កម្ពុជា ត្រៀមបង្កើតក្រុមបាល់ទាត់ថ្មីមួយ ដើម្បីត្រៀមសម្រាប់ស៊ីហ្គេម2023

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ2020 របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី8 ខែមិថុនា ឆ្នាំ2020 កន្លងទៅនេះ ដើម្បី​បូកសរុប​ការងារ​ក្នុង​ឆ្នាំ2020 និង​ផ្សព្វផ្សាយ​គម្រោង​ការងារ​របស់​សហព័ន្ធ​ក្នុង​ឆ្នាំ2021 ខាងមុខ ដោយមាន​វត្តមាន​រប​ស់​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុមការងារ​របស់​ស​ហ​ព័ន្ធ តំណាង​បណ្តា​ក្លិប​បាល់ទាត់​អាជីព​ទាំងអស់ និង​អ្នកសារព័ត៌មាន​មកពី​គ្រប់​ស្ថាប័ន។

នៅក្នុង​អង្គសន្និបាត ឯកឧត្ដម​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា បញ្ហា​គុណភាព​កីឡាករ គឺជា​បញ្ហា​ចម្បង ដែល​ឯកឧត្ដម​បានចាត់ទុក​ថា ជា​ឧបសគ្គ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023។ ដោយសារ​មូលហេតុ​នេះ ឯកឧត្ដម​បាន​បង្ហើប​ឱ្យ​អង្គសន្និបាត​បានដឹង អំពី​គម្រោង​ថ្មី​មួយ គឺ​ការបង្កើត​ក្រុមបាល់ទាត់​ថ្មី​មួយ ដែលជា​របស់​សហព័ន្ធ​តែម្តង ហើយ​ប្រមូលយក​កីឡាករ​វ័យក្មេង​ដែលមាន​សមត្ថភាព​ខ្លាំង ពី​បណ្តា​ក្លិប​ទាំងអស់ មក​ប្រមូលផ្តុំ​ហ្វឹកហាត់ និង​ស្នាក់នៅ​រួមគ្នា ហើយ​បញ្ចូល​ក្រុម​មួយ​នេះ​ឱ្យ​លេង​ប្រជែង​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា ចាប់ពី​រដូវ​កាល​ក្រោយ​តទៅ។

គួរ​រំឭក​ដែរ​ថា កម្ពុជា​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023 ហើយ​បានដាក់​គោលដៅ ត្រូវតែ​ដណ្តើម​មេដាយ​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​ឱ្យបាន ក្នុងនាម​ជា​ក្រុម​ម្ចាស់ផ្ទះ៕

Advertisement