Alvarezវាយ​ Fielding ឱ្យសន្លប់​ទឹក​ទី​៣ ឈ្នះ​ខ្សែក្រវាត់​ពិភព​លោក

កីឡាករ​ប្រដាល់ Saul “Canelo” Alvarez បាន​បង្ហាញពី​ភាពខ្លាំង​របស់​ខ្លួន​ពេល​ជួប​ជាមួយ​នឹង Rocky Fielding ខណៈ​ដែល​រូប​គេ​បាន​ដ​ណ្តើម​ជ័យ​ជម្នះ​ដោយ​ការ​វាយ​ឱ្យ​គូប្រកួត​ស​ន្លប់​ដោយ​បច្ចេក​ទេស​ក្នុង​ទឹក​ទី​3 កាលពីថ្ងៃ​សៅរ៍ (ត្រូវ​នឹង​ព្រឹក​​ថ្ងៃ​​អាទិត្យនៅ​កម្ពុជា) ដើម្បី​​ឈ្នះ​ខ្សែក្រវាត់ WBA ក្នុង​ទម្ងន់​76.2​គីឡូក្រាម នៅលើ​សង្វៀន Madison Square Garden​។

តារាឆ្នើម​ម៉ិក​ស៊ិក​ វ័យ​ 28​ឆ្នាំ​រូបនេះ ដែល​​ជា​បេក្ខ​ភាព​មាន​​ក្តីស​ង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​​នោះ បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ចាប់​តាំងពី​ដើម​ទឹក តាម​រយៈការ​វាយ​ទៅ​លើ​ដង​ខ្លួន និង​ធ្វើ​ឱ្យកីឡាករ​អង់គ្លេស Fielding ដួល​ទៅលើ​សង្វៀន​សរុប​ចំនួន​ 4លើក​។​

Alvarez ដែល​ធ្វើ​ឱ្យកំណត់ត្រា​ឈ្នះ​របស់​គេកើន​ដល់ 51​លើក ចាញ់​ 1លើក និង​​ស្មើ​ 2លើក​នោះ បាន​បំពេញការ​ទទួល​ជ័យជម្នះ​របស់​គេ​តាម​រយៈការ​​វាយ​​ចំ​គោល​ដៅ​យ៉ាងល្អ​ដើម្បី​ធ្វើ​ឱ្យ Fielding ដួល​លត់​ជង្គង់ ហើយ​លោក​អាជ្ញា​កណ្តាល​បាន​បញ្ចប់​ការ​ប្រកួត​នេះ​តែម្តង​។

បើ​​ទោះ​បី​មាន​​​កម្ពស់​ខ្ពស់​ជាង និង​មាន​ប្រវែង​ដៃ​​វែង​ជាង​ក៏ដោយ Fielding ដែលមានកំណត់ត្រា​ឈ្នះ​២៧​លើក និង​ចាញ់​២លើក បាន​​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ក្នុងនាម​ជាកីឡាករ​​មាន​ក្តី​សង្ឃឹម​ឈ្នះ​តិច​តួច​។

Alvarez ដែលការ​រង​បរា​ជ័យ​ជាលើក​ទី​1 ​របស់​គេ​បាន​​កើត​ឡើង​ក្រោមស្នា​ដៃ​កីឡាករ Floyd Mayweather កាលពីឆ្នាំ​2013​នោះ បាន​បង្ហាញ​​ពីមូលហេតុ​ដែល​រូប​គេ​បានក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភព​លោក​ 3ប្រភេទ​ទម្ងន់​ផ្សេង​គ្នា និង​ធ្វើ​ឱ្យ​ខ្លួន​គេផ្ទាល់​​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​​ដ៏​កក្រើកមួយ​ទៀត​ជា​មួយ​នឹង​ដៃ​គូ​ប្រកួត​ដ៏​ស័ក្តិ​សម​។

Alvarez បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​​មាន​អារម្មណ៍​ថា ពិត​ជា​រឹង​មាំ​។ យើង​ធ្វើ​បាន​យ៉ាង​ល្អ ហើយ​ខ្ញុំ​មានអារម្មណ៍​រីក​រាយ​ណាស់​​»​។ កីឡាករ​រូបនេះ​បានបន្ថែម​ទៀត​ថា៖ «យើង​នឹង​រីក​រាយ​ជាមួយនឹង​ជ័យជម្នះ​នេះ និង​រាល់​អ្វី​ៗ​ដែល​យើង​បាន​ធ្វើ​សម្រេច​​ក្នុង​ឆ្នាំ​2018 ហើយ​បន្ទាប់​មក យើង​នឹង​គិត​ពីអ្វី​ដែល​នឹង​​ត្រូវ​ធ្វើតទៅទៀត​»​៕

ប្រភព​ពី៖ Channel News Asia

Advertisement