FA ចោទប្រកាន់​លោក Emery ក្រោយ​ទាត់​ដប​ទឹក​សុទ្ធ​ពេល​ប្រកួត​ជាមួយ Brighton

លោក Unai Emery អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​មិន​សមរម្យ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ក្រោយពី​បាន​ទាត់​ដប​ទឹកបរិសុទ្ធ​ទៅកាន់​អ្នកគាំទ្រ អំឡុងពេល​ក្រុម​ខ្លួន​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយនឹង​ក្រុម Brighton ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ Boxing Day។

អ្នកនាំពាក្យ​ម្នាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «លោក Unai Emery អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal ត្រូវបាន​ចោទប្រកាន់ ក្រោយពី​ការប្រកួត​ជាមួយនឹង​ក្រុម Brighton កាលពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨»។

អ្នកនាំពាក្យ​របស់ FA ដដែល​បាន​បន្ថែមទៀតថា៖ «វា​ត្រូវបាន​គេ​ចោទប្រកាន់ថា សកម្មភាព​ទាត់​ដប​ទឹកបរិសុទ្ធ​របស់លោក អំឡុងពេល​នៃ​ការប្រកួត​នោះ គឺជា​ការប្រព្រឹត្ត​មិន​សម​ម្យ។ លោក​មាន​ពេលវេលា​រហូតដល់​ម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ដើម្បី​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​នេះ»។ លោក Emery សញ្ជាតិ​អេ​ស្ប៉ា​ញ បាន​ដើរទៅ​និយាយ​ទៅកាន់​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​ដែល​នៅក្បែរ​ដប​ទឹក​ដែល​បាន​ធ្លាក់ភ្លាមៗ ក្រោយពី​ហេតុការណ៍​នេះ និង​បាន​ដើរទៅ​និយាយ​ម្តងទៀត​ក្នុងពេល​បញ្ចប់​ការប្រកួត​នា​កីឡដ្ឋាន Amex។

លោក Emery ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​មុនពេល​ការប្រកាស​របស់ FA និង​មុនពេល​ក្រុម Arsenal ធ្វើដំណើរ​ទៅ​ជួប​ក្រុម Liverpool នៅ​ចុង​សប្តាហ៍​នេះ បាន​បញ្ជាក់ថា លោក​បាន​សង្ឃឹមថា ការសុំ​ការ​អភ័យទោស​របស់លោក នឹង​គូស​ខ្សែបន្ទាត់​មួយ​ពីក្រោម​ហេតុការណ៍​នេះ។ គ្រូបង្វឹក​រូបនេះ​បាន​និយាយថា៖ «ខ្ញុំ​បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ពី​ការសុំ​អភ័យទោស​របស់ខ្ញុំ។

ខ្ញុំ​បាន​ទាត់​ដប​ទឹក​ដោយ​ការ​អស់សង្ឃឹម ប៉ុន្តែ មិនមែន​សំដៅ​ទៅលើ​អ្នកគាំទ្រ​ឡើយ។ ខ្ញុំ​បាន​ទាត់​សម្រាប់តែ​ខ្ញុំ ហើយ​វា​បាន​ធ្លាក់​ក្បែរ​អ្នកគាំទ្រ ហើយ​ខ្ញុំ​បាន​សុំ​អភ័យទោស​របស់ខ្ញុំ​ទៅកាន់​ពួកគេ។ វា​គ្មាន​ការសន្ទនា​ណា​ផ្សេង​ឡើយ»៕

ប្រភពពី៖ Channel News Asia

Advertisement