Ronaldo ជួយព័រទុយហ្គាល់ ផ្តួលរុស្ស៊ី ឯម៉ិកស៊ិកទម្លាក់នូវែលសេឡង់

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ពិតជាស័ក្តិសមក្នុងការទទួលបានជ័យជម្នះ ក្រោយពីបានរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងរបស់គេក្នុងព្រឹត្តិការណ៍ Confederations Cup ដើម្បីជួយឲ្យប្រទេសរបស់គេទទួលបានជ័យជម្នះក្នុងលទ្ធផល 1-0 លើក្រុមម្ចាស់ផ្ទះរុស្ស៊ី កាលពីថ្ងៃពុធ។

តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះបានជម្នះលើរឿងអាស្រូវទាក់ទងនឹងបញ្ហាបន្លំបង់ពន្ធ ដែលកំពុងក្លាយជាដុំពពកខ្មៅជុំវិញអនាគតរបស់គេ តាមរយៈការរកគ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់គត់ក្នុងការប្រកួតនៅទីក្រុងម៉ូស្គូនៅនាទីទី8 ដើម្បីជួយឲ្យក្រុមម្ចាស់ជើងឯក Euro ឆ្នាំ2016 របស់គេ ឡើងទៅឈរពីលើរុស្ស៊ីក្នុងពូល A។

Ronaldo បាននិយាយថា៖ «យើងពិតជារីករាយណាស់។ វាជាលើកទីមួយហើយដែលក្រុមជម្រើសជាតិព័រទុយហ្គាល់បានទទួលជ័យជម្នះនៅរុស្ស៊ី។ ក្រុមយើងលេងបានយ៉ាងល្អនៅពេលដែលត្រូវប្រកួតជាមួយនឹងក្រុមមួយដែលលេងដោយមានការគាំទ្រយ៉ាងកងរំពងពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែ យើងលេងបានល្អជាង ហើយយើងមានឱកាសច្រើនជាង»។

ខ្សែប្រយុទ្ធវ័យ 32ឆ្នាំ ដែលជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួតជាលើកទី2ក្នុងយុទ្ធនាការនេះរូបនេះ បានបន្ថែមទៀតថា៖ «យើងបានទទួលជ័យជម្នះ។ យើងទទួលបាន4ពិន្ទុ ហើយយើងត្រូវតែអបអរដល់ក្រុមរបស់យើង»។ ស្របពេលជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិម៉ិកស៊ិក បានផ្តួលក្រុមជម្រើសជាតិនូវែលសេឡង់ ទាំងប្រផិតប្រផើយក្នុងលទ្ធផល 2-1 ក្នុងការប្រកួតមួយគូផ្សេងទៀតក្នុងពូល A ដូចគ្នា កាលពីយប់ថ្ងៃដដែល។ លទ្ធផលចាញ់នេះ បានធ្វើឲ្យនូវែលសេឡង់ ក្លាយជាក្រុមដំបូងគេដែលត្រូវធ្លាក់ចេញពីយុទ្ធនាការ Confederations Cup ឆ្នាំ2017នេះ។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបញ្ជាក់នៅមុនពេលការប្រកួតនេះថា ប្រធានក្រុម (Ronaldo )របស់ពួកគេកំពុងតែផ្តោតអារម្មណ៍តែទៅលើការប្រកួតលើទីលានក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះ បើទោះបីមានការលើកឡើងផ្សេងៗជុំវិញអនាគតរបស់គាត់នៅឯក្លិប Real Madrid យ៉ាងណាក្តី។ Ronaldo ត្រូវបានចោទប្រកាន់ដោយក្រុមអាជ្ញាធរអេស្ប៉ាញពីបទបន្លំមិនបង់ពន្ធក្នុងទឹកប្រាក់ 14.7លានអឺរ៉ូ (ស្មើនឹង16.5លានដុល្លារអាមេរិក) និងត្រូវបានកោះហៅឲ្យធ្វើការបង្ហាញខ្លួនក្នុងតុលាការនៅចុងខែក្រោយនេះនៅទីក្រុងម៉ាឌ្រីដ៕
ប្រភពពី៖ Sky Sport24

 

Advertisement