Pique ជួយ​ឲ្យ Barcelona ផ្តួល Real ដើម្បីលើក​ពាន International Champions Cup

ខ្សែ​ការពារ Gerard Pique បាន​រកគ្រាប់បាល់​ឈ្នះ​ឲ្យក្រុម Barcelona ក្នុង​ពេលប្រកួត​ជាមួយនឹងក្រុម Real Madrid កាលពីព្រឹក​ថ្ងៃអាទិត្យម្សិលមិញ(ម៉ោងនៅកម្ពុជា) ខណៈ​ការ​ប្រកួត​ដែលមាន​ឈ្មោះ​ថា El Clasico នៅលើ​ទឹក​ដីនៃ​រដ្ឋ Miami នេះបានផ្តល់នូវការ​​រំភើបយ៉ាង​ខ្លាំង​។

ខ្សែ​ការ​ពារអន្តរ​ជាតិ​អេ​ស្ប៉ាញ​រូប​នេះបាន​រកគ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទីពីការ​ស៊ុត​បាល់ពិន័យ​ Free-kick របស់ Neymar នៅនាទីទី​50 ដើម្បី​ជួយ​​ឲ្យក្រុមខ្លួន​ទទួល​ជ័យជម្នះ 3-2 លើក្រុម Real Madrid នៅមុខអ្នក​ទស្សនា​សរុប​ចំនួន​66,014នាក់​នៅ​​ឯកីឡដ្ឋាន Hard Rock​។ ខ្សែ​ប្រយុទ្ធ Lionel Messi ដែល​បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ឥត​ខ្ចោះក្នុង​រយៈ​ពេលនៃការ​លេង​64​នាទី​របស់​គេនោះ បាន​រក​គ្រាប់​​បាល់បើក​ឆាក ក្រោយ​ពី​លេង​បាន​រយៈពេលត្រឹម​តែ​3​នាទី ហើយ​បន្ទាប់ពីនោះ​ខ្សែ​បម្រើ Ivan Rakitic បាន​បន្ថែមគ្រាប់​បាល់​ទី​2​ភ្លាម​ៗដែរ បន្ទាប់ពីខ្សែការ​ពារ​​របស់ក្រុម Real Madrid ហាក់​ស្ថិតក្នុង​សភាព​ទន់ខ្សោយ​។ ប៉ុន្តែ ក្រុមរ​បស់​លោក Zinedine Zidane បាន​ស្តារ​មុខមាត់​ឡើងវិញ​ភ្លាម​ៗ និង​នៅ​ជិត​បញ្ចប់ការប្រកួតនៃ​តង់​ទី​1 គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Mateo Kovacic និង Marco Asensio បាន​ជួយ​ឲ្យក្រុម​ស្តេចឈុត​ស​មួយនេះ តាម​ស្មើ​វិញ​តែម្តង​។ ទោះបី​ជា​យ៉ាងណា Pique បាន​រកគ្រាប់​បាល់​កាត់សេចក្តី ដើម្បី​ជួយ​​ឲ្យក្រុម Barcelona ឈ្នះពាន​ពីការ​ប្រកួត​មិត្ត​ភាពមុន​បើក​រដូវកាល​មួយនេះ​តែម្តង​។ លទ្ធផលនៃ​ការ​ប្រកួតមិត្ត​ភាព​​មុន​បើក​រដូវ​កាល​នេះ មិន​ជះ​ឥទ្ធិ​ពល​ទៅលើ​កំណត់ត្រា​ជា​រួម​នៃ​ការ​ប្រកួត​ដែល​ឈ្មោះ​ថា El Clasico ឡើយ​រវាងក្រុម​ទាំងពីរនេះ ខណៈ​ដែល Real Madrid បានកត់ត្រា​ជ័យជម្នះ​សរុប​93លើក ហើយ Barcelona ឈ្នះ​91​លើក​៕

ប្រភព​ពី៖ BBC

Advertisement