Mertens​ ​ជម្នះ​លើ​បញ្ហា​ឈឺខ្នង​ ​ដើម្បី​ផ្តួល​ ​Halep​ ​ឈ្នះ​ពាន​ ​Qatar​ ​Open​

កីឡាការិនី​វាយ​កូន​បាល់​ ​Elise​ ​Mertens​ ​របស់​បែលហ្ស៊ិក​បាន​កត់ត្រា​ជ័យជម្នះ​ដ៏​ធំ​បំផុត​នៃ​អាជីព​របស់​នាង​កាលពី​ថ្ងៃសៅរ៍​ដោយ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ដោយ​ការ​ផ្តួល​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ3ក្នុង​ពិភពលោក​ ​Simona​ ​Halep​ ​និង​ឈ្នះ​ពាន​ ​Qatar​ ​Open​។​

​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ21​ ​ក្នុង​ពិភពលោក​រូប​នេះ​ ​បាន​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​3​-​6​,​ ​6​-​4​ ​និង6​-​3​ ​និង​បើ​ទោះបី​ចាញ់​ក្នុង​សិត​ទី1ក៏ដោយ​ ​ប៉ុន្តែ​នាង​បាន​ជម្នះ​លើ​បញ្ហា​ឈឺ​សាច់ដុំ​ខ្នង​ ​និង​បាន​ទទួលការ​ព្យាបាល​រយៈពេល​តែ​ ​8នាទី​ ​ក្នុង​សិត​ទី2​ ​វាយ​ដណ្តើម​យកជ័យ​ជម្នះ​នេះ​តែម្តង​។​

​Mertens​ ​វ័យ​ ​23ឆ្នាំ​ ​បាន​និយាយ​បន្ទាប់ពី​ចប់​ការប្រកួត​ថា​៖​ ​«​វា​ជា​ពេលវេលា​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ក្រោយពី​ដណ្តើម​បាន​ជ័យជម្នះ​នេះ​។​ ​ខ្ញុំ​គិតថា​ ​ជ័យជម្នះ​នេះ​នឹង​ក្លាយជា​ជ័យជម្នះ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ជាពិសេស​ជាមួយនឹង​កីឡា​វាយ​កូន​បាល់​ដែល​ខ្ញុំ​បាន​លេង​»​។​

​ជ័យជម្នះ​របស់​នាង​ ​ដែល​បាន​ចំណាយពេល​អស់​ជាង​ ​2ម៉ោង​ ​គឺជា​ជ័យជម្នះ​ជា​លើក​ទី3របស់​នាង​ហើយដែល​បាន​ឈ្នះ​លើ​កីឡាការិនី​មាន​ចំណាត់ថ្នាក់​កំពូល​ទាំង10​ ​ក្នុង​ទីក្រុង​ដូហា​ ​នៅ​សប្តាហ៍​នេះ​ ​និង​ជា​ជ័យជម្នះ​ជា​លើក​ទី2​ ​លើ​ម្ចាស់​ជើងឯក​ពាន​ ​Grand​ ​Slam​ ​ម្នាក់​។​

Mertens​ ​បាន​ផ្តួល​ ​Halep​ ​ដែល​ជា​ម្ចាស់ការ​ពារ​តំណែង​ជើងឯក​ ​French​ ​Open​ ​និងកីឡា​ការិនី​ ​Angelique​ ​Kerber​ ​ដែល​ចាញ់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​និង​ជា​ម្ចាស់​ជើងឯក​ ​Wimbledon​៕​

Advertisement