Traore ចេញពីក្លិប Chelsea ចូល Lyon ក្រោយពីយល់ព្រមលើតម្លៃខ្លួនជិត 9លានផោន

ខ្សែប្រយុទ្ធ Bertrand Traore បានចូលរួមជាមួយនឹងក្លិប Lyon ដោយចេញពីក្លិប Chelsea។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំងពីរ។  ខ្សែប្រយុទ្ធអន្តរជាតិបួគីណាហ្វាសូវ័យ 21ឆ្នាំរូបនេះ បានចំណាយពេលប៉ុន្មានរដូវកាលចុងក្រោយនេះក្នុងនាមជាកីឡាករកម្ចីរបស់ក្លិបហូឡង់ Vitesse Arnhem និង Ajax Amsterdam ហើយបច្ចុប្បន្នរូបគេនឹងផ្ទេរទៅកាន់ប្រទេសបារាំង ក្នុងកិច្ចសន្យាមួយដែលនឹងបន្តរហូតដល់ឆ្នាំ 2022។

Lyon បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «វាជាផ្លូវការហើយ ខណៈដែល Bertrand Traore ក្លាយជាកីឡាកររបស់ក្លិប Lyonnais»។ ការផ្ទេរនេះមានតម្លៃខ្លួន 10លានអឺរ៉ូ (ស្មើនឹង 11.2លានដុល្លារអាមេរិក ឬស្មើ 8.8លានផោន) ហើយរូបគេបានចុះហត្ថលេខារយៈពេល 5ឆ្នាំ។

ប្រភពព័ត៌មានជាច្រើនបានចេញផ្សាយថា តម្លៃខ្លួននេះ ក៏មានរាប់បញ្ចូលទាំងលក្ខខណ្ឌក្នុងពេលលក់កីឡាកររូបនេះបន្ត និងប្រាក់ឧត្ថម្ភផ្សេងៗទៀតផងដែរ។ ក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានរៀបចំឡើងដោយ Lyon ដើម្បីប្រកាសពីការចុះហត្ថលេខាជាមួយនឹង Traore លោក Jean-Michel Aulas ប្រធានក្លិប Lyon និងលោកគ្រូបង្វឹក Bruno Genesio បានធ្វើការពិភាក្សាលើបញ្ហាជាច្រើន។ Aulas ដែលត្រូវបានដក់ស្រង់សម្តីដោយកាសែត L’Equipe នោះ បាននិយាយពីផលលំបាកផ្នែកបច្ចេកទេស ក្នុងនោះរាប់បញ្ចូលទាំងបញ្ហាដោះដូរកីឡាករផងដែរ។

ក្រោយពីបានបំពេញការផ្ទេររបស់គេរួចរាល់ Traore បានប្រាប់ទូរទស្សន៍ OLTV ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ ក្នុងការក្លាយជាកីឡាកររបស់ក្លិប Lyonnais។ Lyon តែងតែជាក្លិបដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយមានកីឡាករឆ្នើមៗ និងមានប្រវត្តិដ៏អស្ចារ្យ។ វាជាកិត្តិយសមួយសម្រាប់ខ្ញុំក្នុងការមកនៅទីនេះ»៕


ប្រភពពី៖ The Guardian

Advertisement