Isco ស្វាគមន៍​ការហាម​មិនឱ្យ​ប្រើ​ទូរស័ព្ទ​របស់លោក Luis Enrique ក្នុង​ក្រុម​អេ​ស្ប៉ា​ញ

ខ្សែបម្រើ​អន្តរជាតិ​អេ​ស្ប៉ា​ញ Isco បាន​បញ្ជាក់ថា រូបគេ​ស្វាគមន៍​បម្រាម​របស់លោក​គ្រូបង្វឹក Luis Enrique លើ​ការប្រើ​ទូរស័ព្ទដៃ អំឡុងពេល​នៃ​ការ​ញ៉ាំ​អាហារ​របស់​ក្រុម និង​បាន​គាំទ្រ​គំនិត​ផ្នែក​កីឡាបាល់ទាត់​របស់​គ្រូបង្វឹក​ថ្មី​រូបនេះ និង​ការធ្វើ​លំ​ហាត់ប្រាណ​របស់​ក្រុម។

Isco បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «វា​តែងតែ​ជា​រឿង​ដ៏​ល្អ​ក្នុងការ​មាន​វិន័យ​បន្តិច ការ​មិនមាន​ទូរស័ព្ទ​នៅឯ​កន្លែង​ញ៉ាំ​អាហារ គឺជា​គំនិត​ដ៏​ល្អ​មួយ​ចំពោះ​ខ្ញុំ ដោយសារតែ​នៅ​សម័យនេះ យើង​ធ្វើការ​ផ្តោតអារម្មណ៍ជារឿយៗទៅលើ​ការនិយាយ​ទូរស័ព្ទ ជាង​ការនិយាយ​ជាមួយ​មិត្ត​រួម​ក្រុម​របស់​យើង»។

ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ នឹងត្រូវ​ធ្វើការ​ប្រកួត​ជា​លើក​ទី1 របស់​ពួកគេ​ក្រោម​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក​របស់​ក្លិប Barcelona រូបនេះ នៅ​ថ្ងៃ​សៅរ៍ នៅលើ​ទឹកដី​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្នុងការ​ប្រកួត​បើកឆាក​នៃ​យុទ្ធនាការ UEFA Nations League នៅ​មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី នៅ​ថ្ងៃ​អង្គារ។

ការប្រកួត​ចុងក្រោយ​របស់​ពួកគេ​គឺ​ការធ្លាក់​ចេញ​ដ៏​មិន​នឹកស្មាន​ដល់​ពី​យុទ្ធនាការ World Cup ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​រុស្ស៊ី ដោយសារតែ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្រោយពី​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ 1-1 ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ។

អ្នកគាំទ្រ និង​អ្នក​អធិប្បាយ​ជាច្រើន មានការ​សង្ស័យ​ទៅលើ​ការតែងតាំង​លោក Luis Enrique ដើម្បី​ជំនួស​កន្លែង​របស់លោក JulenLopetegui ដោយសារតែ​ការ​មាន​ទំនាក់ទំនង​មិនសូវ​ល្អ​របស់លោក​ជាមួយនឹង​បណ្តាញសារព័ត៌មាន និង​ការ​ប្រេះស្រាំ​ផ្នែក​ទំនាក់ទំនង​ជាមួយនឹង​ក្លិប Real Madrid កាលពី​ពេលមុន។ ទោះបីជា​យ៉ាងណា ខ្សែបម្រើ Isco របស់ Real Madrid បាន​បញ្ជាក់ថា ក្រុម​អេ​ស្ប៉ា​ញ បាន​សម្រប​ខ្លួន​ទៅនឹង​វិធីសាស្ត្រ​ហ្វឹកហាត់​របស់​គ្រូបង្វឹក​រូបនេះ ក៏ដូចជា​គំនិត​ដ៏​ចម្លែក​នៅក្រៅ​ដី​ទីលាន​របស់លោក​ដែរ៕

ប្រភពពី៖ Channel News Asia

Advertisement