Federer​ ​ត្រូវការ​ឈ្នះ​តែ​ ​2លើក​ទៀត​ប៉ុណ្ណោះ​ ​ដើម្បី​លើក​ពាន​ទី100​ ​ក្រោយ​ទៅដល់​វគ្គ1​/​2នៅ​ឌូ​បៃ​

​កីឡាករ​វាយ​កូន​បាល់​ ​Roger​ ​Federer​ ​ត្រូវការ​ជ័យជម្នះ​ត្រឹមតែ​ ​2លើក​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ឈ្នះ​ពាន​ជា​លើក​ទី100​ ​ក្នុង​អាជីព​របស់​គេ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រោយពី​បាន​ឆ្លងផុត​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ក្នុង​លក្ខខណ្ឌ​ដ៏​លំបាក​នៅពេល​ប្រកួត​ជាមួយនឹង​កីឡាករ​ ​MartonFucsovics​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ ​Dubai​ ​Championships​។​

ម្ចាស់​ជើងឯក​ ​7សម័យកាល​រូប​នេះ​ ​បាន​ផ្តួល​គូប្រកួត​សញ្ជាតិ​ហុងគ្រី​របស់​គេ​ក្នុង​លទ្ធផល​ ​7​-​6​ ​(​8​/​6​)​ ​និង6​-​4​ ​ក្នុង​លក្ខខណ្ឌ​ដ៏​លំបាក​ ​ដោយសារតែ​មាន​ខ្យល់បក់​ខ្លាំង​ ​និង​ការ​ពន្យារពេល​ដោយសារតែ​ភ្លៀង​។​ ​Federer​ ​បានឱ្យ​ដឹង​ថា​៖​ ​«​អ្នក​ត្រូវតែ​ប្រកួត​នៅ​ទីនោះ​ ​និង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​របស់​អ្នក​។​ ​ពេលខ្លះ​ ​អ្នកទទួល​បាន​ពិន្ទុ​នាំមុខ​ ​ពេលខ្លះ​អ្នក​មិន​ដណ្តើម​បាន​ពិន្ទុ​នាំមុខ​។​ ​វា​ពិតជា​សំខាន់ណាស់​ក្នុង​ការ​មិនចាញ់​យ៉ាង​ឆាប់រហ័ស​»​។​

កីឡាករ​សញ្ជាតិ​ស្វ៊ី​សរូប​នេះ​បាន​ប្រាប់​បន្ត​ទៀត​ថា​៖​ ​«​វា​ជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។​ ​ការ​ពន្យារពេល​ដោយសារតែ​ភ្លៀង​ ​2លើក​ ​ជាពិសេស​ ​ខ្ញុំ​ត្រូវ​វិល​ទៅ​ប្រកួត​ភ្លាម​ៗ​ ​ដោយ​មិន​មាន​ពេល​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ឡើយ​»​។​ ​Federer​ ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ថាមពល​ក្នុង​រាងកាយ​ ​ការ​រំភើប​ ​បច្ចេកទេស​ ​សុទ្ធសឹង​បាន​ធ្លាក់ចុះ​ដោយសារតែ​បញ្ហា​ពន្យារពេល​ដោយសារតែ​ភ្លៀង​ធ្លាក់​។​ ​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ ​ហើយ​ការប្រកួត​ពិតជា​ស្វិតស្វាញ​មែន​។​ ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ខ្ញុំ​បាន​រក​ឃើញ​ផ្លូវ​មួយ​ក្នុង​ការ​ឆ្លងផុត​ការប្រកួត​នោះ​។​ ​វា​ជា​ការប្រកួត​ដ៏​រំភើប​មួយ​»​។​

​ម្ចាស់​ជើងឯក​ពាន​ ​Grand​ ​Slam​ ​20សម័យកាល​រូប​នេះ​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​កីឡាករ​ ​BornaCoric​ ​នៅ​ជុំ​បន្ទាប់​ ​ក្រោយពី​ ​Coric​ ​តារា​ឆ្នើម​របស់​ក្រូ​អាស៊ី​រូប​នេះ​ ​បាន​ផ្តួល​កីឡាករ​ ​NikolozBasilashvili​ ​របស់​ហ្ស៊​ក​ហ្ស៊ី​ ​ក្នុង​លទ្ធផល​ ​4​-​6​ ​6​-​2​ ​និង7​-​6​ ​(​7​/​1​)​៕​

Advertisement