លោក​ ​Klopp​ ​នៅតែ​ជឿជាក់​លើ​ ​Liverpool​ ​ទោះបី​បាត់បង់​ការ​នាំមុខ​លើ​តារាង​

​ក្រុម​ ​Liverpool​ ​បាន​ជួប​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខ្ជះខ្ជាយ​ឱកាស​ដ៏​ល្អ​ចំនួន​ ​2លើក​ ​ពីសំណាក់​ខ្សែប្រយុទ្ធ​ ​Mohamed​ ​Salah​ ​ខណៈ​ដែល​ក្រុម​ ​Everton​ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ​ ​០​-​០​ ​ក្នុង​ការប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​ ​Merseyside​ ​កាលពី​ថ្ងៃអាទិត្យ​។​

​បច្ចុប្បន្ន​ក្រុម​របស់​លោក​ ​Jurgen​ ​Klopp​ ​ដេញ​តាម​ពីក្រោយ​ក្រុម​ម្ចាស់ការ​ពារ​តំណែង​ជើងឯក​ ​Manchester​ ​City​ ​ចំនួន​ ​1ពិន្ទុ​ ​នៅ​លើកំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ខណៈ​ដែល​នៅសល់​ការប្រកួត​ត្រឹមតែ​ ​9លើក​ទៀត​ប៉ុណ្ណោះ​។​

ការ​ស៊ុត​បាល់​របស់​ ​Salah​ ​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី​ ​Jordan​ ​Pickford​ ​របស់​ ​Everton​ ​ខណៈ​ដែល​ក្រុម​ ​Liverpool​ ​បាន​បាត់បង់​ពិន្ទុ​ជា​លើក​ទី4​ ​ក្នុងចំណោម​ការប្រកួត​លី​ក​ ​4លើក​ចុងក្រោយ​របស់​ពួកគេ​។​

លោក​ ​Klopp​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​មិន​ចាំបាច់​ត្រូវ​ផ្តល់​ដំបូន្មាន​ដល់​កីឡាករ​របស់ខ្ញុំ​ទេ​ ​ព្រោះ​ពួកគេ​ដឹង​រួច​ទៅ​ហើយ​។​ ​ពួកគេ​មិនមែន​នៅក្មេង​ទៀត​ទេ​»​។​ ​គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ខ្ញុំ​ជឿជាក់​ ​100ភាគរយ​ទៅលើ​ឱកាស​របស់​យើង​។​ ​ខ្ញុំ​ដឹង​ថា​ ​ពី​ការប្រកួត​ ​1លើក​ទៅ​ការប្រកួត​ ​1លើក​ទៀត​ ​អារម្មណ៍​របស់ខ្ញុំ​កាន់តែ​ល្អ​ប្រសើរ​ចំពោះ​កីឡាករ​ ​ពីព្រោះ​ពួកគេ​ហាក់ដូចជា​ត្រៀមខ្លួន​រួចរាល់​ហើយ​»​។​

ដោយឡែក​ ​ការ​មិន​ស្គាល់​ឈ្នះ​របស់​ក្រុម​ ​Everton​ ​ក្នុង​ការប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​តំបន់​តែមួយ​ ​បាន​បន្ត​រហូតដល់​ ​19ប្រកួត​ ​បើ​គិត​ចាប់តាំងពី​ឆ្នាំ2010​ ​មក​។​ ​ប៉ុន្តែ​ ​ទោះបីជា​យ៉ាងណា​ ​ការ​អប​អរ​ផ្សេង​ៗ​ពីសំណាក់​អ្នកគាំទ្រ​នៃ​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​ពេល​បញ្ចប់​ការប្រកួត​បាន​បង្ហាញថា​ ​ពួកគេ​ជឿជាក់​ថា​ ​ពួកគេ​បាន​កម្ទេច​ក្តី​សង្ឃឹម​របស់​ ​Liverpool​ ​ក្នុង​ការ​ឈ្នះ​ពាន​លី​កជា​លើក​ទី1​ ​ក្នុងរយៈពេល​ ​29ឆ្នាំ​៕​


Advertisement