ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល Douglas Costa របស់ Bayern បំពេញការ​ផ្ទេរ​ទៅ Juventus

ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិពល Douglas Costa បាន​បំពេញ​ការផ្ទេរ​របស់​គេ​ទៅកាន់​ក្លិបយក្ស​អ៊ី​តាលី Juventus របស់​ក្រប​ខ័ណ្ឌ Serie A ក្រោយ​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Turin នៅ​ថ្ងៃ​ពុធនេះ​។

រូបភាព​វីដេ​អូ​នៃ​ការទៅ​ដល់​របស់​ខ្សែ​បម្រើ​ស្លាប Costa ក្នុង​ទីក្រុង Turin ត្រូវ​បាន​ចាក់​បង្ហាញ​នៅលើគណនី Twitter របស់ក្លិប Juventus។ នេះបើយោង​ទៅ​តាម​កា​សែត MailOnline ដែលបាននិយាយថា ខ្សែ​បម្រើអន្តរ​ជាតិប្រេស៊ីល Costa នឹង​ចុះហត្ថលេខា​ជាមួយ​នឹងក្លិប Juventus ដោយមកពីក្លិប Bayern Munich ក្នុង​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​ជាមុន​សិនក្នុង​តម្លៃ​ជា​ទឹក​ប្រាក់5​​លានផោន ប៉ុន្តែ តម្លៃ​ខ្លួន​នេះអាច​នឹង​កើន​ដល់​35លាន​ផោន (ស្មើនឹង​45លាន​ដុល្លារ​អាមេ​រិក) ប្រសិន​បើ​ការផ្ទេរ​នេះ ក្លាយ​ជា​ការ​ផ្ទេរ​ជា​អចិន្ត្រៃយ៍​​។

ការ​ផ្ទេរ​នេះនឹង​បញ្ចប់​រយៈ​ពេល​2​ឆ្នាំ​នៅ​ឯ​កីឡដ្ឋាន Allianz Arena សម្រាប់ Costa ក្រោយពីផ្ទេរមកពីក្លិប Shakhtar Donetsk ទៅកាន់ក្លិប Bayern ក្នុង​តម្លៃខ្លួន​21លានផោន កាលពី​ខែកក្កដា ឆ្នាំ​2015​កន្លងមក។ មុន​នេះ​បន្តិច លោក Karl-Heinz Rummenigge ដែល​ជា​ប្រធានក្លិប Bayern បាន​បញ្ជាក់ថា ​ក្លិប​​ទាំង​ពីរកំពុ​ង​តែ​ស្ថិតក្នុងការពិភាក្សា​គ្នា​ជាផ្លូវការ​អំពីការផ្ទេរ​របស់ Costa​។

លោក Rummenigge បាន​ឲ្យ​ដឹង​ថា៖ «យើងកំពុង​តែ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​ចរ​ចា​គ្នា ហើយ​ខ្ញុំអាចនិយាយ​ថា វា​មាន​ចំណុច​វិជ្ជមាន​ជាច្រើន និងជាក់​លាក់ ប៉ុន្តែ ខ្ញុំមិនអាចនិយាយ​ថា ការផ្ទេរ​នេះត្រូវ​បាន​បំពេញនៅថ្ងៃនេះឡើយ​»​។

Costa ត្រូវ​បាន​ចាត់​ទុក​ថាជាកីឡាករលើស​ពី​តម្រូវ​ការនៅ​ឯ​ក្លិប Bayern ក្រោយ​ពី​ក្លិប​យក្ស​អាល្លឺ​ម៉ង់មួយនេះបាន​​យល់​ព្រម​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើប្រយុទ្ធ James Rodriguez របស់​ក្លិប Real Madrid ក្នុង​​លក្ខ​ខណ្ឌ​ខ្ចី​ជើង2​ឆ្នាំ​៕
ប្រភព​ពី៖ ESPN

Advertisement