គ្រូបង្វឹក​ ​Chelsea​ ​មិនទាន់​ច្បាស់​ថា​ ​Kepa​ ​នឹង​ចូលលេង​ពេល​ប៉ះ​ ​Tottenham​ ​ឬ​អត់​?​ ​

​លោក​ ​Maurizio​ ​Sarri​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ ​Chelsea​ ​មិនទាន់​មាន​ភាព​ច្បាស់លាស់​ថា​ ​តើ​អ្នកចាំទី​ ​Kepa​ ​Arrizabalaga​ ​នឹង​បាន​ចូលលេង​ក្នុង​ជម្រើស​ទាំង​ ​11នាក់​ដំបូង​ក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម​ ​Tottenham​ ​Hotspurs​ ​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ឬ​យ៉ាងណា​នៅឡើយ​ ​ក្រោយពី​អ្នកចាំទី​រូប​នេះ​បាន​បដិសេធ​ក្នុង​ការ​ប្តូរ​ចេញ​ ​ក្នុង​ការប្រកួត​ពាន​ ​League​ ​Cup​ ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​ ​Manchester​ ​City​។​

​ក្លិប​ ​Chelsea​ ​បាន​ពិន័យ​លើ​ប្រាក់ខែ​របស់​ ​Kepa​ ​រយៈពេល​ ​1សប្តាហ៍​ ​ហើយ​កីឡាករ​រូប​នេះ​បាន​ធ្វើការ​សុំ​អភ័យទោស​។​ ​លោក​ ​Sarri​ ​បាន​និយាយ​ថា​ ​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ ​នឹង​ត្រៀម​ផ្នែក​ស្មារតី​រួចរាល់​ប្រសិនបើ​រូបគេ​បាន​ចូលលេង​ក្នុង​ជម្រើស​ទាំង​ ​11នាក់​ដំបូង​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ ​Stamford​ ​Bridge​។​

​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖​ ​«​ខ្ញុំ​ត្រូវតែ​ផ្ញើ​សារ​មួយ​ទៅកាន់​ក្រុម​របស់ខ្ញុំ​ថា​ ​តើ​ ​Kepa​ ​នឹង​ត្រូវ​ស្ថិតនៅ​លើ​ទីលាន​ប្រកួត​ ​ឬក៏​អត់​។​ ​ខ្ញុំ​ត្រូវតែ​សម្រេចចិត្ត​ថា​ ​តើ​មួយ​ណា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ក្រុម​របស់​យើង​»​។​

លោក​ ​Sarri​ ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ខ្ញុំ​មិនទាន់​ដឹង​នៅឡើយ​ ​តែ​ ​ខ្ញុំ​ត្រូវតែ​សម្រេចចិត្ត​ថា​ ​បាទ​ ​ឬទេ​។​ ​វា​នឹង​ក្លាយជា​ការសម្រេច​ចិត្ត​របស់​ក្រុម​នេះ​ ​រួម​នឹង​កីឡាករ​ទាំងអស់​។​ ​រូបគេ​បាន​បង្កើត​ឲ្យ​មាន​កំហុស​មួយ​ ​ហេតុនេះ​វា​មាន​លទ្ធផល​មិនល្អ​បក​មកវិញ​។​ ​ប្រសិនបើ​រូបគេ​ត្រូវតែ​បាន​ចូលលេង​ ​គេ​ត្រូវតែ​ត្រៀមខ្លួន​ឲ្យបាន​រួចរាល់​។​ ​ប្រសិនបើ​គេ​ស្ថិត​ជា​កីឡាករ​បម្រុង​ ​នោះ​រូបគេ​ក៏​ត្រូវតែ​ត្រៀមខ្លួន​ឲ្យបាន​រួចរាល់​ដែរ​»​។​

​Kepa​ ​ហាក់​មាន​បញ្ហា​របួស​ក្នុង​ពេល​ជិត​បញ្ចប់​ការប្រកួត​នៃ​នាទី​បន្ថែម​ ​15នាទី​ ​2ដង​កាលពី​ថ្ងៃអាទិត្យ​ ​ហើយ​លោក​ ​Sarri​ ​បាន​បញ្ជា​ឲ្យ​ប្តូរ​រូបគេ​ចេញ​ ​ប៉ុន្តែ​អ្នកចាំទី​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​របស់​ពិភពលោក​រូប​នេះ​ ​បាន​ធ្វើឲ្យ​គ្រូបង្វឹក​របស់​ខ្លួន​ខឹង​តាមរយៈ​ការ​បញ្ជាក់​ថា​ ​រូបគេ​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​បន្ត​លេង​បាន​ ​និង​មិន​ចង់​ប្ដូរ​ចេញ​៕​ ​

Advertisement