវ​របស់គេ​ក្នុងពេល​អបអរ​ការរក​គ្រាប់​បាល់​បាន​របស់គេ និង​ទី2 សម្រាប់​ការធ្វើ​ពុត​ជា​ដួល។ ក្លិប​នេះ​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់350អឺរ៉ូ ហើយ​កីឡាករ​រូបនេះ​ក៏​នឹងត្រូវ​ពិន័យ800អឺរ៉ូ ផងដែរ»។ RFEF បាន​បន្ថែមទៀតថា៖ «ករណី​ទី2 Cristiano Ronaldo ត្រូវ​ជាប់​ពិន័យ​ព្យួរ​សម្រាប់​ការប្រកួត4លើក​ផ្សេងទៀត​ចំពោះ​ការប្រព្រឹត្ត​ល្មើ​សនឹង​វិន័យ​មាត្រា​ទី96 ដោយ​ក្លិប​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់1,400អឺរ៉ូ និង3,005អឺរ៉ូ​សម្រាប់​កីឡាករ»៕

នេះជាតារាងការប្រកួតដែលអវត្តមាន Cristiano Ronaldo

Barcelona (h) – Spanish Super Cup – 16 August
Deportivo La Coruna (a) – La Liga – 20 August
Valencia (h) – La Liga – 27 August
Levante (h) – La Liga – 9 September
Real Sociedad (a) La Liga – 17 September

ប្រភពពី៖ Sky Sport

Advertisement