កូរ៉េខាងជើង និង​ខាងត្បូង រួម​កម្លាំង​គ្នា​ដើម្បី​យក​ចំបាប់ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់ UN

កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​ពេញលេញ​មួយ​រវាង​កូរ៉េខាងជើង និង​ខាងត្បូង អាច​នៅតែ​ស្ថិតក្នុង​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​ក្នុងការ​ឈានទៅដល់ ប៉ុន្តែ​ប្រទេសជិតខាង​ទាំង2 បាន​បោះជំហាន​ទៅមុខ​លើផ្លូវ​មួយ​ផ្សេងទៀត​ខាង​ផ្នែក​វប្បធម៌​កាលពី​ថ្ងៃ​ចន្ទ នៅពេលដែល​ពួកគេ​បានរួម​កម្លាំង​គ្នា​ដើម្បី​ធ្វើឱ្យ​ប្រពៃណី​ក្បាច់​ចំបាប់​បុរាណ​របស់ខ្លួន​បាន​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (UN)។

កីឡា​ចំបាប់ Ssirum នៅ​កូរ៉េខាងជើង ឬ Ssireum នៅ​កូរ៉េខាងត្បូង មាន​ប្រវត្តិ​តាំងពី 1,800ឆ្នាំមុន ប៉ុន្តែ​កីឡា​នេះ​នៅតែ​ទាក់ទាញ​ទស្សនិកជន​ជាច្រើន​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ ដែលមាន​ការផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍។

កាលពី​ថ្ងៃ​ចន្ទ កីឡា​នេះ​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់ UN ដែល​ត្រូវបាន​គេ​ផ្តល់​ឈ្មោះ​ឱ្យ​ថា «កេរតំណែល​គ្មាន​រូបរាង» ក្រោយពី​ការផ្លាស់ប្តូរ​ផ្នែក​ការទូត​ដោយ​អង្គការ UNESCO អស់​រយៈពេល​ជាច្រើន​ខែ​រវាង​កូរ៉េខាងជើង និង​ខាងត្បូង ខណៈដែល​ដំបូង​ឡើយ​ប្រទេស​ទាំង2 បានដាក់​ការស្នើសុំ​ដាច់ដោយឡែក​ពីគ្នា។

លោក Audrey Azoulay ប្រធាន​អង្គការ UNESCO បានឱ្យដឹងថា៖ «ការស្នើសុំ​ចុះបញ្ជី​រួមគ្នា​នេះ បានបង្ហាញ​ពី​ជំហាន​ដ៏​គួរឱ្យកត់សម្គាល់​មួយ​នៅលើ​ដំណើរ​ផ្លូវ​នៃ​ការរួបរួម​គ្នា​របស់​អន្តរ​កូរ៉េ។ វា​បាន​រំឭក​ឡើងវិញ​នូវ​ការកសាង​សន្តិភាព​នៃ​បេតិកភណ្ឌ​វប្បធម៌»។ មន្ត្រី​ទូត​ផ្នែក​វប្បធម៌ ត្រូវតែ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ភាព​ផ្សេងគ្នា​នៃ​លិខិតស្នាម​ក្នុងការ​បកប្រែ​ឈ្មោះ​របស់​កីឡា​នេះ​ជា​ភាសា​អង់គ្លេស​ផងដែរ៕

ប្រភពពី៖ Channel News Asia

Advertisement