ប្រភពព័ត៌មាន៖ អត្ត​ព​លិ​ក​ហែល​ទឹក​ចិន លួច​វាយ​អត្ត​ព​លិ​ក​កូរ៉េ​ក្នុង Asian Games

អត្ត​ព​លិ​ក​ហែល​ទឹក​ម្នាក់​របស់​កូរ៉េខាងត្បូង​បាន​រង​ការ​លួច​វាយ​ពី​សំណាក់​អត្ត​ព​លិ​ក​ម្នាក់​របស់​ចិន ក្រោយពី​មាន​ជម្លោះ​មួយ​ក្នុង​ព្រឹត្តិការណ៍ Asian Games។ នេះ​បើ​យោងតាម​ភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​ក្រោយពី​កីឡាការិនី​កូរ៉េខាងត្បូង​ម្នាក់​ឈ្មោះ Kim បាន​គ្រវាសដៃ​ទៅ​ចំ​ផ្ទៃមុខ​របស់​អត្ត​ព​លិ​ក​ចិន​ដោយ​ចៃដន្យ ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅឯ​មជ្ឈមណ្ឌល​ហែល​ទឹក Aquatic Center ក្នុង​ទីក្រុង​ហ្សា​ការ​តា។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Yonhap ដែល​បាន​បង្ហើប​ឱ្យដឹង​ដោយ​គណៈកម្មាធិការ​អូឡាំពិក និង​កីឡា​របស់​កូរ៉េខាងត្បូង (KSOC)។ ត​មក​អត្ត​ព​លិ​ក​ចិន​ដែល​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​បាន​ទាត់​ទៅលើ Kim ហើយ​អ្នក​ទាំង2 ត្រូវបាន​ចាប់​បំបែក​ដោយ​អត្ត​ព​លិ​ក​ផ្សេងទៀត និង​គ្រូបង្វឹក។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល។

មន្ត្រី​ម្នាក់​របស់ KSOC ត្រូវបាន​គេ​ដកស្រង់​សម្តី​ក្នុងពេល​និយាយថា៖ «អត្ត​លិ​ក​ហែល​ទឹក​ទាំង2 បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​វាយតប់​មួយ ក្រោយពី​ពួកគេ​បាន​ប៉ះទង្គិច​គ្នា​ដោយ​ចៃដន្យ។ Kim បានធ្វើ​ការសុំ​អភ័យទោស​មុន ប៉ុន្តែ​អត្ត​ព​លិ​ក​របស់​ចិន​មិនបាន​យល់​ពីអ្វី​ដែល​នាង​បាន​និយាយ​ឡើយ និង​បាន​វាយ​ទៅលើ​រូបនាង​តែម្តង»។ បុគ្គលិក​កីឡា​របស់​ចិន បាន​សុំ​អភ័យទោស​ចំពោះ​មន្ត្រី​កីឡា​កូរ៉េខាងត្បូង សម្រាប់​ឧប្បត្តិ​ហេតុនេះ​នៅ​កន្លែងកើតហេតុ​តែម្តង ហើយ​ក្រោយមក​ក៏បាន​សុំទោស​ម្តងទៀត​ក្នុងភូមិ​អ្នកកីឡា​របស់​អត្ត​ព​លិ​ក។ នេះ​បើ​យោងទៅតាម KSOC។

ក្រោយមក អ្នកនាំពាក្យ​ម្នាក់​របស់ KSOC បាន​និយាយ​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ។ អ្នកនាំពាក្យ​រូបនោះ​បានឱ្យដឹងថា៖ «វា​ជា​ករណី​ដែល​បាន​កើតឡើងជារឿយៗរវាង​អត្ត​ព​លិ​ក​ហែល​ទឹក អំឡុងពេល​ហ្វឹកហាត់ ហើយ​គ្រូបង្វឹក​អត្ត​ព​លិ​ក​ចិន​រូបនោះ ក៏បាន​ធ្វើ​ការសុំ​អភ័យទោស​រួចរាល់​ហើយ​ដែរ»៕

ប្រភពពី៖ Channel News Asia

Advertisement