Modric ថា រូបគេ​រីករាយ​ក្នុងការ​បន្ត​នៅ Real ក្រោយ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ

ក្រោយពី​ឈ្នះ​ពានរង្វាន់​ខ្សែបម្រើ​ដ៏​ឆ្នើម​បំផុត និង​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ UEFA កីឡាករ Luka Modric បានបញ្ជាក់​ម្តងទៀត​ពី​កម្រិត​នៃ​ការរីករាយ​របស់គេ​ក្នុងការ​ស្ថិតនៅ​ជាមួយ​ក្លិប Real Madrid

ក្រោយពី​ទទួលបាន​ពានរង្វាន់​កិត្តិយស​ទាំង2 របស់គេភ្លាមៗ Modric បាន​ព្យាយាម​លុបចោល​នូវ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​នានា ទាក់ទង​នឹង​ការផ្ទេរ​របស់គេ​ទៅកាន់​ក្លិប Inter

Modric បានឱ្យដឹងថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ស្ថិតនៅក្នុង​ក្លិប Real Madrid ហើយ​ខ្ញុំ​ចង់​បន្ត​ជាមួយនឹង​ក្លិប​នេះ សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត» រូបគេ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ដ៏​ល្អ​បំផុត​របស់គេ ក្នុង​អាជីព​ដ៏​គួរឱ្យ​ចងចាំ​មួយ​ក្នុងនាម​ជា​កីឡាករ​ម្នាក់។

កីឡាករ​វ័យ32ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​ប្រកាសថា ជា​អ្នកឈ្នះ​ពានរង្វាន់​នេះ ក្រោយពី​ការចាប់​ឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល នៅ​រដូវ​កាល​នេះ បាន​បន្ថែមទៀតថា៖ «ខ្ញុំ​អាច​និយាយបានថា នេះ​គឺជា​ឆ្នាំ​ដ៏​ល្អ​បំផុត​នៃ​អាជីព​របស់ខ្ញុំ ទាំង​ជាមួយ​ខ្ញុំ និង​ឯកជន ហើយ​ខ្ញុំ​ពិតជា​រីករាយ​នឹង​ពេលវេលា​ណាស់»។

Modric ដែល​បាន​ក្លាយជា​តារា​ឆ្នើម​ក្នុងពេល​ក្រុម Real បានឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ជា​លើក​ទី3ជាប់ៗគ្នា នៅមុន​ពេល​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ World Cup នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ទទួលពាន​ដ៏​អស្ចារ្យ​មួយ​នេះ។ ខ្ញុំ​បាន​ខិតខំ​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ពាន​នេះ និង​ដើម្បី​ឈានទៅ​កាន់​ចំណុច​ខ្ពស់បំផុត​តាម​ដែល​អាច»៕

ប្រភពពី៖ Sky sports

Advertisement