លោក Wenger សរសើរ Giroud ខណៈ Arsenal ផ្តួល Leicester ទាំង​ប្រផិតប្រផើយ

លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​សម្តែង​នូវ​ការធូរស្រាល​ចិត្ត​ជុំវិញ​ការសម្រេចចិត្ត​របស់ Olivier Giroud ក្នុងការ​បន្ត​នៅ​ជាមួយ​ក្លិប ក្រោយពី​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ​បាន​ជួយ​ឲ្យ​ក្រុម​របស់គេ​ដណ្តើមបាន​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល 4-3 លើ​ក្រុម Leicester City។

Giroud បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុងពេលដែល​ក្រុម Arsenal កំពុងតែ​ដេញតាម​ពីក្រោយ 3-2 ក្នុងការ​ប្រកួត​បើក​រដូវ​កាល​នៅ​កីឡដ្ឋាន Emirates កាលពី​ថ្ងៃ​សុក្រ ហើយ​ក្រោយពី​មិត្ត​រួម​ក្រុម​របស់គេ Aaron Ramsey បា​នរក​គ្រាប់​បាល់​តាម​ស្មើ រូបគេ​ក៏បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី85តែម្តង។ ការចូលរួម​របស់​ខ្សែប្រយុទ្ធ Alexandre Lacazette បានធ្វើ​ឲ្យ Giroud កាន់តែ​បាត់បង់​ឱកាស​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​របស់​ក្រុម Arsenal  ប៉ុន្តែ​ក្រោយពី​បានផ្តល់​ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ​វ័យ30ឆ្នាំ​រូបនេះ​ក្នុងការ​ចាកចេញ លោក Wenger បាន​សម្តែង​នូវ​ការរំភើប​យ៉ាងខ្លាំង​ដែល​រូបគេ​បានសម្រេច​ចិត្ត​ក្នុងការ​បន្ត​នៅ​ជាមួយនឹង​ក្លិប។

លោក Wenger បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «វា​ពិតជា​អស្ចារ្យ​ណាស់។ ខ្ញុំ​បាន​បើកចំហ​ទ្វារ​ឲ្យ​រូបគេ​ក្នុងដំណាក់កាល​ជាច្រើន ពីព្រោះ​ខ្ញុំ​ដឹងថា វា​ពិតជា​សំខាន់​ណាស់​សម្រាប់​រូបគេ​ក្នុង​ការលេង ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ចាកចេញ​ឡើយ»។ អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​បន្ថែមទៀតថា៖ «រូបគេ​បានសម្រេច​ចិត្ត​ក្នុងការ​បន្ត​នៅ ហើយ​វា​ជា​ថ្ងៃមួយ​ក្នុងចំណោម​ថ្ងៃ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​សម្រាប់​ខ្ញុំ។ រូបគេ​ពិតជា​កីឡាករ​ដ៏​អស្ចារ្យ ប៉ុន្តែ​រូបគេ​មាន​បន្ទុក​ដ៏​ធំ​មួយ​ក្នុង​ក្រុម​នេះ។ វា​ពិតជា​ធូរស្រាល​សម្រាប់​ខ្ញុំ​ដែល​រូបគេ​បានសម្រេច​ចិត្ត​ក្នុងការ​បន្ត​នៅ»។

Lacazette ដែល​បាន​ផ្ទេរ​ក្នុងតម្លៃ​ខ្លួន46.5លាន​ផោន (ស្មើនឹង60.3លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Lyon មក​នោះ បានចាប់ផ្តើម​យ៉ាង​ល្អ​នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​លើ​ទឹកដី​ខ្លួនឯង​ជា​លើក​ទី1របស់គេ តាមរយៈ​ការជួយ​ឲ្យ​ក្រុម Arsenal មាន​គ្រាប់​បាល់​នាំមុខភ្លាមៗក្រោយពី​លេង​បានត្រឹមតែ85វិនាទី៕

ប្រភពពី៖ Sky Sport

Advertisement