Ramsey ជួយឲ្យលោក Wenger លើកពាន FA Cup ជាលើកទី៧

ខ្សែបម្រើអន្តរជាតិវេលស៍ Aaron Ramsey បានរកគ្រាប់បាល់ឈ្នះនៅនាទីទី៧៩ ដើម្បីជួយឲ្យក្រុមកាំភ្លើងធំ Arsenal កត់ត្រាជ័យជម្នះដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-១ លើក្រុម Chelsea កាលពីថ្ងៃសៅរ៍ និងបានជួយឲ្យគ្រូបង្វឹកកំពុងស្ថិតក្រោមការរិះគន់លោក Arsene Wenger ឈ្នះពាន FA Cup ជាលើកទី៧។

លោក Wenger បានរងនូវការស្រែកចំអកឲ្យខ្លាំងក្លាពីសំណាក់អ្នកគាំទ្ររបស់ខ្លួន និងបានខកខានក្នុងការឈ្នះកៅអីទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League ជាលើកទី១ក្នុងរយៈពេល២០ឆ្នាំ ប៉ុន្តែ លោកបានបញ្ចប់រដូវកាលនេះ តាមរយៈការឡើងឈរពីលើលោកគ្រូបង្វឹក George Ramsey របស់ Aston Villa ក្នុងនាមជាអ្នកចាត់ការទូទៅជោគជ័យបំផុតក្នុងពាន FA Cup។

គ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Alexis Sanchez សម្រាប់ក្រុម Arsenal ដែលត្រូវបានគេមើលឃើញថា ជាការធ្វើឲ្យបាល់ប៉ះដៃយ៉ាងពិតប្រាកដនោះ ត្រូវបានតាមស្មើដោយខ្សែប្រយុទ្ធ Diego Costa នៅមុនពេល Ramsey រកគ្រាប់បាល់វាយបកភ្លាមៗតាមរយៈការរកគ្រាប់បាល់ឈ្នះជាលើកទី២របស់គេក្នុងពាន FA Cup។ លោក Wenger បានឲ្យដឹងថា៖ «ក្រុមនេះបានជួបការខកចិត្ត តែពួកគេមានសាមគ្គីភាព និងបានឆ្លើយតបយ៉ាងល្អ។ ពួកគេបានបង្ហាញពីភាពខ្លាំង និងសាមគ្គីភាព និងបានលេងយ៉ាងល្អនៅថ្ងៃនេះ។ ខ្ញុំពិតជាមានមោទនភាពក្នុងការឈ្នះពាននេះ៧លើក»៕
ប្រភពពី៖ ESPN

Advertisement