Brighton យល់ព្រម​លើ​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប ដើម្បី​នាំយក Izquierdo ពី​ក្លិប Brugge

ក្លិប Brighton នឹងត្រូវ​បំបែក​កំណត់ត្រា​នៃ​ការផ្ទេរ​របស់​ពួកគេ​ជា​លើក​ទី3នៅ​រដូវក្តៅ​នេះ ក្រោយពី​បាន​យល់ព្រម​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​កូ​ឡុំ​ប៊ី Jose Izquierdo ដែល​មកពី​ក្លិប Club Brugge។

ខ្សែបម្រើ​ស្លាប​វ័យ 25ឆ្នាំ​រូបនេះ ដែល​នឹងចូលរួម​ក្នុងតម្លៃ​ខ្លួន​ចំនួន13.5លាន​ផោន (ស្មើនឹង17.5លាន​ដុល្លារ​អាមេរិក) នោះ នឹងត្រូវ​បំពេញ​ការផ្ទេ​រ​របស់គេ ក្រោយពី​ការពិនិត្យ​សុខភាព​រួចរាល់។ Izquierdo បាន​ស៊ុត​បាល់​បញ្ចូល​ទី15គ្រាប់ ក្នុង​ក្របខ័ណ្ឌ​បែលហ្ស៊ិក Pro League កាលពី​រដូវ​កាល​មុន។ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្លិប Brighton បានប្រកាសថា ពួកគេ​បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​កីឡាករ Soufyan Ahannach ពី​ក្លិប Almere City របស់​ហូ​ឡង់។

ខ្សែបម្រើ​ស្លាប​វ័យ21ឆ្នាំ​រូបនេះ បាន​ផ្ទេរ​មកពី​ក្លិប​លំដាប់​ទី2 របស់​ហូ​ឡង់ ក្នុង​កិច្ចសន្យា​រយៈពេល5ឆ្នាំ ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី18គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រកបាន15គ្រាប់​ផ្សេងទៀត​ក្នុងការ​ប្រកួត42លើក​កាលពី​រដូវ​កាល​មុន។ លោក Chris Hughton អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប Brighton បាន​បញ្ជាក់ថា រូបគេ​ជា​កីឡាករ​វ័យក្មេង​ម្នាក់​ដែលមាន​ទេពកោសល្យ និង​សក្តានុពល​ដ៏​អស្ចារ្យ។

ក្រុម​របស់លោក Hughton បាន​បំបែក​កំណត់ត្រា​នៃ​ការទិញចូល​កីឡាករ​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ នៅពេលដែល​ពួកគេ​បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​អន្តរជាតិ​ហូ​ឡង់ Davy Propper ពី​ក្លិប PSV Eindhoven ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជា6លាន​ផោន។ ពួកគេ​បាន​ចំណាយ​ប្រាក់​ចំនួន5លាន​ផោន​រួចស្រេច​ហើយ​កាលពី​ខែមិថុនា សម្រាប់​អ្នកចាំទី​អន្តរជាតិ​អូស្ត្រាលី Mathew Ryan ពី​ក្លិប Valencia៕
ប្រភពពី៖ BBC

Advertisement