អ៉ីរ៉ង់ ចូល​រួម​ជា​មួយ ប្រេស៊ីល ក្នុង​ការ​ឈ្នះ​កៅអី​ទៅ World Cup ឆ្នាំ​ 2018

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ី​រ៉ង់ បាន​​ក្លាយ​ជាក្រុម​ទី​2​ក្នុង​ការ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួតក្នុង​ព្រឹត្តិការណ៍ World Cup ជុំ​ផ្តាច់​ព្រ័ត្រនៅ​ឆ្នាំ​ក្រោយ បន្ទាប់ពីពួក​គេ​បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​​អ៊ូស​បេ​គី​ស្ថាន ក្នុង​លទ្ធ​ផល 2-០ ក្រោយ​ពី​មាន​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទីពី​សំណាក់​ខ្សែ​ប្រយុទ្ធ Sardar Azmoun និង Mehdi Taremi នា​កីឡដ្ឋាន Azadi កាល​ពី​ថ្ងៃ​ចន្ទ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ពាក់​កណ្តាល​តង់​ទី1​របស់ Azmoun បាន​ជួយ​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​​អ៊ី​រ៉ង់ ស្ថិត​នៅ​​លើ​​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​​សិទ្ធិ​ទៅ​លេង​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​2018 ក្នុង​​ប្រទេស​រុស្ស៊ី នៅ​មុន​ពេល Taremi បាន​បន្ថែម​​គ្រាប់​បាល់​ទី​2​នៅ​រយៈ​​ពេល​2នាទី​ចុង​ក្រោយ​ ធ្វើឱ្យអ៊ី​រ៉ង់ បាន​ឈាន​ទៅកាន់​យុទ្ធ​នា​ការ World Cup ពីរ​លើក​ជាប់​ៗ​​គ្នា​ជា​លើក​ទី​មួយ​។ ក្រុម​ម្ចាស់​ជើ​ង​​ឯក​ទ្វីប​អាស៊ី​​3​សម័យ​កាល​មួយ​នេះ ដែល​​​បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទីមិន​ចូល​ទី​1​គ្រាប់​ផង​ដែរ​នោះ នឹង​ចូល​រួម​ជា​មួយ​នឹ​ងក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្នុង​នាម​ជា​ក្រុម​ដែល​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួ​ត​មក​ទល់​ពេល​នេះ ក្រោយ​ពី​អ៊ី​រ៉ង់ បាន​​​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​យុទ្ធ​នា​ការ World Cup ជាលើក​ទី​5របស់​ខ្លួន​។ ជ័យ​ជម្នះ​នេះ​មានន័យ​ថា ក្រុម​អ៊ី​រ៉ង់​​របស់លោក​​​គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​ Carlos Queiroz នឹង​​បញ្ចប់​​ក្នុង​ចំណាត់​ថ្នាក់​​លេខ​1 ឬ​​លេខ​​2​ក្នុង​ពូល A នៃ​ការ​ប្រកួត​ជម្រុះ​ជុំ​ចុង​ក្រោយ​ក្នុង​តំបន់​អាស៊ី​។

ក្រុម​ជម្រើស​ជាតិ​អ៊ូស​បេ​គីស្ថាន កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​​ក្រុម​កំពុង​នាំ​មុខ​មួយ​នេះ​8​ពិន្ទុ ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​​ត្រឹម​តែ​2​លើក​​ទៀត​ប៉ុណ្ណោះ​។ ក្រុម​​ឈរ​លេខ​1 និង​លេខ​2 ពី​ពូល​ទាំង​ពីរនេះ​​ក្នុង​វគ្គ​ជម្រុះ​នៅ​អាស៊ី នឹង​​ឈាន​ទៅ​ប្រកួត World Cup ដោយ​ស្វ័យ​ប្រវត្តិ ខណៈ​ដែល​ក្រុម​ឈរ​លេខ​3 នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ Playoff​៕

ប្រភព​ពី​៖ Eurosport.com

Advertisement