លោក Conte ត្រៀមរារាំងអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Lukaku ពេលប៉ះ Everton ថ្ងៃអាទិត្យនេះ

លោក Antonio Conte អ្នក​ចាត់​ការ​ទូ​ទៅ​​របស់​ក្រុម​ Chelsea បាន​អះ​អាង​ថា លោកកំពុង​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅលើ​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្រុម Everton នៅ​សប្តាហ៍នេះ ប៉ុន្តែ ក្នុង​ទស្ស​នៈ​ក្នុងការ​បញ្ឈប់​រូបគេ​មិន​ឲ្យ​រកគ្រាប់​បាល់​បញ្ចូល​ទី​នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម​​តោ​ខៀវ​របស់​លោក​ ជា​ជាង​ការ​ទិញរូប​គេ​នៅ​រដូវក្តៅ​ខាង​មុខនេះ​។

ក្រុម Chelsea ដែល​កំពុងនាំមុខលើ​តារាង​ក្រប​ខ័ណ្ឌ Premier League បាន​ទាក់​ទង​ចង់​ចុះហត្ថលេខា​​ខ្សែ​ប្រយុទ្ធ អន្តរ​ជាតិ​បែល​ហ្ស៊ិក​រូប​នេះ ដែ​ល​ពួក​គេ​បានលក់​ទៅ​ឲ្យ​ក្លិប Everton ក្នុង​តម្លៃ​ខ្លួន​២៨​លានផោន ដើម្បី​ជំនួស​កន្លែង​​របស់ខ្សែ​ប្រយុទ្ធ Diego Costa ដែល​ចង់​ផ្ទេរ​ទៅកាន់​ក្រប​ខ័ណ្ឌ​​របស់​ចិន​។ Lukaku គឺ​ជា​អ្នក​គ្រាប់ បាល់​រក​គ្រាប់​បាល់​​ច្រើន​ជាង​គេក្នុង​ការ​ប្រកួត​លីក តាមរយៈ​ការ​រក​បាន​២៤​គ្រាប់ ខណៈ​ដែល Costa រក​បាន​១៩​គ្រាប់ និង​ក្លាយ​ជា​អាវុធ​ដ៏​មុ​តស្រួច​របស់​ក្រុម Everton ខណៈ​ដែលក្រុម Chelsea សម្លឹង​រក​ការ​បន្ថែម​​ពិន្ទុនាំមុខ​របស់​​ពួកគេ​លើក្រុម​​ឈរ​លេខ​២ Tottenham Hotspur នា​កីឡដ្ឋាន Goodison Park​។

លោក Conte បាន​ប្រាប់​អ្នក​យក​ព័ត៌​​មាន​កាល​ពីថ្ងៃ​សុក្រ​ថា៖ «ខ្ញុំ​គិត​ថា រូប​គេ​ជាកីឡាករ​ដ៏ឆ្នើមម្នាក់ និង​​កំពុង​តែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជាច្រើន​នៅ​ដូវ​កាលនេះ​ ដោយ​មិន​ត្រឹម​តែ​ក្នុង​រដូវកាល​នេះ​ឡើយ ហេតុនេះ យើង​ត្រូវ​តែ​​យក​ចិត្ត​ទុក​ដាក់​​​លើ​រូបគេយ៉ាង​ខ្លាំង​»​។ គ្រូ​បង្វឹក​សញ្ជាតិ​​អ៊ី​តាលី​រូប​នេះ​បាន​​ប្រាប់​បន្ត​ថា៖ «ប៉ុន្តែ វា​ពិត​ណាស់ យើង​ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ​ដើម្បី​រា​រាំង​​ពួក​គេ​​។ យើង​ត្រូវ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ដ៏​ត្រឹមត្រូវ​ដើម្បី​បញ្ចប់ Lukaku និង​រាល់​កីឡាករ​ផ្សេង​ៗ​ទៀត​»​។ នៅ​ពេល​​ត្រូវ​បាន​ចោទ​សួរ​ថា តើ​ខ្សែ​ប្រយុទ្ធ​​រូប​ណា​ដែល​លោក​ចូល​ចិត្ត​ជាង​គេក្នុងក្រុម​របស់​លោក លោក Conte បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ខ្ញុំ កីឡាករ​របស់ខ្ញុំ​គឺ​ជា​កីឡាករ​ឆ្នើម​បំផុតក្នុង​ពិភព​លោក​។ ខ្ញុំ​មិន​​ផ្លាស់ប្តូរ​ពួក​គេ​ជាមួយ​នឹងកីឡាករផ្សេង​​ឡើយ​»​។ ក្រុម Everton នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ ក្រោយ​ពី​បាន​បញ្ចប់ក្នុងលទ្ធផលស្មើ​ ០-០ ជាមួយនឹងក្រុម​ធ្លាក់​ទម្រង់​លេង West Ham ខណៈ​​ដែល​ Chelsea ទើប​តែ​បាន​ផ្តួល​ក្រុម Southampton ក្នុងលទ្ធផល​ ៤-២​​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៨:០៥យប់៕

ប្រភព​ពី៖ Reuters

Advertisement