Hazard របស់ Chelsea បើកចំហឲ្យមានការផ្ទេរទៅកាន់ក្លិប Real Madrid

ខ្សែបម្រើស្លាបដ៏មានឥទ្ធិពល Eden Hazard កំពុងតែបើកចំហឲ្យមានការដាក់សំណើមួយពីក្លិប Real Madrid ពីព្រោះរូបគេចង់ឈ្នះពានក្របខ័ណ្ឌ Champions League។ តារាឆ្នើមរបស់ក្លិប Chelsea រូបនេះ នៅតែជាប់កិច្ចសន្យារយៈពេល៣ឆ្នាំទៀតក្នុងកុងត្រារបស់គេដែលផ្តល់ចំណូលជាទឹកប្រាក់២០ម៉ឺនផោន (ស្មើនឹង២៦ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ប៉ុន្តែ មិនទាន់បានបន្តកិច្ចសន្យាថ្មីមួយនៅឡើយទេ។

ឮលោកគ្រូបង្វឹក Antonio Conte របស់ Chelsea បានទទួលស្គាល់ថា វានឹងក្លាយជារឿងដ៏លំបាកក្នុងការរក្សាទុកកីឡាករណាម្នាក់ដែលចង់ចាកចេញ។ នៅពេលដែលត្រូវបានគេចោទសួរថា តើរូបគេចាប់អាម្មណ៍ទៅលើការផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯកអឺរ៉ុប Real Madrid ឬយ៉ាងណា? Hazard បានឆ្លើយតបថា៖ «ពិតណាស់ ខ្ញុំចង់ផ្ទេរទៅ។ និយាយឲ្យត្រង់ទៅ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងចំពោះខ្ញុំឡើយ»។ ខ្សែបម្រើស្លាបអន្តរជាតិបែលហ្ស៊ិករូបនេះបានប្រាប់បន្តថា៖ «ខ្ញុំគ្រាន់តែដឹងថា ខ្ញុំនៅជាប់កិច្ចសន្យារយៈពេល៣ឆ្នាំទៀតក្នុងកុងត្រារបស់ខ្ញុំជាមួយនឹង Chelsea ហើយខ្ញុំដឹងថា យើងមានរដូវកាលដ៏អស្ចារ្យមួយកាលពីឆ្នាំមុនជាមួយនឹងគ្រូបង្វឹក និងកីឡាករទាំងអស់។ យើងចង់បន្តស្វែងរកភាពជោគជ័យក្នុងក្របខ័ណ្ឌ Champions League នៅឆ្នាំក្រោយ»។ Harzard បានបន្ថែមទៀតថា៖ «យើងមានរដូវកាលដ៏អស្ចារ្យជាមួយនឹងលោក Antonio និងកីឡាករផ្សេងទៀត។ យើងចង់ធ្វើដំណើរឆ្ពោះទៅមុខទៀត ក្នុងនោះរាប់បញ្ចូលទាំងពានក្របខ័ណ្ឌ Champions League ផងដែរ។ ខ្ញុំមានអារម្មណ៍ល្អនៅ Chelsea ប៉ុន្តែ អ្នកមិនដឹងថា នឹងមានអ្វីកើតឡើងឡើយ»។

Hazard បានទស្សនាការការពារពានក្របខ័ណ្ឌ Champions League របស់ក្លិប Real Madrid ក្រោយពីពួកគេបានយកឈ្នះលើក្រុម Juventus ក្នុងលទ្ធផល ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Cardiff កាលពីថ្ងៃសៅរ៍ ស្របពេលដែលរូបគេកំពុងបំពេញកាតព្វអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក៕
ប្រភពពី៖ Mirror

Advertisement