AC Milan ផ្តួល Arsenal ដើម្បី​ចុះ​ហត្ថ​លេខាជាមួយ Andre Silva ​

ក្លិប AC Milan បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ Andre Silva មកពី​ក្លិប Portoរបស់​ព័រ​ទុយ​ហ្គាល់ ក្នុង​​តម្លៃ​ខ្លួន​38​លាន​អឺ​រ៉ូ (ស្មើ​នឹង​42.5​លាន​ដុល្លារ​អាមេ​រិក)​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​វ័យ​21​ឆ្នាំ​រូបនេះ បាន​ទទួល​ការ​ត្រួត​ពិនិត្យ​​សុខ​ភាព​របស់​គេ​ជា​មួយ​នឹង AC Milan កាល​ពី​ថ្ងៃ​ចន្ទរួចរាល់ហើយ មុន​ពេល​​បំពេញ​ការ​ផ្ទេរ​របស់​គេ​ជា​ផ្លូវ​ការ​។ តម្លៃ​ខ្លួន​​សម្រាប់ Silva ដែល​​ក៏​​ស្ថិ​តក្នុង​ការ​​ចាប់​​អារម្មណ៍​ពី​សំណាក់​ក្លិប Arsenal និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​21​​គ្រាប់​សម្រាប់​ Porto កាល​ពី​រដូវ​កាល​មុន​ផង​ដែរ​នោះ អា​ចនឹង​កើនឡើង​ដល់​4០​លាន​​អឺរ៉ូ​។ នេះ​បើ​យោង​​តាម​ការ​ប្រកាស​របស់​ក្លិប​ព័រ​ទុយ​ហ្គាល់​មួយ​នេះ នៅលើ​គេហ​ទំ​ព័រ​របស់​ពួក​គេ​។ Porto បាន​​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «Porto សូម​​ជូន​ពរ​ឲ្យ Andre Silva ជួប​​ការ​រីក​រាយ​បំផុត និង​​ទទួល​ជោគ​ជ័យ​​ក្នុង​កម្រិត​អាជីព និង​​ក្នុង​កីឡាបាល់ទាត់ដោយ​មិន​​បំភ្លេច​ពី​របៀប​ដែល​រូប​គេ​តែង​តែ​លះ​បង់​រាល់​អ្វី​ៗ​ទាំង​​អស់​សម្រាប់​ក្លិប​នេះ​ឡើយ​»​។  Silva គឺ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​4​​នៅ​រដូវ​​​ក្តៅ​នេះ ខណៈ​ដែល​​ AC Milan បាន​បន្ត​​​ធ្វើ​ការ​ជួស​ជុល​ក្រុម​របស់​ខ្លួន​ក្រោម​​​ការ​​កាន់​កាប់​របស់​​ម្ចាស់​កម្ម​សិទ្ធិ​ថ្មី​ជា​​ជន​ជាតិ​ចិន​។

ក្លិប AC Milan ដែល​បានប​ញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​6​នៅ​លើ​តា​​រាង​ក្រប​ខ័ណ្ឌ Serie A កាល​ពី​រដូវ​កាល​មុន​នោះ បាន​​ទិញ​​​ខ្សែ​ការ​ពារ​ពីរ​នាក់​​រួច​​ស្រេចហើយ​គឺ Ricardo Rodriguez និង Mateo Musacchio ពីក្លិប Wolfsburg និង Villarreal តាមលេខរៀង​​ ស្រប​ពេល​ដែល​ខ្សែ​បម្រើ​អន្តរ​ជាតិ​កូត​ឌី​វ័រ​ក៏​បាន​​ចូល​រួម​ដែរ ក្រោយ​​ផ្ទេរ​មក​ពីក្លិប Atalanta​៕

ប្រភព​ពី៖ Eurosport.com

Advertisement