លោក Zidane បញ្ជាក់ថា លោក​ត្រៀម​រួចរាល់​ក្នុង​ការវិល​ទៅរក​អាជីព​គ្រូបង្វឹក​ក្នុងពេលឆាប់ៗនេះ

លោក Zinedine Zidane បាន​បញ្ជាក់ថា លោក​កំពុងតែ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការវិល​ទៅកាន់​អាជីព​គ្រូបង្វឹក​វិញ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយ​សម្រាក​ពី​ការងារ​អស់​រយៈពេល​ប្រមាណ​ជា​ជិត 4ខែ។ អតីត​ខ្សែបម្រើ​អន្តរជាតិ​បារាំង​រូបនេះ បាន​សម្រាក​ពី​ការងារ ចាប់តាំងពី​បាន​លាលែង​ពី​តំណែង​គ្រូបង្វឹក​របស់​ក្លិប Real Madrid កាលពី​ខែឧសភា ក្រោយពី​ដឹកនាំ​ឱ្យ​ក្លិប​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League 3លើកជាប់ៗគ្នា អំឡុងពេល​នៃ​ការ​កាន់តំណែង​រយៈពេល 2ឆ្នាំកន្លះ ក្នុង​ក្លិប​មួយ​នេះ។

លោក Zidane គឺជា​បេក្ខភាព​ឈានមុខ​គេ​ក្នុង​ការចូល​ជំនួស​កន្លែង​របស់លោក Jose Mourinho នៅឯ​ក្លិប Manchester United ប្រសិនបើ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ចាក​ចេញពី​កីឡដ្ឋាន Old Trafford ហើយ​លោក​បាន​បញ្ជាក់ថា លោក​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​វិលត្រឡប់​ទៅវិញ។

លោក Zidane បាន​ប្រាប់​ទូរទស្សន៍​អេ​ស្ប៉ា​ញ RTV កាលពី​ថ្ងៃអាទិត្យ​ថា៖ «ពិតណាស់ ខ្ញុំ​នឹង​វិល​ទៅកាន់​តំណែង​គ្រូបង្វឹក​វិញ​ក្នុងពេលឆាប់ៗនេះ ពីព្រោះ​ខ្ញុំ​ចូលចិត្ត​ការងារ​នេះ ហើយ​កីឡាបាល់ទាត់​គឺជា​អ្វីដែល​ខ្ញុំ​បានធ្វើ​ពេញ 1ជីវិត​របស់ខ្ញុំ»។

លោក Zidane បានចាប់ផ្តើម​អាជីព​គ្រូបង្វឹក​ជាមួយនឹង​ក្លិប Castilla ដែលជា​ក្រុម​កម្រិត B របស់​ក្លិប Castilla កាលពី​ឆ្នាំ2014 មុនពេល​ចូលកាន់​តំណែង​ក្រុម​ធំ នៅ​ខែមករា ឆ្នាំ2016 ក្រោយពី​លោក Rafael Benitez ត្រូវបាន​បណ្តេញចេញ៕

ប្រភពពី៖ BBC

Advertisement