Pacquiao ស្រេកឃ្លានសងសឹក Mayweather ក្រោយប៉ះ Horn ចុងសប្តាហ៍នេះ

គ្រូបង្វឹករបស់កីឡាករ Manny Pacquiao បានបញ្ជាក់ថា តារាប្រដាល់ដ៏ឆ្នើមរបស់ហ្វីលីពីនរូបនេះ កំពុងតែស្ថិតក្នុងស្ថានភាពត្រូវការឈ្នះជាដាច់ខាតនៅពេលរូបគេត្រូវការពារខ្សែក្រវាត់ពិភពលោករបស់គេជាមួយនឹងកីឡាករអូស្ត្រាលី Jeff Horn នៅចុងសប្តាហ៍នេះ ដើម្បីទទួលបានឱកាសក្នុងការប្រកួតសងសឹកជាមួយនឹងកីឡាករអាមេរិក Floyd Mayweather។ នៅមុនពេលការប្រកួតរវាង Pacquiao (ឈ្នះ 59លើក ចាញ់ 6លើក និងស្មើ 2លើក) និង Horn ដែលជាអតីតគ្រូបង្រៀន (ឈ្នះ 16លើក មិនដែលចាញ់ និងស្មើ1លើក) លោក Freddie Roach គ្រូបង្វឹករបស់ Pacquiao បានបញ្ជាក់ថា ការប្រកួតនាពេលខាងមុខនេះពិតជាសំខាន់ណាស់ ដោយសារតែវាអាចនឹងកំណត់ថា តើម្ចាស់ខ្សែក្រវាត់ពិភពលោក11សម័យកាលរូបនេះ នឹងទទួលបានឱកាសក្នុងការប្រកួតសងសឹកជាមួយនឹង Mayweather ឬយ៉ាងណា?។

លោក Roach បានប្រាប់ទូរទស្សន៍ ESPN កាលពីថ្ងៃអង្គារថា៖ «Manny ស្ថិតក្នុងស្ថានភាពដែលត្រូវការឈ្នះជាដាច់ខាត។ រូបគេចង់បានការប្រកួតសងសឹកជាមួយនឹង Mayweather តែដើម្បីជួបជាមួយនឹង Mayweather អ្នកត្រូវតែធ្វើឲ្យបានល្អពេលប្រកួតជាមួយនឹងគូប្រកួតម្នាក់នេះជាមុនសិន ហើយអ្នកត្រូវតែផ្តល់នូវការប្រកួតមួយដ៏គួរឲ្យទាក់ទាញទៀតផង។ ប្រសិនបើរូបគេត្រដាបត្រដួសក្នុងការប្រកួតនេះ វាអាចនឹងបញ្ចប់ក្តីសុបិននោះទាំងស្រុង»។
បើទោះបីជា Pacquiao ពិតជាស្រេកឃ្លានក្នុងការទទួលបានការប្រកួតសងសឹក ក្រោយពីចាញ់ក្នុងការប្រកួតដ៏ល្បីល្បាញដែលមានឈ្មោះថា ការប្រកួតប្រចាំសតវត្សរ៍ កាលពីខែឧសភា ឆ្នាំ2015 ក៏ដោយ ក៏រូបគេមិនអនុញ្ញាតឲ្យការរំពឹងទុកពីការបានប្រកួតសងសឹកនោះមករំខានដល់ការត្រៀមលក្ខណៈរបស់គេសម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះឡើយ។ Pacquiao បានឲ្យដឹងថា៖ «ប្រសិនបើមានឱកាស ហេតុអ្វីបានមិនអាចទៅរួច? ខ្ញុំពិតជាចង់ប្រកួតសងសឹកណាស់។ ប៉ុន្តែខ្ញុំត្រូវផ្តោតទៅលើការប្រកួតមួយនេះជាមុនសិន។ យើងមិនអាចមើលស្រាលទៅលើ Horn ដោយគិតពីការប្រកួតផ្សេងបានឡើយ។ ការប្រកួតនេះមិនទាន់បានបញ្ចប់នៅឡើយទេ»។

ការប្រកួតដណ្តើមខ្សែក្រវាត់ WBO ទម្ងន់66.9គីឡូក្រាមនេះ នឹងចាប់ផ្តើមនៅម៉ោង11:30 (ម៉ោងក្នុងស្រុក) នាថ្ងៃសៅរ៍នេះ នៅលើសង្វៀន Suncorp Stadium ប្រទេសអូស្ត្រាលី៕
ប្រភពពី៖ ESPN

Advertisement