Real ធ្លាក់ចេញទាំងអាម៉ាស់ ខណៈ Spurs ទៅវគ្គ 8ក្រុមចុងក្រោយ

ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ក្រោយពីបានចាញ់យ៉ាងអាម៉ាស់ក្នុងលទ្ធផល 4-1 នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Ajax Amsterdam ដែលបានលុបចោលការចាញ់ក្នុងជើងទី1 ដើម្បីឈានទៅវគ្គ 8ក្រុមចុងក្រោយ ជាមួយនឹងលទ្ធផលឈ្នះទាំង 2ជើង 5-3។

ការរងបរាជ័យដ៏ខកចិត្តនេះ បានបំពេញសប្តាហ៍ដ៏សោកសៅសម្រាប់ក្រុម Real ដែលបានគ្រប់គ្រងយុទ្ធនាការនេះតាំងពីឆ្នាំ2016 ហើយបច្ចុប្បន្ន ពួកគេមិនមាននៅសល់ពានអ្វីដែលត្រូវដណ្តើមយកឡើយនៅរដូវកាលនេះ ក្រោយពីការចាញ់ 2លើកជាប់ៗគ្នាក្រោមស្នាដៃក្រុម Barcelona ដែលបានធ្វើឱ្យពួកគេធ្លាក់ចេញពីពាន Copa del Rey និងបញ្ចប់ក្តីសង្ឃឹមក្នុងការប្រជែងពាន La Liga។

ស្របពេលជាមួយគ្នានេះ លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានសាទរដល់ក្រុមរបស់លោកសម្រាប់ការនៅតែរក្សាភាពរឹងមាំទល់នឹងការវាយសម្រុករបស់ក្រុម Borussia Dortmund និងបានផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ ក្នុងលទ្ធផល 1-០ កាលពីថ្ងៃអង្គារ និងទទួលជ័យជម្នះទាំង 2ជើង 4-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ។

គ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់ទី2 របស់ខ្សែប្រយុទ្ធ Harry Kane បានជួយឱ្យក្រុម Spurs ឈ្នះកៅអីទៅលេងក្នុងវគ្គ 8ក្រុមចុងក្រោយជាលើកទី1 ក្នុងចំណោមការដឹកនាំរយៈពេល 5ឆ្នាំរបស់លោក Pochettino ប៉ុន្តែគ្រាប់បាល់នោះបានកើតឡើង ក្រោយពីការសង្គ្រោះបាល់យ៉ាងល្អរបស់អ្នកចាំទី Hugo Lloris ជាបន្តបន្ទាប់ មុនពេលសម្រាកតង់ទី1 ដើម្បីរារាំងមិនឱ្យក្រុម Dortmund បំពេញការវាយបកវិញ។

លោក Pochettino បានឱ្យដឹងថា៖ «វាពិតជាអស្ចារ្យខ្លាំងណាស់ ការងារបានបំពេញបញ្ចប់ហើយ។ យើងកំពុងតែស្ថិតក្នុងវគ្គ 8ក្រុមចុងក្រោយហើយ។ ខ្ញុំគិតថា វាពិតជាការទទួលបានជ័យជម្នះដ៏សំខាន់មែនទែននៅរាត្រីនេះ»៕

Advertisement