Van Dijk រកបាន​គ្រាប់​បាល់​ជិត​បញ្ចប់​ការប្រកួត​ដើម្បី​ជួយ​ឲ្យ​ហូ​ឡង់ ទៅ​វគ្គ 1/2

ខ្សែការពារ Virgil van Dijk បា​នរក​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី ទី91 ដើម្បី​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ Nations League តាមរយៈ​ការបញ្ចប់​ដោយ​ការ​ឈរលើ​ពីលើ​ក្រុម​ជម្រើសជាតិ​បារាំង ក្រោយពី​ដណ្តើមបាន​លទ្ធផល​ស្មើ 2-2 នៅលើ​ទឹកដី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ កាលពី​ថ្ងៃ​ចន្ទ។

ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បាន​ឈានទៅ​វគ្គ​បន្ត តាមរយៈ​ការ​ឈរ​ពីលើ​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​បារាំង ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ នៅ​រយៈពេល 6នាទីចុងក្រោយ ក្នុង​ទីក្រុង Gelsenkirchen ខណៈដែល​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ បានបង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន ប៉ុន្តែ​មិនមាន​ភាព​មុត​ស្រួច​ក្នុង​តង់​ទី2ឡើយ។

ខ្សែការពារ Van Dijk របស់​ក្លិប Liverpool បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី ដើម្បី​បំពេញ​ការ​វាយបក​យ៉ាង​ល្អ​របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ក្រោយពី​កីឡាករ Quincy Promes រកបាន​គ្រាប់​បាល់​ទី1របស់​ពួកគេ​នៅ​នាទី ទី85 ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​របស់ Timo Werner និង Leroy Sane សម្រាប់​ក្រុម​អាល្លឺម៉ង់ ក្នុង​តង់​ទី1។

លោក Ronald Koeman គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បាន​ទទួលស្គាល់ថា៖ «វា​ពិតជា​លំបាក​ណាស់​សម្រាប់​យើង អាល្លឺម៉ង់ មាន​ភាព​មុត​ស្រួច និង​ល្បឿន​លឿន​ជាង​ក្នុង​តង់​ទី1។ យើង​បាន​វាយបក​វិញ​ក្នុង​តង់​ទី2 និង​បាន​រក្សា​ការ​វាយ​សម្រុក»។ ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​នេះ គ្រប់គ្រាន់​ក្នុង​ការជួយ​ឲ្យ​ហូ​ឡង់​ទៅ​វគ្គ​បន្ត​ក្នុងនាម​ជា​ក្រុម​ឈរ​លេខ1ក្នុង​ពូ​ល ខណៈដែល​បារាំង ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2 ហើយ​អាល្លឺម៉ង់ ត្រូវបាន​កាត់​ទៅកាន់ League B៕

ប្រភពពី៖ Channel News Asia

Advertisement