បិសាចក្រហម Man Utd បំពេញការផ្ទេរ Lindelof ពី Benfica ជាផ្លូវការ

ក្លិប Manchester United បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិស៊ុយអែត Victor Lindelof ជាផ្លូវការពីក្លិបម្ចាស់ជើងឯកព័រទុយហ្គាល់ Benfica ហើយ ក្នុងកិច្ចសន្យារយៈពេល 4ឆ្នាំ ជាមួយនឹងជម្រើសក្នុងការបន្តកិច្ចសន្យារយៈពេល1ឆ្នាំទៀត។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃពុធ។

ក្រុមម្ចាស់ជើងឯករបស់អង់គ្លេស 2០សម័យកាលមួយនេះ បានឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ «ក្លិប Manchester United ពិតជារីករាយណាស់ក្នុងការប្រកាសពីការចុះហត្ថលេខាជាមួយនឹង Victor Lindelof មកពីក្លិប Benfica ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2017 តទៅ»។ Man United បានបន្ថែមទៀតថា៖ «ខ្សែការពារកណ្តាលអន្តរជាតិស៊ុយអែតរូបនេះ គឺជាខ្សែការពារដ៏រឹងមាំម្នាក់ ហើយនឹងធ្វើការបង្ហាញខ្លួនជាលើកទី1របស់គេក្នុងដំណើរទៅប្រកួតមិត្តភាពលើទឹកដីសហរដ្ឋអាមេរិក នៅខែកក្កដាខាងមុខ»។

Lindelof ដែលក្លិប Benfica បានបញ្ជាក់ថា នឹងមានតម្លៃខ្លួន35លានអឺរ៉ូ (ស្មើនឹង39លានដុល្លារអាមេរិក) នោះ គឺជាកីឡាករចំណូលថ្មីដំបូងគេរបស់លោក Jose Mourinho នារដូវក្តៅនេះ ក្រោយពីក្រុមរបស់លោកបានឈ្នះពាន Europa League កាលពីខែមុន ដើម្បីឈ្នះសិទ្ធិទៅប្រកួតក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។ លោក Mourinho អ្នកចាត់ការទូទៅរបស់ Man United បានប្រាប់គេហទំព័ររបស់ក្លិបនេះថា៖ «Victor ពិតជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ដែលមានអនាគតដ៏អស្ចារ្យសម្រាប់រូបគេនៅក្នុងក្លិប Man United»។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្ថែមទៀតថា៖ «រដូវកាលរបស់យើងកាលពីឆ្នាំមុន បានបង្ហាញឲ្យយើងឃើញហើយថា យើងត្រូវការជម្រើស និងគុណភាពជាច្រើនទៀតសម្រាប់បន្ថែមឱ្យក្រុមយើងនេះ ហើយ Victor គឺកីឡាករដំបូងគេក្នុងការចូលរួមជាមួយយើងនៅរដូវក្តៅនេះ។ ខ្ញុំដឹងថា ក្រុមកីឡាករដ៏អស្ចារ្យរបស់យើង នឹងស្វាគមន៍រូបគេក្នុងនាមជាសមាជិកម្នាក់របស់យើង»៕
ប្រភពពី៖ Sports.yahoo

 

 

Advertisement