លោក Queiroz ព្រមាន​ពីការ​ភ្លាត់​ស្នៀតពេល​ប៉ះ​ជប៉ុន នៅ​រាត្រី​នេះ

លោក Carlos Queiroz គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ី​រ៉ង់ បាន​ព្រមាន​​ពីការ​ភ្លាត់​ស្នៀត ក្រោយពី​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែការ​ធ្លាក់​ចេញ​​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង និង​អូ​ស្ត្រាលី បាន​ធ្វើ​ឱ្យ​ក្រុម​មាន​រហស្ស​នាម​ថា Team Melli មួយ​នេះ ជាក្រុមមាន​​ប្រៀប​ដាច់​ក្នុងការ​ឈ្នះពា​ន​។

ប៉ុន្តែដំបូង​ឡើយ ពួកគេ​ត្រូវ​តែ​​យកឈ្នះ​លើ​ក្រុម​ម្ចាស់​ជើង​ឯក​ 4​សម័យកាល ជប៉ុន នៅ​រាត្រី​នេះឱ្យបានជាមុន​សិន នៅ​មុន​ពេលក្រុម​ម្ចាស់​ផ្ទះ​អេ​មី​រ៉ាត​​អា​រ៉ាប់​រួម ជួប​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​កា​តា ក្នុង​រយៈ​ពេល​ 24​ម៉ោង​បន្ទាប់​។

ក្នុងពេល​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​ឈ្នះពាន​កីឡា​បាល់​ទាត់​ដ៏ធំបំផុត​របស់​អាស៊ី​ជាលើក​ទី​1 បើ​គិត​ចាប់​តាំងពីឆ្នាំ​1976 ក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ បាន​ឈាន​ទៅ​វគ្គ​បន្ត​នៃ​យុទ្ធ​នា​កា​រនេះ​យ៉ាង​ងាយ ខណៈ​ដែល​​គូ​ប្រជែង​ខ្លាំង​ៗ​របស់​ពួក​គេ​ជាច្រើន បាន​ជួប​​ការ​ខក​ចិត្ត​។  

ក្រោយពី​​ក្រុម​ជម្រើស​ជាតិអ៊ី​រ៉ង់បាន​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​ចិនក្នុងលទ្ធផល 3-០ ក្នុង​វគ្គ​ 8​ក្រុម​ចុង​​ក្រោយដើម្បី​បង្ហាញពី​ភាពខ្លាំង​ឱ្យក្រុម​ជប៉ុនឃើញហើយនោះ លោក Queiroz បាន​បញ្ជាក់​ថា៖ «យើង​ដឹង​ថា ត្រី​ឆ្លាម​ធំ​ៗ​នឹងតម្រង់​មក​កាន់​យើង​។ អ្វី​ដែល​យើង​បានធ្វើ​នៅពេល​ប្រកួត​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ចិន នឹង​មិន​គ្រប់គ្រាន់​ឡើយ​»​។

ស្រប​ពេល​​ជាមួយ​គ្នា​នេះ លោក​គ្រូបង្វឹក Hajime Moriyasu បាន​បញ្ជាក់​កាលពីថ្ងៃ​អាទិត្យ​ថា ក្រុម​ជប៉ុន​របស់​លោក​នឹង​​ប្រើ​ប្រាស់​ផែន​ការ​បស់​ខ្លួន​ដូ​ច​​មុនដដែលក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ នៅ​ពេល​ជួប​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់​​។

ការ​ឈ្នះ​​ជាប់​ៗ​គ្នា​តាម​រយៈ​ការរក​បាន​គ្រាប់​បាល់​តែ​ 1​គ្រាប់​ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត បើ​ទោះ​បី​ជប៉ុនមាន​ឱកាស​គ្រប់​គ្រង​បាល់​ត្រឹម​តែ​ 23​ភាគ​រយ បាន​បង្កើត​ឱ្យ​មាន​ការ​ចង​ចាំ​​ក្នុង​យុទ្ធនាការ Euro ឆ្នាំ​2004 ដែល​នៅ​ពេល​​នោះ​ក្រុម​ជម្រើស​ជាតិក្រិក បាន​ឈ្នះពាន​ដ៏មិន​នឹកស្មាន​ដល់​តាម​រយៈ​ការ​ដណ្តើម​បាន​លទ្ធផល​ស្រដៀង​គ្នា​នេះ​​៕

ប្រភព​ពី៖ France24

 

Advertisement