Woods ដកខ្លួនចេញពីការប្រកួត Arnold Palmer ជុំវិញបញ្ហា-ក

អតីត​កីឡាករ​វាយកូន​គោល​ចំណាត់ថ្នាក់​លេខ​១ក្នុង​ពិភព​លោក Tiger Woods បាន​ដក​ខ្លួន​ចេញ​ពី​ព្រឹត្តិការណ៍ Arnold Palmer Invitational នៅ​សប្តាហ៍នេះកាលពីថ្ងៃ​ចន្ទ ក្រោយពី​​មិន​អាច​ជម្នះ​លើ​បញ្ហា​-ក​បាន​។

នៅលើ​បណ្តាញ​សង្គម Twitter កីឡាករ Woods បាននិយាយ​ថា បញ្ហា​នេះមិន​ទាក់​ទង​នឹង​​កញ្ចឹង​ក​ផ្នែក​ខាង​​ក្រោម​​ ដែល​ធ្លាប់​បាន​ធ្វើ​ឱ្យ​រូប​គេ​អវត្ត​មាន​ជិត​ 2​ឆ្នាំនោះ​ឡើយ និង​បាន​បន្ថែម​ថា រូប​គេមិនមាន​ការ​ខ្វល់​ខ្វាយ​លើ​ការ​សម្រាក​ព្យា​បាល​រយៈ​​ពេល​វែង​​ឡើយ​។

Woods បាន​​ឱ្យ​ដឹង​ថា៖ «ជា​អកុ​សល ដោយ​សារ​តែ​បញ្ហា​ក​ ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​​អស់​រយៈ​ពេល​2 ទៅ​ 3​សប្តាហ៍ថ្មីៗនេះ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញពីការ​ប្រកួត API (Arnold Palmer Invitational)​»​។

កីឡាករ​រូបនេះ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​កំពុង​តែ​ទទួល​បាន​ការ​ព្យា​បាល ប៉ុន្តែវា​មិន​មាន​ភាពល្អ​ប្រសើរ​​ក្នុង​ការ​អាច​លេង​បាន​ឡើយ​។ ផ្នែក​ខាង​ក្រោម​នៃ​ក​របស់​ខ្ញុំ ​មិនមាន​បញ្ហា​ឡើយ ហើយខ្ញុំក៏​មិនមាន​ការ​ខ្វល់​ខ្វាយលើ​ការ​សម្រាក​រយៈ​​ពេល​វែង​ដែរ​»​។

កីឡាករ Woods បាន​បន្ថែម​ថា រូប​គេ​សង្ឃឹម​ថា អាការរបស់គេនេះនឹង​ជា​សះស្បើយ​សម្រាប់​យុទ្ធនាការ The Players Championship នៅ​លើ​ទីលាន TPC Sawgrass ដែល​​នឹង​ចាប់​ផ្តើម​ប្រកួតនៅថ្ងៃ​ទី​14 ដល់​ទី​17 ខែមីនា ស្រប​ពេល​រូប​គេ​ក៏​ត្រៀម​ខ្លួនសម្រាប់​ការ​ប្រកួត Masters នៅ​ខែក្រោយ​ផងដែរ​។

Arnold Palmer គឺ​ជា​យុទ្ធនាការ​មួយ​ដែល Woods ចូល​ចិត្ត​ប្រកួត​ជាង​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ដែល​កីឡាករ​វ័យ​ 43​ឆ្នាំ​រូបនេះ បាន​ឈ្នះពាន​នៅលើ​ទីលាន Bay Hill ដល់​ទៅ​ 6​លើក​។

ការ​បង្ហាញខ្លួន​នៅ​សប្តាហ៍​នេះ នឹង​ក្លាយ​ជា​ការ​បង្ហាញខ្លួន​ជាលើក​ទី​ 19​របស់​គេក្នុងព្រឹត្តិការណ៍នេះ​។ កីឡាករ Woods បាន​ឱ្យ​ដឹងថា៖​ «ខ្ញុំ​ចង់​ផ្ញើ​ការ​សោក​ស្តាយ​របស់​ខ្ញុំ​ទៅកាន់​ក្រុម​គ្រួ​សារ​នៃការ​ប្រកួត Palmer និង​​អ្នក​គាំទ្រនៅ Orlando​»​៕

ប្រភព​ពី៖ Channel News Asia

Advertisement