លោក KOJI GYOTOKU ថា ការកោះហៅលើកនេះ សម្រាប់ត្រៀមពាន AFF U19

លោក  KOJI GYOTOKU គ្រូបង្វឹក​ក្រុមបាល់ទាត់​យុវជន​គោព្រៃ​ជម្រើសជាតិ​អាយុ​ក្រោម 19ឆ្នាំ​កម្ពុជា បានបង្ហាញ​អំពី​គោលបំណង​របស់លោក ក្នុងការ​ធ្វើការ​កោះហៅ​កីឡាករ​ចំនួន 38រូប មកពី​ក្លិប​បាល់ទាត់ធំៗនៅក្នុង​លី​ក​កំពូល​កម្ពុជា​ទាំង 8នេះ​ថា គឺ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFF U19 Championship 2020 ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ចុងឆ្នាំ​នេះ មុន​ការប្រកួត AFC U19 Championship ទៅទៀត។

តែ​លោក​ក៏បាន​បន្ថែមទៀត​ដែរ​ថា អ្វីៗកំពុងតែ​ស្ថិតនៅក្នុង​ភាពស្រពេចស្រពិល ដោយសារតែ​ពេលនេះ ពាន​ប្រចាំ​តំបន់​អាស៊ាន AFF U19 Championship កំពុងតែ​ស្ថិតនៅក្នុង​ការពិចារណា​ថា គួរ​លេង ឬក៏​គួរ​លុបចោល ហើយ​ពាន AFC U19 Championship ដែលជា​ពាន​កម្រិត​ទ្វីបអាស៊ី​ដែរនោះ ក៏​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ផងដែរ ក្រោយ​ពេលដែល អ៊ូ​បេ​គី​ស្ថាន ជា​ម្ចាស់ផ្ទះ បានប្រកាស​បិទ​ប្រទេស​របស់ខ្លួន​ទៅហើយ ខណៈដែល​ការប្រកួត​កំពុងតែ​កៀក​ខិតជិត​មកដល់​ដែរនោះ។

គួរ​បញ្ជាក់ដែរថា ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម 19ឆ្នាំ​របស់​កម្ពុជា ក្រោម​ការកោះហៅ​របស់​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​លោក KOJI GYOTOKU បានធ្វើការ​ហ្វឹកហាត់​ជុំគ្នា​ហើយ កាលពី​ល្ងាច​ថ្ងៃទី14 ខែកក្កដា ឆ្នាំ2020នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​វេលា​ម៉ោង 4ល្ងាច​តទៅ៕

Advertisement