Juventus ជឿ​ជាក់​ខ្ពស់ មុនពេល​ប៉ះ Real ក្នុង​ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ

 

លោក Massimiliano Allegri ជឿជាក់​ថា ក្រុម​សេះ​បង្កង់ Juventus គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ​នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Real Madrid ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍ខាងមុខនេះ ហើយ​ថា ​វា​មាន​ចំណុច​វិជ្ជ​មាន​ជាច្រើន​ជុំ​វិញ​ក្លិបនេះ​ខ្លាំងជាង​ពេល​ដែល​លោក​​បាន​មក​ចូ​ល​រួម​ជាមួយនឹងក្លិប​នេះ​ជាលើកដំបូងកាល​​ពីឆ្នាំ​២០១៤ទៅទៀត​។ មិនមានក្រុម​ណា​ដែល​រង​បរា​ជ័យ​ច្រើន​ជាង​គេក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រនៃ​យុទ្ធ​នា​ការ​កំពូល​របស់​អឺ​រ៉ុប ដូចក្រុម Juventus ឡើយ​ ​ ប៉ុន្តែប្រសិន​បើ​​អ្វី​ៗ​មានភាព​វិជ្ជមាន​ខ្លាំងដូច​ការលើក​របស់​អ្នក​ចាត់ការ​ទូទៅ​រូបនេះ​ថាមែន នោះ​លោក​​​នឹងអាច​បំពេញការ​​ងារ​យ៉ាងល្អ​​​ឥត​ខ្ចោះក្នុង​ការប្រកួត​វគ្គផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង Cardiff​ មិនខាន។

គ្រូ​បង្វឹក​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «វា​ពិត​ជា​ការប្រកួត​ដ៏សំខាន់មួយ ប៉ុន្តែយើង​ចាំ​បាច់​ត្រូវ​តែ​​ធ្វើ​ឲ្យ​បានល្អ​ដូច​ដែល​យើង​ធ្លាប់បាន​ធ្វើ​នាពេល​កន្លងមក​។ ភាពវិជ្ជ​មាន​បង្កើត​ឲ្យ​មានភាពវិជ្ជមាន អវិជ្ជមាន​​បង្កើត​ឲ្យមាន​អវិជ្ជ​មាន​។ នៅពេល​ដែល​ខ្ញុំ​បាន​​មក​ដល់ក្លិបនេះ ការញៀន​នៃ​ភាព​អវិជ្ជ​មាន​ស្ថិត​នៅ​ជុំ​វិញ​​ក្លិបនេះ​»​។ ដើម្បី​បង្ហាញ​ថា ការលើក​ឡើង​នេះមានភាព​ពិត​ប្រាកដ លោក Allegri បាន​បង្ហាញ​ពី​ប្រវត្តិ​របស់​ក្លិប​នេះក្នុង​ក្រប​ខ័ណ្ឌ European Cup ដែល​កំពុង​តែ​ត្រូវ​បានគេលើកយក​មក​ពិភាក្សាជា​សា​មញ្ញ​។ គ្រូ​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា៖ «Juventus បានលេង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដល់​ទៅ​៨លើក ពួក​គេ​មិន​បាន​រង​បរា​ជ័យ​៦លើក​ក្នុង​ចំណោម៨លើកនោះ​ដូច​ដែលមនុស្ស​ជាច្រើន​បាន​និយាយ​​ឡើយ​។ ការ​​ឈាន​ទៅ​​ដល់វគ្គ​ផ្តាច់ព្រ័ត្រ គឺ​ជា​សមិទ្ធ​ផល​ដ៏សំខាន់ណាស់​​ទៅហើយ​។ វា​មាន​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ តែ​១​គត់​ក្នុង​ពិភព​លោក ហើយ​យើង​កំពុង​ស្ថិតក្នុង​វគ្គ​នោះ​»​។

ក្នុង​ដំណើរ​ឆ្ពោះទៅកាន់វគ្គ​ផ្តាច់ព្រ័ត្រ​នេះ Juventus បាន​ទម្លាក់ក្រុម Barcelona ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ ដោយ​មិន​បណ្តោយ​ឲ្យ​មានគ្រាប់​បាល់​ចូល​ទីរបស់​ខ្លួន​សូម្បី​តែ​មួយ​គ្រាប់ មុននឹង​ពួកគេ​ផ្តួលក្រុម Monaco ក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​។ ដោយឡែក ក្រុម Real Madrid បាន​ទម្លាក់ក្រុម Bayern Munich ក្នុង​វគ្គ​៨ក្រុម​ចុ​ងក្រោយ មុននឹងយក​ឈ្នះលើក្រុម Atletico Madrid ក្នុង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​៕

ប្រភពពី៖ The Guardian

Advertisement