លោក Hudson ជំរុញឲ្យកីឡាករបង្ហាញភាពក្លាហានក្នុងរាត្រីនេះ

លោក Anthony Hudson គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិនូវែលសេឡង់ បាននិយាយថា ក្រុមដែលមានរហស្សនាមថា All Whites របស់លោកត្រូវតែមានសេចក្តីក្លាហាន ពេលប៉ះជាមួយនឹងក្រុមខ្លាំងម៉ិកស៊ិក ព្រោះដឹងថា បើពួកគេបរាជ័យនៅរាត្រីនេះ ក្តីសង្ឃឹមរបស់ពួកគេក្នុងយុទ្ធនាការ Confederations Cup នឹងត្រូវបញ្ចប់។

ការរងបរាជ័យក្នុងលទ្ធផល 2-0 ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះរុស្ស៊ី ក្នុងការប្រកួតបើកឆាកនៃពូល A កាលពីថ្ងៃសៅរ៍មានន័យថា ក្រុមម្ចាស់ជើងឯកប្រចាំតំបន់អូសេអានី នូវែលសេឡង់ បច្ចុប្បន្ន មិនដែលស្គាល់ឈ្នះសោះពីការប្រកួត10លើកក្នុងយុទ្ធនាការ Confederations Cup ក្រោយពីបានចាកចេញពីព្រឹត្តិការណ៍នេះកាលពីឆ្នាំ1999-2003 និងឆ្នាំ2009 ដោយមិនទទួលបានលទ្ធផលអ្វីទាំងអស់។

ចំណែកក្រុមជម្រើសជាតិម៉ិកស៊ិកវិញ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ2-2 ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់រួចមក ក្រុមនេះកំពុងតែពោរពេញដោយក្តីជឿជាក់ និងត្រូវបានចាត់ទុកថា ជាក្រុមមានប្រៀបក្នុងការឈ្នះលើការប្រកួតនៅទីក្រុង Sochi នៅរាត្រីនេះ។


ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើក្នុងទីក្រុង Kazan កាលពីថ្ងៃសៅរ៍ លោក Juan Carlos Osorio គ្រូបង្វឹករបស់ក្រុមជម្រើសជាតិម៉ិកស៊ិក បាននិយាយទាំងញញឹមថា៖ «យើងបានជួបការប្រកួតដ៏ស្វិតស្វាញមួយជាមួយនឹងក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុប ហើយយើងបានធ្វើការការពារ Cristiano Ronaldo ជាប់ទាំងស្រុង»។ ផ្ទុយទៅវិញ ក្រុមជម្រើសជាតិនូវែលសេឡង់ត្រូវតែបញ្ចប់ការមិនអាចរកគ្រាប់បាល់បញ្ចូលទីរបស់ពួកគេឱ្យបាន ដើម្បីទទួលបានឱកាសមួយក្នុងពេលប្រកួតជាមួយនឹងក្រុមម៉ិកស៊ិក។ ក្រោយពីបានចាញ់ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតមិត្តភាពក្រោមស្នាដៃក្រុមអៀរឡង់ខាងជើង និងបេឡារុស មុនពេលធ្វើដំណើរទៅរុស្ស៊ីនោះ ក្រុមមានរហស្សនាមថា All Whites បច្ចុប្បន្នមិនទាន់រកបានគ្រាប់បាល់បញ្ចូលទីសោះពីការប្រកួត3លើកចុងក្រោយរបស់ខ្លួន។

គួរបញ្ជាក់ដែរថា ក្រុមជម្រើសជាតិនូវែលសេឡង់ ធ្លាប់បានចាញ់ក្រុមជម្រើសជាតិម៉ិកស៊ិករួចមកហើយក្នុងលទ្ធផល 2-1 ក្នុងការប្រកួតមិត្តភាព កាលពីខែតុលា ឆ្នាំទៅ។ ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង1រំលងអធាត្រ៕
ប្រភពពី៖ Daily Star

 

Advertisement