Real Madrid ឈ្នះ​ពាន Club World Cup ជា​លើក​ទី3 ជាប់ៗគ្នា

ក្រុម Real Madrid បានធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន Club World Cup ជា​លើក​ទី3ជាប់ៗគ្នា ខណៈដែល​ខ្សែបម្រើ Luka Modric និង​ខ្សែការពារ Sergio Ramos សុទ្ធសឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដូចគ្នា ក្នុងពេល​ក្រុម​ខ្លួន​ដណ្តើមបាន​ជ័យជម្នះ 4-1 លើ​ក្រុម​ម្ចាស់ផ្ទះ Al Ain ក្នុង​ទីក្រុង Abu Dhabi កាលពី​ថ្ងៃ​សៅរ៍។

ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​មួយ​នេះ បាន​ជួប​ភាព​ត្រដាបត្រដួស​ជា​ញឹកញាប់​នៅ​រដូវ​កាល​នេះ ប៉ុន្តែ បាន​ជួប​បញ្ហា​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​យកឈ្នះ​លើ​ក្រុម Al Ain ដែល​បាន​បង្កើត​ការភ្ញាក់ផ្អើល​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ តាមរយៈ​ការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ 3-០ ពេល​ប្រកួត​ជាមួយនឹង​ក្រុម Team Wellington និង​ការយក​ឈ្នះ​ដ៏​មិន​នឹកស្មាន​ដល់​លើ​ក្រុម River Plate។ ក្រុម​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ បច្ចុប្បន្ន​ឈ្នះ​ពាន Club World Cup ចំនួន 4លើក ដោយ​នាំមុខ 1លើក​ពីលើ​ក្រុម Barcelona ដែល​បាន​លេង​ក្នុង​ក្របខ័ណ្ឌ La Ligaកាលពី​ថ្ងៃ​សៅរ៍។

លោក Santiago Solari គ្រូបង្វឹក​របស់​ក្រុម Real បានឱ្យដឹងថា៖ «កីឡាករ​ទាំងនេះ​ស័ក្តិសម​នឹង​ការទទួលបាន​ពាន​នេះ។ ពួកគេ​មក​ទីនេះ ក្រោយពី​ការខិតខំ​ព្យាយាម​យ៉ាងខ្លាំង និង​ឈ្នះ​ពាន​ជាច្រើន។ នៅថ្ងៃនេះ ពួកគេ​បាន​បន្ថែមទៀត​សមិទ្ធផល​មួយទៀត​ជាមួយនឹង​ការ​ឈ្នះ​ពាន Club World Cup ជា​លើក​ទី3ជាប់ៗគ្នា ដែល​ខ្ញុំ​គិតថា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ក្លិប​នេះ សម្រាប់ Real Madrid និង​សម្រាប់​កីឡាករ​ទាំងនេះ»។

លោក Solari ដែល​ត្រូវបាន​ដោះស្រាយ​នឹង​ពាក្យ​ចចាមអារ៉ាមផ្សេងៗជុំវិញ​អនាគត​របស់លោក ក្រោយពី​អតីត​គ្រូបង្វឹក​នៃ​ក្រុម Real លោក Jose Mourinho រង​ការបណ្តេញចេញ​ដោយ​ក្លិប Manchester United កាលពីដើម​សប្តាហ៍​មុន​នោះ បាន​ប្រើប្រាស់​ក្រុម​មួយ​ដែល​ប្រជុំ​ដោយ​តារាឆ្នើមៗក្នុង​ជម្រើស​ដំបូង ក្នុងនោះ​រាប់បញ្ចូល​ទាំង Modric, Toni Kroos និង Gareth Bale ផងដែរ៕

Advertisement