លោក Emery បារម្ភ​ពី​ភាពទន់ខ្សោយ​នៅ​តំបន់​ការពារ​របស់ Arsenal ទោះ​ផ្តួល Fulham

លោក Unai Emery អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​លោក ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Fulham ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​បាន​ទទួលស្គាល់ថា តំបន់​ការពារ​របស់​ពួកគេ​ត្រូវមាន​ការកែសម្រួល​លើ​ចំណុច​ជាច្រើន។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ទាំងនោះ​បាន​ជួយ​ឲ្យ​ក្រុម Arsenal ដណ្តើមបាន​ជ័យជម្នះ​ដ៏​ងាយ​លើ​ក្រុម Fulham ដែល​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​មិន​បានល្អ​ឡើយ​ពេល​លេង​ក្រៅ​ដី ហើយ​ជ័យជម្នះ​នេះ​ពិតជា​សំខាន់​សម្រាប់​ក្រុម​របស់លោក Emery ក្នុងការ​រក្សា​ការជឿជាក់​របស់ខ្លួន ក្រោយពី​បាន​ចាញ់​ក្រុម Liverpool យ៉ាង​ខកចិត្ត​ក្នុង​លទ្ធផល 5-1។ ប៉ុន្តែ លោក Emery បាន​បញ្ជាក់ថា គ្រាប់​បាល់ មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​របស់​ក្រុម​ទាំងមូល​ឡើយ។

កីឡាករ Ryan Sessegnon បាន​ខ្ជះខ្ជាយ​ឱកាស2លើក​យ៉ាង​ល្អ​ក្នុង​ការជួយ​ឱ្យ ក្រុម​ភ្ញៀវ​មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​រយៈពេល 20នាទី​ដំបូង ហើយ​ការរកបាន​គ្រាប់​បាល់​នាំមុខ​មុន នឹង​ផ្តល់​ការលំបាក​ដល់​ក្រុម Arsenal។ ប៉ុន្តែ ផ្ទុយទៅវិញ ការទន់ខ្សោយ​ក្នុង​តំបន់​ការពារ​របស់​ក្រុម Fulham បាន​អនុញ្ញាតឱ្យ​ខ្សែបម្រើ Granit Xhaka រកបាន​គ្រាប់​បាល់ ក្រោយពី​ការបញ្ជូន​បាល់​ពី​សំណាក់​កីឡាករ Alex Iwobi នៅ​នាទី ទី25 ហើយ​ក្រុម Arsenal កម្រ​បាន​ជួប​បញ្ហា​ណាស់ បន្ទាប់ពី​គ្រាប់​បាល់​នោះ។

លោក Emery បាន​ឲ្យ​ដឹងថា៖ «ការ​ប្រជែង​របស់​យើង​នាពេល​បច្ចុប្បន្ន គឺ​ការធ្វើ​ឲ្យ​តំបន់​ការពារ​មាន​ភាពល្អ​ប្រសើរឡើង។ យើង​ពិតជា​រីករាយ​ជាមួយនឹង​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាច្រើន​ដូច​នៅថ្ងៃនេះ​អ៊ីចឹង»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ យើង​ត្រូវការ​តុល្យភាព​បន្ថែមទៀត​នៅ​តំបន់​ការពារ យើង​ត្រូវតែ​ធ្វើការ ត្រៀម​សម្រាប់​ពាក់កណ្តាល​រដូវ​កាល​ចុងក្រោយ ហើយ​យើង​ត្រូវតែ​លេង​ឲ្យ​បានល្អ​ផ្នែក​បច្ចេកទេស»៕

ប្រភពពី៖ Channel News Asia

Advertisement