លោក Pochettino៖ Spurs អាច​ផ្តល់​ការ​ខកចិត្ត​ដល់ Barcelona បាន

Tottenham Hotspur អាចផ្តួលក្រុម Barcelona នា​កីឡដ្ឋាន Nou Camp នៅ​រាត្រី​នេះ​បាន ដើម្បី​ឈ្នះ​កៅ​អី​មួយ​ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ 16​ក្រុម​ចុងក្រោយ​។ នេះបើយោង​​តាម​​ការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក Mauricio Pochettino​។

Spurs ត្រូវ​តែ​​ធ្វើ​ឱ្យ​បាន​​ស្មើ ឬ​ដណ្តើម​យក​លទ្ធផល​ល្អ​ប្រសើរ​ជាងក្រុម Inter Milan ដែល​ត្រូវ​ប្រកួត​លើ​​ទឹកដីខ្លួន​ឯង​ជាមួយ​នឹងក្រុម PSV Eindhoven ដើម្បី​ទៅ​វគ្គ​ 16​ក្រុម​ចុងក្រោយ ដែល​​ដំបូង​ឡើយ​ហាក់ដូច​​មិន​អាច​ទៅ​រួច​ឡើយ ក្រោយពី​រក​បាន​ត្រឹម​តែ​ 1ពិន្ទុ​គត់​ពីការប្រកួត​បើកឆាក​​ 3លើក​របស់​ពួក​គេ​ក្នុង​ពូល នៅមុន​ពេលដ​ណ្តើម​បាន​ជ័យជម្នះ​​លើ​ទឹក​ដីខ្លួន​ឯង​ជាប់​ៗ​គ្នា​លើ​ក្រុម​ PSV និង Inter​។

លោក Ernesto Valverde គ្រូបង្វឹក​នៃក្រុមបដិ​បក្ខ​របស់​លោក Pochettino បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា លោក​នឹង​ត្រូវ​ផ្លាស់​ប្តូរ​កីឡាករ​ជាច្រើន​នៅក្នុង​ក្រុម Barca ដែល​បាន​ឈ្នះ​​កៅអី​ទៅ​វគ្គ​បន្ត​​រួច​ជាស្រេច​ក្នុ​ង​នាម​ជាក្រុម​ឈរ​លេខ​1ក្នុង​ពូល ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្សង់ទីន​របស់​ក្រុម Tottenham វិញ មិន​ចាត់​ទុកថា រឿង​នោះ​ជា​ចំណុច​មានប្រៀប​ឡើយ​។

លោក Pochettino បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​កាលពីថ្ងៃចន្ទ​ថា៖ «យើង​នឹង​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ប្រកួត​ក្នុង​លក្ខខណ្ឌ​ដ៏ល្អ​បំផុត​ដែល​យើង​អាច​។ ខ្ញុំ​ពិត​ជាមាន​សុទិ​ដ្ឋិនិយម ខ្ញុំ​គិត​ថា យើង​អាច​មក​ទីនេះ ក្នុង​កម្រិត​ដ៏​ខ្លាំង​បំផុត​របស់​យើង ហើយ​យើង​ត្រូវ​តែ​ត្រៀម​ឱ្យ​បាន​រួច​រាល់ និង​គិត​អំពី​ការ​ប្រកួត​ដែល​យើង​នឹង​លេង​ មិនមែន​លើ​អ្វី​ដែល Barca នឹង​ធ្វើ​ឡើយ​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្រុម Barcelona ជាក្រុម​ដ៏អស្ចារ្យមួយ​ជាមួយ​នឹង​កីឡាករ​ 24នាក់ ដែលមាន​គុណ​ភាព​ដ៏អស្ចារ្យ​។ ដើម្បីក្លាយ​ជាក្រុម​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភព​លោក អ្នក​ត្រូវ​ការ​ក្រុមមួយ​ដែល​អាច​បង្ហាញ​ពី​គុណ​ភាព ហើយពួកគេ​​មាន​រាល់​ចំណុច​ខ្លាំង​ទាំង​អស់​នោះ​»​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ 3​ទៀប​ភ្លឺ​៕

Advertisement