លោក Mourinho ជំរុញ​ឲ្យ Man Utd ដាក់សំណើ​ដេញថ្លៃ​ទិញ Bale ពី Real

លោក Jose Mourinho កំពុងតែ​ទទូច​សុំ​ឲ្យ​ប្រធាន​ក្លិប Manchester United របស់លោក​ដាក់សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់100លាន​ផោន (ស្មើនឹង130លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញ​តារា​ឆ្នើម Gareth Bale ពី​ក្លិប Real Madrid។

បើទោះបីជា​លោក Mourinho បានប្រកាស​ជា​សាធារណៈ​ថា «ល្បែង​បានបញ្ចប់» ហើយ​ក្នុងការ​ប្រមាញ់​ទិញ​ខ្សែប្រយុទ្ធ​អន្តរជាតិ​វេ​លស៍​រូបនេះ ក្រោយពី​ក្រុម​របស់លោក​ចាញ់​ក្រុម Real Madrid ក្នុង​លទ្ធផល 2-1 ក្នុង​ការប្រកួត​ដណ្តើមពាន UEFA Super Cup ក្នុង​ទីក្រុង Skopje កាលពី​ថ្ងៃ​អង្គារ​ក៏ដោយ ប៉ុន្តែ​គ្រូបង្វឹក​របស់ Man United រូបនេះ​នៅតែមាន​អារម្មណ៍​ថា ការព្រមព្រៀង​គ្នា​មួយ​នៅតែ​ត្រូវ​ឈានដល់។ គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​រំពឹងថា ការចុះហត្ថលេខា​ជាមួយ Bale អាច​កើតឡើង ប្រសិនបើ​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការរក​កីឡាករ​មក​ជំនួស Bale បាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ។ លោក Mourinho ថា ការផ្តល់​កុងត្រា​ជាមួយនឹង​ចំណូល50ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ នឹង​ទាក់ទាញ​ការចាប់អារម្មណ៍​របស់ Bale ឲ្យ​វិល​ទៅកាន់​អង់គ្លេស​ដើម្បី​លេង​ឲ្យ​ក្រុម​អតីត​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Champions League របស់លោក។ Bale ហាក់ដូចជា​បាន​ច្រានចោល​ចំពោះ​ការ​លើកឡើងថា រូបគេ​នឹង​ចាក​ចេញពី​ក្លិប Real នៅ​រដូវក្តៅ​នេះ បើទោះបីជា​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ កំពុងតែ​ព្យាយាម​ទិញ​ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe ក្នុងតម្លៃ​ខ្លួន160លាន​ផោន ពី​ក្លិប​ Monaco ក៏ដោយ។

Bale បាន​បញ្ជាក់ថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ប្រជែង​ដណ្តើមយក​កៅអី​របស់ខ្ញុំ​នេះ។ យើង​នឹង​ប្រជែង​ដើម្បី​កៅអី​របស់​យើង។ វា​មិនមែនជា​រឿង​ថ្មី​ឡើយ​ក្នុង​កីឡាបាល់ទាត់។ វា​កើតឡើង​នៅ​រាល់​ក្លិប​ទាំងអស់ ហើយ​នេះ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ទាំងអស់គ្នា​ទៅហើយ»៕

ប្រភពពី៖ The Sun

Advertisement