លោក Loew នឹងប្រើប្រាស់តារាឆ្នើមវ័យក្មេងក្នុង Confederation Cup

ក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ នឹងធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ Confederation Cup ជាមួយនឹងលោក Joachim Loew ខណៈដែលគ្រូបង្វឹករូបនេះកំពុងសម្លឹងឆ្ពោះទៅរកការប្រើប្រាស់កីឡាករឆ្នើមៗជំនាន់ក្រោយរបស់លោក បន្ទាប់ពីសម្រេចចិត្តមិនកោះហៅកីឡាករជើងចាស់ឆ្នើមៗជាច្រើនរួចមក។

ស្របពេលដែលនៅសល់រយៈពេលតែ 1ឆ្នាំមុនពេលយុទ្ធនាការ World Cup មកដល់ លោក Loew បានសម្រេចអនុញ្ញាតឲ្យកីឡាករឆ្នើមៗជាច្រើននាក់សម្រាកវិស្សមកាល និងបានជ្រើសរើសយកកីឡាករថ្មីៗចំនួន7នាក់ ដើម្បីបញ្ចូលក្នុងក្រុមរបស់លោកសម្រាប់ការទៅប្រកួតនៅប្រទេសរុស្ស៊ី។ ស្របពេលដែលត្រូវអវត្តមានតារាឆ្នើមៗជាច្រើនដូចជា Thomas Mueller, Manuel Neuer, Mario Gomez និង Jerome Boateng ជាដើមនោះ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងទីក្រុង Sochi នៅថ្ងៃចន្ទ បន្ទាប់ពីក្រុមជម្រើសជាតិស៊ីលី និងអាមេរិក ត្រូវជួបគ្នាក្នុងការប្រកួតក្នុងពូល B នេះដូចគ្នាដែរ។

យុទ្ធនាការនេះនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ស្អែកនេះ នៅពេលដែលក្រុមម្ចាស់ផ្ទះរុស្ស៊ី នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិនូវែលសេឡង់ នាថ្ងៃទី17 ខែមិថុនា ខណៈដែលក្រុមជម្រើសជាតិម៉ិកស៊ិក និងព័រទុយហ្គាល់ក៏ស្ថិតក្នុងពូល A ដូចគ្នាដែរ។ ក្រោយពីមិនបានផ្តោតទៅលើការប្រជែងយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង St Petersburg នាថ្ងៃទី2 ខែកក្កដា លោក Loew កំពុងតែគិតទៅលើយុទ្ធនាការរយៈពេល12ខែទៅមុខទៀត។ គ្រូបង្វឹកវ័យ57ឆ្នាំរូបនេះ ដែលបានដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ2006 និងថែមទាំងបានជួយឲ្យប្រទេសនេះឈ្នះពាន World Cup ឆ្នាំ2014 ផងនោះបានឲ្យដឹងថា៖ «ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 និងការឈ្នះពាននេះម្តងទៀត គឺជាទស្សនវិស័យចម្បងរបស់យើង»។ លោក Loew បានបន្ថែមទៀតថា៖ «តែបេសកកម្មដែលកំពុងដំណើរការនៅពេលនេះគឺការចូលរួមក្នុងព្រឹត្តិការណ៍ Confederation Cup»៕

កម្មវិធីប្រកួតចុងសប្តាហ៍នេះ
ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា
រុស្ស៊ី Vs នូវែលសេឡង់ – 10 យប់
ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា
ព័រទុយហ្គាល់ Vs ម៉ិកស៊ិក – 10 យប់
កាមេរូន Vs ស៊ីលី – 1 រំលងអធ្រាត្រ
ប្រភពពី៖ Sky Sport24

Advertisement